កីឡាអន្តរជាតិ
អន្តរជាតិ
PSG ប្រឈម​ការដាក់ពិន័យ​មិន​ឲ្យ​លេង UCL និង​ទិញ​កីឡាករ​ថ្មី​ចូល
15, Nov 2018 , 9:59 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) បាន​និយាយ​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ថា​ការពិនិត្យ​បន្ថែម​លើ​ក្លិប​យក្ស​បារាំង Paris Saint-Germain ជុំវិញ​ការចោទប្រកាន់​ក្លែងបន្លំ​ឯកសារ​លើ​ការចំណាយ​ដែល​ល្មើស​នឹង​ច្បាប់ Financial Fair Play (FFP) នឹងត្រូវ​រង់ចាំ​ការសម្រេច​ពី​តុលាការ​អាជ្ញាកណ្តាល​កីឡា​ជាមុនសិន​។​


 
​កាសែត​បារាំង Daily L'Equipe ថា UEFA កំពុង​ពិចារណា​លើ​ការបញ្ជា​ឲ្យ​ក្លិប PSG កែប្រែ​គណនី​ប្រាក់​ចំណាយ​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ​ដើម្បី​ឲ្យ​មាន​ភាពសមស្រប​ទៅនឹង​តម្លៃ​នៃ​កិច្ចសន្យា​ឧបត្ថម្ភ​របស់ខ្លួន​ជាមួយ​អាជ្ញាធរ​ទេសចរណ៍​កាតា (QTA)​។​
 
​ក្លិប​ដែល​គ្រប់គ្រង​ដោយ​សេដ្ឋី​កាតា​មួយ​នេះ​បានប្រកាសថា​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ឧបត្ថម្ភ​មានតម្លៃ ១០០ លាន​អឺរ៉ូ (១១៣​លាន​ដុល្លារ​អាមេរិក​) នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ពោលគឺ​ក្នុង​រដូវ​កាល ២០១៣-២០១៤ និង ២០១៤-២០១៥​។​
 
​ប៉ុន្តែ​កាសែត L'Equipe ដដែល​អះអាងថា​អង្គភាព​ត្រួតពិនិត្យ​ការចំណាយ​របស់ UEFA បង្ហាញ​ពី​ចំនួន​ទឹកប្រាក់​របស់​ក្លិប​យក្ស​បារាំង​នេះ​ឃើញតែ​ប្រមាណ ៥៨ លាន​អឺរ៉ូ (៦៥​លាន​ដុល្លារ​អាមេរិក​) ប៉ុណ្ណោះ​។​
 
​ដូច្នេះ​ផលប៉ះពាល់​នៃ​ការផ្លាស់ប្តូរ​ទិន្នន័យ​ខាងលើនេះ​អាច​នឹងធ្វើ​ឲ្យ​ម្ចាស់​ជើងឯក Ligue 1 បារាំង​ធ្លាក់ចុះ​យ៉ាងខ្លាំង​ទៅក្នុង​ការចំណាយ​លើស​កំណត់ ដែល​មានន័យថា​ពួកគេ​អាច​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​ហិរញ្ញវត្ថុ FFP ដែល​បង្កើតឡើង​ដោយ UEFA នោះ​។​
 
​ប្រសិនបើ PSG ត្រូវបាន​ដាក់ទណ្ឌកម្ម​ចំពោះ​ការរំលោភបំពាន​លើ​ការចំណាយ​ទិញ​កីឡាករ​ហួសកំណត់​ល្មើស​នឹង​ច្បាប់ FFP មែន​នោះ ពួកគេ​អាច​នឹង​ប្រឈមមុខ​នឹង​ការហាមឃាត់​ពី​ការប្រកួត​ក្របខណ្ឌ Champions League និង​ការប្រកួត​ពាន​នៅ​តំបន់​អឺរ៉ុប​ផ្សេងៗ​ទៀត ក៏ដូចជា​ហាម​មិន​ឲ្យ​ទិញ​កីឡាករ​ចូល​ជាដើម​។​
 
PSG ដែល​ចំណាយ​ប្រាក់​ច្រើន​កប់​ពពក​រហូត​៤០០​លាន​អឺរ៉ូ (៤៥៣​លាន​ដុល្លារ​អាមេរិក​) លើ​កីឡាករ​ពីររូប​រួមមាន Kylian Mbappe និង Neymar បាន​ប្រតិកម្ម និង​ប្តឹង​ទៅកាន់​តុលាការ​អាជ្ញាកណ្តាល​កីឡា CAS ផងដែរ​។ ដូច្នេះ​លទ្ធផល​បែបណា នឹងត្រូវ​រង់ចាំ​ការសម្រេច​ពី CAS លើ​ការប្តឹង​ឧទ្ធរណ៍​របស់ PSG៕
 
 

Tag:
 បាល់ទាត់​
  Financial Fair Play
  Paris Saint-Germain
© រក្សាសិទ្ធិដោយ thmeythmey.com