ONE Championship
កីឡាជាតិ
ជាតិ
ដំណើរ​ជីវិត​ សុខ ធី ដែល​គួរ​ដឹង​មុន​ឡើង​សង្វៀន ONE: WARRIOR'S DREAM
16, Nov 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
ទើបតែ​អាយុ​ត្រឹម ២១ ឆ្នាំ ប៉ុន្តែ​សុខ ធី ធ្លាប់បាន​ប្រមូលផ្តុំ​បទពិសោធន៍​លើស​ង្វៀន​ប្រដាល់សេរី​ជាង​២០០​ប្រកួត ក្នុងនោះ​ឈ្នះ ២២១​ដង ចាញ់​៣៦​ដង បើ​ប្រៀប​ជាមួយ​កីឡាករ​ដ៏​ទៃ មិនទាន់មាន​នរណា​មាន​ប្រវត្តិ​វាយ​បាន​ច្រើន​ដូចនេះ​ទេ​។

 
​នៅ​ថ្ងៃ​សោ​រ៍​ទី ១៧ ខែវិច្ឆិកា អ្នក​ប្រដាល់​វ័យក្មេង​រូបនេះ នឹង​បោះ​ជំ​ហ៊ាន​ឆ្ពោះទៅរក​ភាពល្បីល្បាញ​បំផុត​ក្នុង​អាជីព​ប្រដាល់​របស់គេ ដោយ​ត្រូវ​ឡើងទៅ​សងសឹក​អ្នកលេង​ក្បាច់គុន​មួយ​ថៃ ឡឹ​ត​សីលា ក្នុង​ព្រឹត្តិការណ៍ ONE: WARRIOR'S DREAM នៅ​ឥណ្ឌូណេស៊ី​។​
 
​ខាងក្រោម​ជា​ប្រវត្តិ​របស់ សុខ ធី ដែល​យើង​មិន​ធ្លាប់​ដឹង​៖ 
 
១.​ត្រូវគេ​ធ្វើបាប​កាល​នៅ​ក្មេង​
 
​កាល​នៅ​ក្មេង​សុខ ធី ត្រូវបាន​ក្មេងៗ​ដទៃទៀត​ក្នុងភូមិ​សម្លុត​គំរាម ដែល​ធ្វើ​ឲ្យ​គេ​មិន​សប្បាយ​ចិត្តនឹង​ខ្លួនឯង​។​
 
​សុខ ធី ប្រាប់ថា​៖ «​ខ្ញុំ​មាឌតូច​ជាងគេ ហើយ​គេ​បង្អាប់​ថា​ក្បាល​ខ្ញុំ​ធំ​ជាង​ខ្លួន​។ ឲ្យ​តែ​ពេល​គេ​បង្អាប់ ខ្ញុំ​យំ​រាល់ពេល ហើយ​ដឹង​តែរ​ត់ទៅ​ពួន​នៅក្នុង​ស្រែ​»​។​
 
​ឪពុក​របស់​សុខ ធី វិញ​ជា​អ្នក​ស្រឡាញ់​វិស័យ​កីឡា​គុន​ខ្មែរ​ខ្លាំង ដូច្នេះ​គាត់​ក៏​ណែនាំ​ឲ្យ សុខ ធី និង​បងប្រុស ហាត់រៀន​ក្បាច់គុន ដែល​ក្បាច់គុន​នេះហើយ​ដែល​ជួយ​ឲ្យ​សុខ ធី មាន​ទាំង​កម្លាំង និង​ទំនុកចិត្ត​លើ​ខ្លួនឯង រហូត​ដឹកនាំ​ជិវិត​របស់គាត់​ឲ្យ​ដល់​វិថី​ដ៏​ជោគជ័យ​សព្វថ្ងៃ​។ 
 
« ខ្ញុំ​ត្រូវ​តស៊ូ​ជាមួយ​ក្មេង​ដ៏​ទៃ​ដែលមាន​មាឌធំៗ​ខ្លាំងៗ​ជាង​ខ្ញុំ​ហើយ​ចូលចិត្ត​ធ្វើបាប​ខ្ញុំ មកពី​ខ្ញុំ​ពូកែ​ខ្លាច​គេ​ពេក ប៉ុន្តែ​ក្បាច់គុន​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ឡើង​»។
 

 
២. ឡើង​សង្វៀន​ដើម្បី​ចិញ្ចឹម​គ្រួសារ​
 
​សុខ ធី កើត​ក្នុង​គ្រួសារ​កសិករ​នៅ​ភូមិតូច​មួយ​ក្នុង​ខេត្តបន្ទាយមានជ័យ​។ ពេលដែល​គាត់​ធំ​ឡើង​ឪពុកម្តាយ​
​របស់គាត់​បាន​ព្យាយាម​គ្រប់យ៉ាង​ដើម្បី​ផ្គត់ផ្គង់​គាត់​និង​បងប្រុស​។ 
 
​ធី ថា​៖ «​ដំបូង​គ្រួសារ​ខ្ញុំ​ជា​កសិករ​ធម្មតា​ទេ តែ​ក្រោយមក​ពួក​ខ្ញុំ​បាន​ទៅធ្វើជា​កម្មករសំណង់​ចុះឡើង​ពី​ខ្មែរ​ទៅ​ថៃ​។ ខ្ញុំ​ត្រូវ​ទៅ​ជួយ​ពួកគាត់​ពេលណា​គាត់​ត្រូវការ​ខ្ញុំ​»​។ 
 
​ឥឡូវនេះ​គាត់​បាន​ប្រែ​ជំនាញ​ក្បាច់គុន​របស់គាត់​ឲ្យ​ទៅជា​អាជីព​មួយ​ហើយ​ដូច្នេះ សុខ ធី ចង់​ជួយ​ផ្គត់ផ្គង់​គ្រួសារ​របស់គាត់​អោយ​អស់ពី​សមត្ថភាព​។​
 
​គាត់​និយាយថា​៖ «​អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​តស៊ូ​រហូតមកដល់​សព្វ​ថ្ងៃ គឺ​ខ្ញុំ​ចង់​ផ្គត់ផ្គង់​គ្រួសារ​ខ្ញុំ​ឲ្យ​មាន​ជីវភាព​រស់នៅ​ប្រសើ​ជាង​មុន​។ នេះ​ជា​កាតព្វកិច្ច​របស់ខ្ញុំ​ក្នុងនាម​ជា​កូនប្រុស​ម្នាក់​»​។​
 
«​អ្វីដែល​ខ្ញុំ​ចាំ​ជាងគេ គឺ​ពេល​ហាត់​ជាមួយ​ឪពុក​ខ្ញុំ និង​បងប្រុស​។ អ្នក​បន្ទាយមានជ័យ ល្បីឈ្មោះ​ខាង​ក្បាច់គុន​ខ្មែរ​តាំង​ដើម​រហូត​សព្វថ្ងៃ អញ្ចឹង​វា​ជាប់​ក្នុង​ឈាម​ខ្ញុំ​រួចមកហើយ​»
 
៣.​ជា​អ្នកត្រួសត្រាយ​ផ្លូវ​វ័យក្មេង​
 
​សុខ ធី មិន​ត្រឹមតែ​ជា​កីឡាករ​ជើងឯក​គុន​ខ្មែរ​ប្រចាំ​ប្រទេស តែ​ក៏​ជា​កីឡាករ​កំរិត​ពិភពលោក​ផងដែរ​។ គាត់​បង្ហាញថា​គាត់​មាន​សមត្ថ​ភាពខ្លាំង ពេល​គាត់​ហ៊ាន​ចូល​ប្រកួត​ទប់ទល់​នឹង​ជើង​ខ្លាំង​ក្បាច់គុន​មួយ​ថៃ នៅក្នុង​កីឡដ្ឋាន​លុម​ភី​នី ប្រទេស​ថៃ ដែល​មិន​ធ្លាប់មាន​កីឡាករ​កម្ពុជា​ណា​ហ៊ាន​ធ្វើ​ឡើយ​។ 
 
​រូបគេ​ក៏​ធ្លាប់បាន​ប្រកួត​ក្នុង​ប៉ុស្តិ៍​ប្រដាល់​លេខ​៧ របស់​ថៃ ហើយ​បានឈ្នះ​ខ្សែក្រវាត់​ពី​ប៉ុស្តិ៍ PNN និង ប៉ុស្តិ៍​បាយ័ន​នៅ​កម្ពុជា​ថែមទៀត​។​
 
​លើសពីនេះ​ឱកាស​បាន​វៃ​ជា​មួ​ួ​យ ឡឹ​ត​សីលា ជើងឯក​របស់​ថៃ​ក្នុង​កម្មវិធី ONE Super Series កាន់តែ​បង្ហាញ​ថែម​ទៀតថា​សមត្ថភាពរ​បស់ សុខ ធី មិនធម្មតា​ទេ​។ ដោយសារតែ​ក្បាច់គុន​របស់គាត់​កាន់តែ​រីកចម្រើន​ទៅៗ មាន​មនុស្ស​ជាច្រើន​ជឿថា សុខ ធី នឹង​ជា​ខ្មែរ​ដំបូង​បំផុត​ដែល​អាច​ក្លាយជា​ជើងឯក​ពិភពលោក​បាន​។ 
 
​សុខ ធី បន្ថែមថា​៖ «​ពួកយើង​សប្បាយចិត្ត​ណាស់​ដែល ONE រៀបចំ​ការប្រកួត​ប្រដាល់សេរី​ឲ្យ​យើង​បាន​។ យើង​អាច​និយាយថា ពេលនេះ​ជា​ពេលដែល​យើង​អាច​បង្ហាញ​ពីអ្វី​ដែល​យើង​(​កម្ពុជា​) អាចធ្វើ​បាន​»​។ 
 
​អត្ថបទ​៖ Matias Andres
 
 
 

 

© រក្សាសិទ្ធិដោយ thmeythmey.com