ជាតិ
សង្គមជាតិ
កម្ពុជា​-​កូរ៉េ រៀបចំ​តាំងពិព័រណ៍​បង្ហាញ​ពី​ផលិតផល​កសិកម្ម​ដែលមាន​គុណភាព​
15, Nov 2018 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ពិព័រណ៍​ផលិតផល​កសិកម្ម ដែល​ស្តីពី​ពាណិជ្ជកម្ម​អាហារ K-2018 ត្រូវបាន​រៀបចំ​ដោយ​ប្រទេស​កម្ពុជា​-​កូរ៉េ ដែលមាន​ការចូលរួម​ពី​ម្ចាស់​ក្រុមហ៊ុន​កូរ៉េ​ចំនួន​២០០​នាក់ ដែល​មកពី​ប្រទេស​កូរ៉េ​។ ពិព័រណ៍​នេះ បាន​តាំង​បង្ហាញ​ផលិតផល​កសិកម្ម និង​អាហារ​កៃ​ច្នៃ​រៀងៗ​គ្នា​។ ក្រុមហ៊ុន​ទាំងនោះ មានដូចជា សមាគម​ឧស្សាហកម្ម និង​ម្ហូបអាហារ​កូរ៉េ​នៅ​កម្ពុជា​។


 
​ព្រឹត្តិការណ៍​តាំងពិព័រណ៍​ខាងលើ រៀបចំឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ផលិតផល​កសិកម្ម​រប​ស់​ប្រទេស​កូរ៉េ និង​កម្ពុជា រួមទាំង​លើកកម្ពស់​ផលិតផល​កសិកម្ម ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និយាយ​នៅក្នុង​ពិធី​ជួបជុំ​ម្ចាស់​ក្រុមហ៊ុន​កូរ៉េ​ទាំង​២០០​នាក់ ដែល​បានមក​ទស្សនកិច្ច​នៅ​កម្ពុជា​ថា ការតាំងពិព័រណ៍​នេះ អាច​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ទៅ​ឲ្យ​ប្រទេស​កូរ៉េ ដើម្បី​បង្កើន​ការនាំចេញ​ផលិតផល​នៅ​ប្រទេស​កូរ៉េ​បន្ថែមទៀត​។ 


 
​លោក វេ​ង សាខុន បញ្ជាក់​បែបនេះ​ថា​៖«​ប្រទេស​កូរ៉េ និង​កម្ពុជា ពិតជា​ដៃគូ​ដ៏​សំខាន់​សម្រាប់​ការនាំចេញ​ផលិតផល​ទៅ​ក្រៅ​ស្រុក​។ មួយវិញទៀត យើង​សង្ឃឹមថា ការតាំងពិព័រណ៍ អាច​ពាំនាំ​ឲ្យ​កូរ៉េ មក​វិនិយោគ និង​កែច្នៃ​ម្ហូបអាហារ​នៅ​ប្រទេស​កម្ពុជា សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ និង​ការនាំចេញ​ប្រកបដោយ​ភាពរស់រវើក​»​។ 


 
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖«​យើង ទទួលស្គាល់ថា ការនាំចេញ​ផលិតផល នៅ​ទន់ខ្សោយ​នៅឡើយ ដូចជា​ផលិតភាព​នៅមានកម្រិត​ទាប ការស្រាវជ្រាវ​អភិវឌ្ឍន៍​ពូជ​ដំណាំ និង​ការផ្តល់សេវា​បច្ចេកទេស​កសិកម្ម និង​ការ​ផ្ត​ត់​ផ្គង់​ផលិតផល​ក្នុងស្រុក​នៅតែ​មិនទាន់​តម្រូវការ​ទីផ្សារ​នៅឡើយ​ទេ​។ ដើម្បី​ឆ្លើយតប​តម្រូវការ​ផ្គត់​ផ្គត់​ផលិតផល​ក្នុងស្រុក និង​ក្រៅ​ស្រុក យើង​នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិ​ជាមួយ​ប្រទេស​ដែល​វិនិយោគ និង​បន្ត​អនុវត្ត​សកម្មភាព និង​យុទ្ធសាស្ត្រ ដូចជា បង្កើន​ការវិនិយោគ ការស្រាវជ្រាវ​ពូជ​ដំណាំ និង​ការជំរុញ​ផលិតភាព​ឲ្យ​មានគុណ​ភាព​»​។ 


 
​លោក Oh Nak-Young ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​ប្រទេស​កម្ពុជា យល់ថា ប្រទេស​កម្ពុជា មាន​លក្ខខណ្ឌ​ដ៏​ល្អប្រសើរ​ក្នុងការ​ផលិត​នូវ​ផលិតផល​កសិកម្ម​ដែលមាន​គុណភាព រួមផ្សំ​គ្នា​នឹង​ប្រទេស​កូរ៉េ​ដែលមាន​បច្ចេកទេស​ក្នុងការ​កែច្នៃ​អាហារ​។ ទាំងនេះ ដែលជា​ហេតុផល​ឲ្យ​ប្រទេស​ទាំងពីរ​សហការគ្នា និង​ជួយ​បំពេញ​នូវ​ចំណុច​ខ្វះខាត​គ្នា​ទៅវិញទៅមក​។ 


 
​ឯកអគ្គរដ្ឋទូត​កូរ៉េ ថ្លែង​បែ​នេះ​ថា​៖«​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ មាន​ពលករ​ខ្មែរ បាន​ទៅធ្វើ​ការ​ផ្នែក​កសិកម្ម​នៅ​ប្រទេស​កូរ៉េ​ជាច្រើន​។ យើង សង្ឃឹមថា នៅពេល​ពួកគេ​វិល​ត្រឡប់មក​ទឹកដី​កំណើត​វិញ ពួកគេ​នឹង​អាច​យក​ជំនាញ និង​បច្ចេកទេស​ដាំ​ដំណាំ ដើម្បី​មក​អភិវឌ្ឍ​ផ្នែក​កសិកម្ម​ផងដែរ​»​។ 


 
​តាមរយៈ​ការតាំង​បង្ហាញ​ផលិតផល​កសិកម្ម​នេះ លោក Oh Nak-Young ក៏​សង្ឃឹមថា កម្ពុជា​នៅតែ​បន្ត​បង្កើន​ការផលិត​ឲ្យ​មានគុណ​ភាពល្អ​ជាង​នេះ ទាំង​អនាម័យ និង​ការរៀបចំ​តម្លៃ​សមរម្យ សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​គ្នា​ទៅវិញទៅមក​ផងដែរ​៕  


 

Tag:
 ​កូរ៉េ​
 ​ខ្មែរ​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com