កីឡាអន្តរជាតិ
អន្តរជាតិ
VAR នឹងដាក់​ឲ្យ​ប្រើ​ក្នុង​ព្រឹត្តិការណ៍ Asian Cup ឆ្នាំ ២០១៩
17, Nov 2018 , 8:59 am        
រូបភាព
​ប្រព័ន្ធ​វីដេអូ​ជំនួយការ​អាជ្ញាកណ្តាល Video Assistant Referee (VAR) នឹងត្រូវ​ប្រើប្រាស់​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត Asian Cup ឆ្នាំ​២០១៩ គិត​ចាប់ពី​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​តទៅ​។ នេះ​បើតាម​ការប្រកាស​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វី​អាស៊ី (AFC) នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា​នេះ​។​


 
​អង្គភាព​គ្រប់គ្រង​កីឡា​ប្រចាំ​តំបន់​អាស៊ី​ដែល​បានប្រកាស​ពី​ផែនការ​ដំបូង​របស់ខ្លួន​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​កាលពី​ខែកញ្ញា​នោះ បញ្ជាក់ថា​នឹង​ប្រើ​ប្រព័ន្ធ VAR ចំនួន​៧​ប្រកួត ដោយ​ក្នុងនោះ​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ៤​ប្រកួត វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ២​ប្រកួត និង​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា AFC ថា​ខ្លួន​បាន​យល់ព្រម​ពី​អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក FIFA និង​ក្រុមប្រឹក្សាភិបាល​សមាគម​កីឡាបាល់ទាត់​អន្តរជាតិ​ហៅ​កាត់​ថា IFAB ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់ VAR នៅ Asian Cup 2019 ដែល​ចាប់ផ្តើម​ការប្រកួត​ពីថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៩ ក្នុងប្រទេស​អេ​មេ​រ៉ា​ត​អារ៉ាប់​រួម​។​
 
VAR បានដាក់​ឲ្យ​ប្រើប្រាស់​នៅក្នុង​ក្របខណ្ឌ La Liga របស់​អេ​ស្ប៉ា​ញ អ៊ីតាលី serie A និង Bundesliga រហស់​អាល្លឺម៉ង់​រួចហើយ​តាំងពី​ដើមរដូវ​កាល​ថ្មី​នេះ មុន​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី​កន្លងមក​។​
 
​សូមបញ្ជាក់ថា Asian Cup ឆ្នាំ ២០១៩ បាន​កើន​ក្រុម​រហូតដល់ ២៤​ប្រទេស ខណៈ​កាលពី​ព្រឹត្តិការណ៍​មុខៗ​មានតែ​១៦​ប្រទេស​ចូលរួម​ប៉ុណ្ណោះ​៕
 

Tag:
 បាល់ទាត់​
  VAR
  Asian Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com