អន្តរជាតិ
ទីប្រឹក្សា​លោក ត្រាំ ម្នាក់​អស់តំណែង ក្រោយ​ទាស់គ្នាជាមួយ​ស្ត្រី​ទីមួយ​អាមេរិក​
15, Nov 2018 , 8:39 pm        
រូបភាព
ស្រ្តីទីមួយអាមេរិក MelaniaTrump និងលោកស្រី MiraRicardel
ស្រ្តីទីមួយអាមេរិក MelaniaTrump និងលោកស្រី MiraRicardel
​លោកស្រី Mira Ricardel ទីប្រឹក្សា​រង​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ត្រូវបាន​បង្ខំ​ឲ្យ​ចាក​ចេញពី​តំណែង​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា បន្ទាប់ពី​មិនត្រូវ​គ្នា​ជាមួយ​ស្ត្រី​ទីមួយ​លោកស្រី Melania Trump ។ ការចាកចេញ​របស់លោក​ស្រី Ricardel ក៏​អាច​ស្ថិតក្នុង​ដំណាក់កាល​រុះរើ​សមាសភាព​រដ្ឋាភិបាល​ក្រោយ​ការបោះឆ្នោត​ពាក់កណ្ដាល​អាណ​ត្តិ​។

 
​ទំនាស់​ជាមួយ​ស្ត្រី​ទីមួយ Melania Trump បានធ្វើ​ឲ្យ​លោកស្រី Mira Racardel អស់តំណែង​ទីប្រឹក្សា​រង​សន្តិសុខ​ជាតិ​។ លោកស្រី Mira នឹង​ទៅកាន់​តំណែង​ថ្មី​ក្នុង​សមាសភាព​រដ្ឋាភិបាល​ថ្មី ដែល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចាប់ផ្ដើម​រុះរើ​បណ្ដើៗ​ហើយ​នោះ​។ នេះ​បើតាម​សេចក្ដីប្រកាស​របស់​អ្នកនាំពាក្យ​សេត​វិមាន Sarah Sanders នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ប៉ុន្តែ​លោកស្រី​មិនបាន​បញ្ជាក់​ទេ​ថា លោកស្រី Mira នឹងមាន​តួនាទី​អ្វី​ឡើយ​។ 
 
​លោកស្រី Mira ដែលជា​អតីតមន្ត្រី​នៅ​ក្រសួងពាណិជ្ជកម្ម ត្រូវបាន​លោក ច​ន ប៊ូល​តុ​ន ជ្រើសរើស​ឲ្យ​កាន់តំណែង​ជា​អនុ​របស់លោក​នៅឯ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​។ យ៉ាងណាមិញ អនាគត​របស់​លោកស្រី បែរជា​ក្រឡាប់​ផ្កាប់ផ្ងារ​ទៅវិញ ព្រោះ​ទាស់ទែង​ជាមួយ​លោកស្រី Trump អំឡុងពេល​ទស្សនកិច្ច​នៅ​ទ្វីបអាហ្វ្រិក និង​ការប្រើ​លុយ​រដ្ឋ​លើ​ការចំណាយ​ផ្ទាល់ខ្លួន​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោកស្រី Trump និយាយ​ដោយ​ត្រង់​ថា លោកស្រី Mira មិន​សម​បម្រើ​ការងារ​ឲ្យ​ប្ដី​លោកស្រី​ឡើយ​។​
 
​លោក ប៊ូល​តុ​ន ជា​មេ​កើយ​របស់​លោកស្រី Mira ក៏​ត្រូវបាន​រាយការណ៍​ថា បានធ្វើ​អន្តរាគមន៍​ពីក្រោយ​ឆាក​លើ​ករណី​នេះដែរ ប៉ុន្តែ​នៅតែ​មិនអាច​ទប់ស្កាត់​ការចាកចេញ​របស់លោក​ស្រី Mira បាន​។ លោក​ទំនងជា​មិន​បន្ទន់ចិត្ត​លោក ត្រាំ បានទេ​មើលទៅ​។​
 
​តាមពិតទៅ ការ​អស់តំណែង​របស់លោក​ស្រី Mira អាចជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្ដូរ​សមាសភាព​របស់លោក ត្រាំ ក្រោយ​បក្ស​សាធារណរដ្ឋ​បាត់បង់​សំឡេងគាំទ្រ​ក្នុងការ​បោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​ថ្ងៃទី​៦ ខែវិច្ឆិកា​។ ក្រោយ​ចេញ​លទ្ធផល​ភ្លាមៗ លោក ត្រាំ បញ្ចប់​តំណែង​រដ្ឋមន្ត្រី​យុត្តិធម៌ Jeff Sessions ភ្លាម​ដែរ​។ កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា លោក ត្រាំ ត្រូវបាន​ដកស្រង់​សម្ដី​ដោយ​វេ​សាយ The Daily Caller ថា ការរុះរើ​ទ្រង់ទ្រាយ​ធំ​នឹង​ជិត​មាន​ហើយ​។​
 
​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ផ្សាយ​ថា មន្ត្រីជាន់ខ្ពស់​ពីរ​នាក់​ទៀត​នៃ​រដ្ឋបាល​លោក ត្រាំ នឹងត្រូវ​អស់តំណែង គឺ​រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ Kirstjen Nielsen និង​ប្រធាន​បុគ្គលិក​សេត​វិមាន John Kelly ។ លោក Kelly ត្រូវបានតែងតាំង​ឲ្យ​កាន់តំណែង​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​សេត​វិមាន ខណៈ​ក៏មាន​សេចក្ដីរាយការណ៍​ដែរ​ថា លោក​ក៏​មិនត្រូវ​គ្នា​ជាមួយ​លោកស្រី Trump ដែរ​។ លោក Nick Ayers ជា​ប្រធាន​បុគ្គលិក​របស់​អនុ​ប្រធានាធិបតី​អាមេរិក អាច​កាន់តំណែង​ជំនួស​លោក Kelly ។ 
 
​ចំណែកឯ​ករណី​លោកស្រី Nielsen វិញ ប្រធានាធិបតី​អាមេរិក​អះអាងថា លោក​នឹង​ស​ម្រេ​ចិត្ត​នៅពេល​ឆាប់ៗ​នេះ​។ ជា​រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ លោកស្រី Nielsen ដែលជា​មនុស្ស​ស្និទ្ធ​លោក Kelly ទទួលបន្ទុក​ការងារ​រសើប​ក្នុងការ​បង្ក្រាប​អន្តោប្រវេសន៍​ខុសច្បាប់​។ លោក ប៊ូល​តុ​ន ជា​អ្នក​រិះគន់​លោកស្រី Nielsen ដ៏​ខ្លាំងក្លា​ម្នាក់​រហូត​ទាស់សម្ដី​ជាមួយ​លោក Kelly ជុំវិញ​ការបំពេញ​ការងារ​នៅ​ក្រសួង​សន្តិសុខ​មាតុភូមិ​ផង​៕ 
 

Tag:
 ​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  Melania Trump
© រក្សាសិទ្ធិដោយ thmeythmey.com