អន្តរជាតិ
នៅមុខ​មេដឹកនាំ​អាស៊ាន ម៉ៃ ផេ​ន ព្រមាន​ពី​ការ​«​កសាង​ចក្រភព និង​ការឈ្លានពាន​»​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​
15, Nov 2018 , 3:57 pm        
រូបភាព
ដោយ: ថ្មីៗ
​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន អះអាងថា «​ការកសាង​ចក្រភព និង​ប្រើប្រាស់​អំណាច​ឈ្លានពាន​គេឯង​» ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មិនត្រូវ​កើតឡើង​ជាដាច់ខាត​។ មេដឹកនាំ​រូប​អាមេរិក​បន្ថែមថា នេះ​ជា​មូល​ហេតុដែល​អាមេរិក​បន្ត​ជំរុញ​ការគាំទ្រ​គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​ធានាថា រាល់​ប្រទេស​ទាំងអស់​ទោះ​តូច​ឬ​ធំ​ត្រូវគោរព​អធិបតេយ្យ​គ្នា​ទៅវិញទៅមក និង​ច្បាប់​អន្តរជាតិ​ផងដែរ​។


 
​នា​វេទិកា​កិច្ចប្រជុំ​អាស៊ាន​-​អាមេរិក​លើក​ទី​ប្រាំមួយ​នៅ​សិង្ហ​បុរី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៥ ខែវិច្ឆិកា​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន ដែល​តំណាង​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ  បាន​រិះគន់​ចិន​ដោយ​ប្រយោល​នៅ​ចំពោះមុខ​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល​អាស៊ាន​ជុំវិញ​ការបន្ត​ប្រើប្រាស់​អំណាច​កំញើញ​ប្រទេស​ដទៃ​។   
 
​មិន​និយាយ​ឈ្មោះ​ចិន​ចំៗ លោក ផេ​ន បាន​និយាយថា តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មិនអាច​មាន​មហាអំណាច​ណាមួយ​កសាង​ចក្រភព​សម្រាប់​ខ្លួនឯង និង​ឈា្ល​ន​ពាន​ប្រទេស​ដទៃ​ឡើយ​។ លោក​បន្ថែមទៀតថា ទស្សនវិស័យ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​អាមេរិក​គាំទ្រ​នោះ​មិនមាន​គោលដៅ​ហ៊ុមព័ទ្ធ ឬ​ហាមឃាត់​ប្រទេស​ណាមួយ​មិន​ឲ្យ​ចូលរួម​ឡើយ​។ អ្វីដែល​សំខាន់​ទស្សន​វិស័យនេះ​ទាមទារ​ឲ្យ​ប្រទេស​ទាំងអស់​គោរព​ប្រទេសជិតខាង និង​ច្បាប់ និង​សណ្តាប់ធ្នាប់​អន្តរជាតិ​ប៉ុណ្ណោះ​។ 
 
​លោក ផេ​ន និយាយ​ដូច្នេះ​៖«​យើងទាំងអស់គ្នា​ឯកភាព​ថា ការ​សាង​ចក្រភព និង​ការឈ្លានពាន​មិនអាច​ស្ថិតនៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ឡើយ​។ ដូច​អ្នក​ទាំងអស់គ្នា​ដែរ យើង​ចង់​ឲ្យ​មានការ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​រាល់​ប្រជាជាតិ​ទាំងអស់​ទោះ​តូច​ឬ​ធំក្តី​អាច​រក្សា​អធិបតេយ្យ​របស់ខ្លួន និង​ជឿជាក់​លើ​តម្លៃ​រៀងខ្លួន និង​អាច​រីកចម្រើន​ទាំងអស់​»​។  
 
​ក្រៅពី​ព្រមាន​ពី​ការកសាង​ចក្រភព និង​ការប្រើប្រាស់​អំណាច​គំរាមកំហែង​ប្រទេស​ដទៃ​ដែល​ទំនងជា​សំដៅលើ​ចិន លោក ម៉ៃ ផន ក៏បាន​ឆ្លៀត​បញ្ជាក់ប្រាប់​មេដឹកនាំ​អាស៊ាន​ដែរ​ថា ការសម្រេច​របស់លោក ត្រាំ ដោយ​មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ី​-​អាមេរិក និង​អាស៊ី​បូព៌ា​នៅពេលនេះ​មិនមែនជា​ការព្រងើយកន្តើយ​ចំពោះ​តំបន់​នោះឡើយ​។ 
 
​តាមពិតទៅ លោក ផេ​ន និយាយ​បែបនេះ ត្រឹម​មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល​ដែលមាន​របាយការណ៍​មួយ​របស់​អាមេរិក​បង្ហា​ញ​ថា កងទ័ព​ចិន​អាច​នឹង​ប្រៀបបាន​នឹង​កងទ័ព​អាមេរិក​ត្រឹម​ឆ្នាំ ២០៥០ ខាងមុខ​។  
 
​ចិន​បាន​បន្តធ្វើ​ទំនើបកម្ម​កងទ័ព និង​បច្ចេកវិទ្យា​យោធា​ជាពិសេស​សន្តិសុខ​អវកាស​របស់ខ្លួន​ឥតឈប់ឈរ​រាប់​ពី​ពេលដែល​លោក ស៊ី ជិន​ភីង ឡើងកាន់​អំណាច​នៅ​ឆ្នាំ ២០១២​។ មកដល់​បច្ចុប្បន្ន ទំហំ​ថវិកា​យោធា​របស់​ចិន​កើនឡើង​ដល់ ១៧៥ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​កើនឡើង​រហូតដល់ ១៨ ភាគរយ​ឯណោះ​បើ​ធៀប​នឹង​ឆ្នាំ ២០១៧ ខណៈដែល​ទំហំ​ថវិកា​យោធា​អាមេរិក​ប្រឈម​នឹង​ការថយចុះ​។ អាមេរិក​មិន​សប្បាយ​ចិត្តនឹង​ការបន្ត​កើនឡើង​ឥទ្ធិពល​របស់​ចិន​ឆាប់រហ័ស​បែបនេះ​ទេ​។   
 
​ក្នុង​កិច្ចប្រជុំ​ដដែល​នោះ លោក លី សៀន​ឡុង ដែល​ប្រធាន​អាស៊ាន​បានធ្វើ​បទ​អន្តរាគមន៍​ដោយ​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាពជា​ដៃគូ​រវាង​អាស៊ាន និង​អាមេរិក ក៏ដូចជា​រវាង​អាស៊ាន​ជាមួយ​ចិន​ដែរ​។ លោក​សង្កត់ធ្ងន់ថា អាស៊ាន​ចង់​សហការ​ជាមួយ​មហាអំណាច​ទាំងពីរ ហើយ​ទំនាក់ទំនង​ល្អ​រវាង​ចិន និង​អាមេរិក​មាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​អាស៊ាន​ដែរ​។ ទំនាក់ទំនង​អាក្រក់​នឹងធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​អាស៊ាន​ចៀស​មិន​រួច​ឡើយ​។ 
 
«​រដ្ឋ​អាស៊ាន​ចង់​មាន​ទំនាក់ទំនង​ល្អជា​មួយ​អាមេរិក និង​ចិន ហើយ​និង​ពង្រីក​ផលប្រយោជន៍​និង​កិច្ចសហប្រតិបត្តិការ​រួម​។ ដូច្នេះ​យើង​សង្ឃឹមថា ទំនាក់ទំនង​អាមេរិក និង​ចិន​នៅមាន​ស្ថិត​ភាព និង​សង្ឃឹម​ដែរ​ថា ភាគី​នឹង​បន្ត​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​។ អាស៊ាន​យើង​ក៏​បើកចំហ​ក្នុងការ​ទទួលយក​រាល់​សំណើរ​ពី​ដៃគូ​ខាងក្រៅ​ក្នុងការ​ពង្រឹង​យន្តការ​អាស៊ាន​ដែលមាន​ផងដែរ​»៕
 

Tag:
 ​ម៉ៃ ផេ​ន​
  អាមេរិក​
  អាស៊ាន​
  ចិន​
  សិង្ហ​បុរី
© រក្សាសិទ្ធិដោយ thmeythmey.com