ដោយ៖ Matias Andres
ចាន់ រតនា ទើបបានចុះកិច្ចសន្យាផ្លូវការជាថ្មីម្តងទៀតហើយ ក្រោយពីទន្ទឹងចាំជាយូមកហើយសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS ដែលប្រព្រិត្តិទៅនៅថ្ងៃសុក្រ ទី៧ ខែធ្នូ ឆ្នាំ២០១៨។
ជើងខ្លាំងខាងគុនខ្មែរល្បីល្បាញរូបនេះ នឹងត្រូវប៉ះជាមួយជើងខ្លាំងកំពុងរះរបស់ឥណ្ឌូណេស៊ី Abro Fernandes នៅកីឡដ្ឋាន Axiata Arena ក្នុងក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
តាមពិតទៅជំនួបរវាងអ្នកទាំងពីរនេះត្រូវវាយតាំងពីថ្ងៃទី៩ វិច្ឆិកា នៅសិង្ហបុរីក្នុងព្រឹត្តិការណ៍ ONE: HEART OF THE LION ប៉ុន្តែដោយភាគីខាងឥណ្ឌូណេស៊ីមានរបួសពេលហ្វឹកហាត់ ទើបធ្វើឲ្យការប្រកួតត្រូវពន្យាពេលវិញ។
គ្រូបង្វឹកគុនខ្មែររបស់ក្លិបសិល្បៈ វ័យ៣២ឆ្នាំបានហ្វឹកហាត់យ៉ាងសស្រាក់សស្រាំនៅក្លិប Selapak ចាប់តាំងពីទទួលដំណឹងថ្មីៗថាខ្លួននឹងធ្វើជាតំណាងកម្ពុជាម្តងទៀតលើសង្វៀនធំជាងគេនាទ្វីបអាស៊ី ONE Championship។
រតនា បានប្រាប់អ្នកយកពត៌មាននៅក្លិបកីឡាររបស់ខ្លួនថា៖ «ខ្ញុំបានត្រៀមស្មារតីសម្រាប់ការប្រកួតនេះរួចហើយ ត្រៀមតាំងពីត្រូវវាយនៅថ្ងៃទី៩ម្ល៉េះ ហើយមកដល់ឥឡូវខ្ញុំបន់ឲ្យតែឆាប់ដល់ថ្ងៃប្រកួតទេ»។
«ខ្ញុំចង់បង្ហាញអ្វីដែលថ្មីទៅ ONE Championship ឲ្យគេចាប់អារម្មណ៍ខ្ញុំច្រើនជាងនេះទៀត»។
អ្នកប្រដាល់ជើងចាស់ ចាន់ រតនា មិនបានចូលប្រកួតប្រដាល់ចម្រុះតាំងពីឆ្នាំ ២០១៧មកម្លេះ ប៉ុន្តែបានហ្វឹកហាត់ជាប្រចាំក្នុងប្រទេសនិងនៅក្រៅប្រទេស ដូចជាភូមាជាដើមជាមួយកូនសិស្សរបស់គឺគឺ Phoe Thaw និងជាមួយអ្នកលេងសាច់ដុំ Emmanuel Onyedikachi (OWS) ផងដែរ។
លោក Lorenzo Lanzafame ដែលជាគ្រូបង្វឹកផ្ទាល់ កំពុងជួយរៀបស្នៀតត្រៀមបន្ថែមទៅលើសមត្ថភាព និង ភាពខ្លាំងក្លារបស់ រតនា ថែមទៀត។
Lanzafame និយាយដោយមានទំនុកចិត្តថា៖ «ខ្ញុំប្រាកដណាស់ថាវានឹងកក្រើកសង្វៀនមិនខាន ហើយខ្ញុំភ្នាល់ថាទឹកទី១ នឹងជាទឹកចុងក្រោយ»។
ចាប់តាំងពីប្រលូកក្នុងវិស័យក្បាច់គុនខ្មែរមក រតនា បង្ហាញពីជំនឿ និងមោទនភាពរបស់ក្បាច់គុនខ្មែរ ដែលមានប្រវត្តិដ៏យូលង់តាំងពីសម័យអង្គរមកម្លេះ។ គាត់ជឿជាក់ថា ចូលវាយក្នុងទ្រុងជាមួយ Fernandes នៅខែធ្នូ នេះនឹងក្លាយជាកំណត់ត្រាមួយទៀតក្នុងប្រវត្តិសាស្ត្រ។
យ៉ាងណាមិញគូប្រកួតជនជាតិឥណ្ឌូណេស៊ីលើកនេះ នឹងមិនងាយស្រួលផ្តួលប៉ុន្មានទេ គេមានប្រវត្តិវៃក្នុងសង្វៀន ONE ឈ្នះបាន ៧លើកជាប់ៗគ្នា។
រតនា ចង់បង្ហាញពិភពលោកពីការរីកចម្រើនខ្លាំងរបស់គាត់បន្ទាប់ពីការប្រកួតចុងក្រោយជាងមួយឆ្នាំមុនមក ហើយការដើរចូលក្នុងទ្រុងលើកនេះ នឹងមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មិត្តរួមជាតិ និងអ្នកគាំទ្រយ៉ាងកុះករផងដែរ។
ចាន់ រតនា និយាយប្រាប់ពីអារម្មណ៍ខ្លួន៖ «ពួកគាត់ចង់ឲ្យខ្ញុំឈ្នះរាល់ការប្រកួត។ វាធ្វើឱ្យខ្ញុំសប្បាយចិត្តណាស់ ហើយដែលធ្វើឱ្យខ្ញុំតស៊ូវាយឈ្នះគ្រប់ការប្រកួតដែរ។ ខ្ញុំប្រកួតមិនសម្រាប់តែខ្លួនឯងទេ ប៉ុន្តែខ្ញុំប្រកួតសម្រាប់អ្នកគាំទ្ររបស់ខ្ញុំទាំងអស់ផងដែរ។ តាមពិតខ្ញុំសប្បាយចិត្តជាង ពេលឃើញអ្នកគាំទ្រខ្ញុំសប្បាយចិត្ត»។