ខ្មែរ​ក្រហម
ជាតិ
លោក ប៊ិន ឈិន​៖ សោកស្តាយ​ដែល​ជនរងគ្រោះ​ផ្សេងទៀត មិន​បានឃើញ​យុត្តិធម៌​សម្រាប់​ខ្លួន​នៅថ្ងៃនេះ​
16, Nov 2018 , 12:26 pm        
រូបភាព
ដោយ: ថ្មីៗ
លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ទទួលបន្ទុក​ដឹកនាំ​សាលាក្តី​ខ្មែរក្រហម បាន​អបអរសាទរ​ដំណើរការ​សវនាការ​សំណុំរឿង ០០២/០២ ដែល​ឈានដល់​ការកាត់ទោស​ជនជាប់ចោទ នួន ជា និង ខៀវ សំផន ដាក់ពន្ធនាគារ​អស់​មួយជីវិត នា​ថ្ងៃទី​១៦ ខែវិច្ឆិកា នេះ​។​


 
​បើតាម​លោក ប៊ិន ឈិន សំណុំរឿង ០០២/០២ ជា​សំណុំរឿង​ដ៏​សំខាន់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សាលាក្តី​ឧក្រិដ្ឋកម្ម​អន្តរជាតិ បើ​គិត​ចាប់តាំងពី​ការកាត់ក្តី​នៅ Nuremberg ប្រទេស​អាល្លឺម៉ង់ ជុំវិញ​ឧក្រិដ្ឋ​ក្នុងសម័យ​សង្គ្រាមលោកលើកទី​ពីរ​។​
 
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន លោក ប៊ិន ឈិន ក៏បាន​សំដែង​ការសោកស្តាយ​ផងដែរ ដែល​ជនជាប់ចោទ អៀង សារី និង អៀង ធី​រិ​ទ្ធ មិនបាន​រស់នៅ​ដើម្បី​ប្រឈមមុខ​នឹង​តុលាការ ខណៈ​ជនរងគ្រោះ​ផ្សេងទៀត បាន​លាចាក​លោក ដោយ​មិន​បានឃើញ​យុត្តិធម៌​សម្រាប់​ខ្លួន​។​
 
​លោក ប៊ិន ឈិន បានលើកឡើង​ពី​ដំណើរការ​ប្រកបដោយ​ជោគជ័យ​របស់​សាលាក្តី​ខ្មែរក្រហម​ក្នុង​សំណុំរឿង​កន្លងមក ដែល​ដើរតួនាទី​ជា​តុលាការ​កូនកាត់​គំរូ​សម្រាប់​ប្រទេស​ជាច្រើន ដែល​ក្នុងនោះ បង់​ក្លា​ដែ​ស ស្រីលង្កា កេ​ន​យ៉ា សេ​ណេ​ហ្គា​ល់ និង​អាហ្វ្រិក​កណ្តាល កំពុង​អនុវត្តតាម​។​
​សម្រាប់​សំណុំរឿង​០០២/០២ នេះ លោក ប៊ិន ឈិន រំពឹងថា អាច​រំលែក​ការឈឺចាប់​របស់​ជនរ​ង​គ្រោះ និង​ក្រុមគ្រួសារ​បាន​ខ្លះ ហើយក៏​ជា​ចំណែក​នៃ​គំរូ​ប្រព័ន្ធយុត្តិធម៌​អន្តរជាតិ​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com