អន្តរជាតិ
ចិន និង​សិង្ហ​បុរី​យល់ព្រម​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ឆ្នាំក្រោយ​
16, Nov 2018 , 8:59 am        
រូបភាព
ដោយ:
​ចិន និង​សិង្ហ​បុរី នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា បាន​យល់ព្រម​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​សិង្ហ​បុរី (SAF) និង​កងទ័ព​រំដោះប្រជាជន​ចិន (PLA) ដោយ​ភាគី​ទាំងពីរ​យល់ព្រម​ធ្វើ​សមយុទ្ធ​យោធា​ទ្វេភាគី​មួយ​ក្នុង​ឆ្នាំ​២០១៩​ខាងមុខ​។

 
​ការសម្រេច​របស់​ប្រទេស​ទាំងពីរ​នេះ​ត្រូវបាន​លើកឡើង  នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​មួយ កាលពី​ថ្ងៃ​ពុធ ក្រោយពី​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឹ​ឈាំ​ង បាន​ជួបពិភាក្សា​ជាមួយ​សម​ភាគី​សិង្ហ​បុរី លី សៀន​ឡុង និង​ប្រធានាធិបតី លោកស្រី Halimah Yacob  អំឡុង​ទស្សនកិច្ច​របស់លោក​ក្នុង​សិង្ហ​បុរី​។​
 
​ជាមួយគ្នានេះ ចិន និង​សិង្ហ​បុរី​ក៏បាន​រម្លឹក​ឡើងវិញ​ពី​ស្មារតី​ដ៏​មោះ​មត់​របស់​ពួកគេ ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​អាស៊ាន​-​ចិន ព្រមទាំង​បន្ត​ការធ្វើ​សមយុទ្ធ​ដែនសមុទ្រ​រវាង​អាស៊ាន និង​ចិន​ថែម​ទៀតផង​។ នេះ​បើតាម​ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia​។​
 
​ក្រៅពី​បញ្ហា​យោធា ប្រទេស​ទាំងពីរ​នេះ ក៏​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ពាណិជ្ជកម្ម​សេរី និង​ការធ្វើ​ឲ្យ​សកល​ភា​វូ​នីយកម្ម​សេដ្ឋកិច្ច​កាន់តែ​បើកទូលាយ​បន្ថែមទៀត​ផងដែរ​។ លើសពីនេះ សិង្ហ​បុរី និង​ចិន​ក៏បាន​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​មួយចំនួន​ផងដែរ ក្នុងនោះ​រួមមាន កិច្ចព្រមព្រៀង​ពា​ណិ​ជ្ឋ​កម្ម​សេរី​សិង្ហ​បុរី​-​ចិន (CSFTA) កម្រិត​ខ្ពស់​ជាដើម  ដែលមាន​គោលដៅ​ជួយ​ដល់​ការធ្វើ​ជំនួញ​កាន់តែ​ងាយស្រួល ដើម្បី​ចូលទៅ​កាន់​ទីផ្សារ​ចិន​។​
 
​បន្ថែម​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ចិន និង​សិង្ហ​បុរី ក៏បាន​កត់សម្គាល់​ផងដែរ​ពី​ភាពជឿនលឿន​ក្នុង​កិច្ចសហប្រតិបត្តិការ​គ​តិ​យុទ្ធ និង​ក្របខណ្ឌ​ច្បាប់ ដោយ​ភាគី​ទាំងពីរ​បាន​យល់ព្រម​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ រួមមាន​ដូចជា ការប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​, អំពើពុករលួយ​, ការលាង​លុយ​កង្វក់​, ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា និង​គ្រឿងញៀន​ជាដើម​។ 
 
​នៅក្នុង​សេចក្តីប្រកាស​ដដែល សិង្ហ​បុរី​ក៏បាន​អបអរ​ដល់​ក្រុង​ប៉េកាំង​សម្រាប់​សមិទ្ធផល​ដែល​ចិន​ទទួលបាន បន្ទាប់ពី​ការធ្វើកំណែទម្រង់ និង​បើកចំហ​សេដ្ឋកិច្ច​អស់​រយៈពេល​៤០​ឆ្នាំ​កន្លងទៅនេះ  និង​បាន​ជូនពរ​ដល់​ប្រជាជន​ចិន​ថែម​ទៀតផង​។ 
 
​ចិន​វិញ ក៏បាន​បង្ហាញ​ការពេញចិត្ត​ចំពោះ​វិភាគទាន​របស់​សិង្ហ​បុរី​ដល់​ការធ្វើកំណែទម្រង់ និង​បើកចំហ​សេដ្ឋកិច្ច​របស់​ចិន និង​បង្ហាញ​ការគាំទ្រ​ដល់​សន្ទុះ​កំណើនសេដ្ឋកិច្ច​, ការអភិវឌ្ឍ និង​វឌ្ឍនភាព​របស់​សិង្ហ​បុរី​។ ក្រុង​ប៉េកាំង​បាន​កត់សម្គាល់ថា ទំនាក់ទំនង​រវាង​អាស៊ាន និង​ចិន កំពុង​ឆ្ពោះទៅមុខ​យ៉ាង​ល្អប្រសើរ ហើយ​ខ្លួន​ក៏​ពេញ​ចិត្តនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សិង្ហ​បុរី​ក្នុងនាម​ជា​អ្នកសម្របសម្រួល​សម្រាប់​កិច្ចសន្ទនា​អាស៊ាន​-​ចិន​ផងដែរ​៕

Tag:
 ចិន​
  សិង្ហ​បុរី​
  សមយុទ្ធ​យោធា​ទ្វេរ​ភាគី
© រក្សាសិទ្ធិដោយ thmeythmey.com