ជាតិ
នយោបាយជាតិ
មេដឹកនាំកម្ពុជា ជំរុញឲ្យអាស៊ាន-ចិន ពង្រឹងកិច្ចសហការឲ្យកាន់តែល្អ មេដឹកនាំអាស៊ានទាំង១០ ថតជាមួយលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ក្នុងកិច្ចប្រជុំអាស៊ាន-ចិនលើកទី២១ នៅសិង្ហបុរី
× ចិន គឺជាដៃគូយុទ្ធសាស្ត្រមួយមិនអាចខ្វះបានរបស់អាស៊ាន ទោះស្ថិតនៅក្នុងកាលៈទេសៈ និងបរិការណ៍ណាក៏ដោយ ហើយសង្ឃឹមថាទំនាក់ទំនងនេះនឹងកាន់តែស្ថិតស្ថិរជ្រាលជ្រៅក្នុងស្មារតីតម្កល់ផលប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២១ នៅសិង្ហបុរី។
ប្រធានបទ «ការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងទិសដៅអនាគត» ត្រូវបានលើកយកទៅពិភាក្សារក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដោយមានការចូលរួមពីប្រមុខរដ្ឋអាស៊ាន និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។
នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជាគាំទ្រសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ឆ្នាំ២០៣០ និងសេចក្តីប្រកាសរួមស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត។ កម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងចិនដើម្បីអនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវចក្ខុវិស័យយន្តការ និងទិសដៅខាងលើ សំដៅរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែរីកចម្រើន។
មេដឹកនាំកម្ពុជា ថ្លែងបែបនេះថា៖«កម្ពុជា ស្វាគមន៍ការកំណត់យកឆ្នាំ២០១៩ ជាឆ្នាំផ្លាស់ប្តូរសារព័ត៌មានអាស៊ាន-ចិន ដោយសង្ឃឹមថាសមាជិកអាស៊ាន និងចិន នឹងផ្តល់អាទិភាពខ្ពស់ក្នុងការអនុវត្តនូវសកម្មភាព និងគម្រោងនានាពាក់ព័ន្ធនឹងវិស័យព័ត៌មាន សំដៅជំរុញការយល់ដឹងអំពីទំនាក់ទំនងអាស៊ាន-ចិន លើគ្រប់វិស័យ ជាពិសេសរួមចំណែកដល់ការកសាងជំនឿ និងទំនុកចិត្តដើម្បីជាស្ពានមិត្តភាពរវាងប្រជាជននិងប្រជាជន»។
ប្រមុខរដ្ឋាភិបាលកម្ពុជាបន្តទៀតថា៖«កម្ពុជាវាយតម្លៃខ្ពស់ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ចិន ពាក់ព័ន្ធនឹងវិស័យតភ្ជាប់ និងការបន្តការគាំទ្ររបស់ចិនក្នុងការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរិះរកភាពរួមបញ្ចូលគ្នា និងការបំពេញឲ្យគ្នាទៅវិញទៅមករវាងគំនិតផ្តួចផ្តើមនៃផែនការមេស្តីពីការតភ្ជាប់អាស៊ាន និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន»។
កម្ពុជា គាំទ្រការបន្តពង្រឹង និងពង្រីកវិសាលភាព កិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ រវាងអាស៊ាននិងចិនឲ្យកាន់តែខ្លាំងឡើងមួយកម្រិតទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់យើងប្រកបដោយចីរភាព និងបរិយាប័ន្ន។
មេដឹកនាំអាស៊ានបានវាយតម្លៃខ្ពស់ប្រកបដោយសេចក្តីសោមនស្សរីរាយចំពោះសមិទ្ធផលផ្លែផ្កាជាច្រើន ដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដែលបាននឹងកំពុងចូលរួមចំណែកក្នុងបុព្វហេតុស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ចំណងការទូត និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕
Tag:
អាស៊ាន-ចិន
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com