ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អា​ទី​សង់​អង្គរ ជួយ​ស្ដ្រី​៨០០​នាក់​ឱ្យមាន​ជំនាញ​តម្បាញ
17, Nov 2018 , 9:59 am        
រូបភាព
​សៀមរាប​៖ បើ​គេ​និយាយ​ពី​ក្រុមហ៊ុនចម្រុះ​សិប្បករ​អង្គរ​នោះគេ​មិនសូវ​ស្គាល់​ប៉ុន្មាន​ទេ ដ្បិត​ពាក្យ​នេះ មិនសូវ​ពេញនិយម​ហៅ តែ​គេ​ស្គាល់​ច្រើន​ចំពោះ​ពាក្យ​អា​ទី​សង់​អង្គរ (Artisans Angkor) ទៅវិញ​។ ក្រុមហ៊ុន​នេះ ធ្លាប់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​បំ​លែងខ្លួន ជា​ក្រុមហ៊ុន​អា​ទី​សង់​អង្គរ ដែលជាសហគ្រាស​ចម្រុះ​រដ្ឋ​ពី​ឆ្នាំ ២០០៣​មក​។ អា​ទី​សង់​អង្គរ ត្រូវបាន​គេ​ចាត់ទុកថា បាន​ជួយ​ឱ្យ​សិប្បកម្ម​តម្បាញ​ខ្មែរ​ដោយ​ដៃ​ឱ្យមាន​ជីវិត​ឡើងវិញ ហើយ​បាន​ជួយ​ដល់​ស្ដ្រី​នៅតាម​ជនបទ​ច្រើន​រយ​នាក់​ឱ្យមាន​ការងារ​ធ្វើ​នៅក្នុង​ភូមិ​ពួកគេ​ផងដែរ​។ ជាមួយនឹង​ការងារ​ក្បែរ​ផ្ទះ ប្រាក់ខែ​សមរម្យ វា​បាន​បង្កើត​សមាជិក​នៃ​គ្រួសារ​ស្ដ្រី​ទាំងនោះ​មាន​សុ​ខុ​ដុម​នីយកម្ម​ក្នុង​គ្រួសារ ដោយ​មិន​ចាំ​ចំណាកស្រុក និង​រស់នៅ​បែក​ពី​គ្រួសារ​ឡើយ​។​

 
​សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ដូចតទៅ​៖




 
​អា​ទី​សង់​អង្គរ ត្រូវបាន​បង្កើត​ដំបូង​នៅ​ឆ្នាំ ១៩៩២ ដែលមាន​ឈ្មោះថា សាលា​បណ្ដុះបណ្តាល​វិជ្ជាជីវៈ ដែល​ស្ថិតក្រោម​សេនាធិការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ពេលនោះ សាលា​បណ្ដុះបណ្តាល​វិជ្ជាជីវៈ​នេះ ទទួលយក​ពលរដ្ឋ​នៅ​ជនបទ​ក្នុងស្រុក​ពួក ខេត្តសៀមរាប ឱ្យមាន​ចំណេះ​ជំនាញ​ផ្នែក​សំណង់ សិល្បៈ និង​សិប្បកម្ម​។ ឆ្នាំ​១៩៩៨ ស្ថាប័ន​នេះ​ត្រូវបាន​ដូរ​ឈ្មោះ​ទៅជា រោង​សិប្បករ​អង្គរ និង​ឆ្នាំ​២០០៣ បង្កើតជា​ក្រុមហ៊ុន​សិប្បករ​អង្គរ ឬ​អា​ទី​សង់​អង្គរ ដែលជា​សហគ្រាស​ចម្រុះរ​ដ្ឋ រហូតមកដល់​បច្ចុប្បន្ន​។​
 
​សព្វថ្ងៃ អា​ទី​សង់​អង្គរ មាន​សិប្បករ​ចំនួន ១១០០​នាក់ ដែល​កំពុង​បំពេញ​តួនាទី​នៅក្នុង​រោង​សិប្បកម្ម​ទាំង​២​ទីតាំង​របស់ខ្លួន គឺ​នៅ​ស្រុក​ពួក និង​ទី​រួម​ខេត្តសៀមរាប ក្នុងនោះ​មាន​ស្ដ្រី​ប្រមាណ ៨០០​នាក់​។ ពួកគេ​ទាំងនោះ​មាន​ជំនាញ​តម្បាញ និង​ចម្លាក់​។ 


 
​លោកស្រី ដួង សុភាព នាយក​គ្រប់គ្រង​ធនធានមនុស្ស​នៃ​ក្រុមហ៊ុនចម្រុះ​សិប្បករ​អង្គរ ហៅ​កាត់​ថា អា​ទី​សង់​អង្គរ បាន​រម្លឹកថា គោលការណ៍​របស់​អា​ទី​សង់​អង្គរ មុនពេល​បង្កើត​ក្រោម​ការផ្តួចផ្តើម​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅពេលនោះ គឺ​បង្កើត​ជំនាញ​វិជ្ជាជីវៈ​ដល់​ពលរដ្ឋ​នៅតាម​ជនបទ​។ យ៉ាងណា​ក្រោយ​បណ្ដុះបណ្តាល​រួច ពលរដ្ឋ​ខ្លះ​បន្ត​ប្រើប្រាស់​អាជីព​ដែល​រៀន​ចេះ ឯ​ខ្លះទៀត​ក៏​បោះបង់​។ ដោយ​មើលឃើញ​បែបនេះហើយ ទើប​អា​ទី​សង់​អង្គរ បាន​ប្រមូល​មកវិញ ដើម្បីឱ្យ​ពលរដ្ឋ​ទាំងនោះ​បានធ្វើការ​នៅ​កន្លែង​តែមួយ និង​យក​ផលិតកម្ម​ដែល​ពួកគេ​ផលិត​បាន​លក់​នៅលើ​ទីផ្សារ​។ 
 
​លោកស្រី ដួង សុភាព ពន្យល់ថា ហេតុផល​ដែល​អា​ទី​សង់​អង្គរ​ចាប់យក​ប្រជាជន​ស្រុក​ពួក សម្រាប់​ការបណ្ដុះបណ្តាល​ជំនាញ​តម្បាញ និង​ចម្លាក់ ព្រោះ​កន្លងមក​ស្រុក​នេះ​មាន​អត្រា​ប្រជាជន​ច្រើនជាងគេ ពិសេស​ចំនួន​ស្ដ្រី​តែម្ដង​។ លើសពីនេះ ប្រជាពលរដ្ឋ​ក្នុងស្រុក​នេះ មួយចំនួនធំ​បានធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេសក្រៅ​ច្រើន​ផងដែរ​។​


 
​ស្ដ្រី​ដែល​ធ្វើការ​នៅ​អា​ទី​សង់​អង្គរ ខ្លះ​បាន​ចូលធ្វើការ​ជាង ២០​ឆ្នាំ​មកហើយ ហើយ​ពួកគេ​ចង់​បន្ដការងារ​នេះ​ត​ទៅមុខទៀត រហូត​អស់​លទ្ធភាព​ការងារ​។ តើ​ជាការ​ស្រឡាញ់​សិប្បកម្ម​តម្បាញ​? វា​ជា​រឿង​មួយ តែ​អ្វីដែល​ពិសេស​ជាងនេះទៀត​នោះ គឺ​អា​ទី​សង់​អង្គរ​មិន​ត្រឹម​ផ្តល់​ប្រាក់ខែ​ដល់​ពួកគេ​សមរម្យ​ប៉ុណ្ណោះ​ទេ ទីនេះ​ក៏​គិតគូរ​ដល់​សុខុមាលភាព​ដល់​ពួកគេ​ជាច្រើន​ផងដែរ​។ សិប្បករ​ទាំងអស់​មាន​ពេល​សម្រាក​ត្រឹមត្រូវ និង​ម៉ោង​ធ្វើ​លំ​ហាត់ប្រាណ​ពីរដង​ក្នុង​មួយ​ថ្ងៃជា​ទៀងទាត់​។ មាន​គ្រូពេទ្យ​ប្រចាំការ ពេល​ស្ដ្រី​មាន​ផ្ទៃពោះ​មាន​គ្រូពេទ្យ​ពិនិត្យ និង​ក្រោយ​សម្រាល ពួកគេ​អាចយ​កកូន​មក​កន្លែង​ការងារ​បាន ដោយ​ខាង​អា​ទី​សង់​អង្គរ មាន​អ្នក​ថែទាំ​កូនក្មេង​ផងដែរ​។  ជាងនេះទៅទៀត​នោះ គឺ​កន្លែង​ការងារ​នៅក្បែរ​ផ្ទះ ដែល​បង្កើតឱ្យមាន​សុ​ខុ​ដុម​នីយកម្ម​ដល់​គ្រួសារ​ពួកគេ កាត់បន្ថយ​ការ​ចំណាកស្រុក​បាន​មួយចំនួនធំ​។​
 
​អ្នកស្រី ណឹ​ក នី ជា​សិប្បករ​នៅ​អា​ទី​សង់​អង្គរ និង​ដែល​បម្រើការ​នៅទីនេះ​២២​ឆ្នាំ​មកហើយ​។ សម្រាប់​អ្នកស្រី នី ក្រៅពី​បាន​នៅ​ជិត​គ្រួសារ​ហើយ នៅ​កន្លែង​នេះ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​សម្រាប់​អ្នកស្រី ដូចជា​មាន​ពេល​សម្រាក​គ្រប់គ្រាន់ មាន​ពេទ្យ​ប្រចាំការ ពិសេស​អ្នកស្រី​អាចយ​កកូន​មក​កន្លែងធ្វើការ​បាន​។ ការណ៍​នេះ ធ្វើឱ្យ​អ្នកស្រី​កក់ក្ដៅ និង​មាន​ភាពសប្បាយ​រីករាយ​ជាខ្លាំង​។​


 
​ចំណែក​អ្នកស្រី សេង គឹម​ហេង វិញ អ្នកស្រី​ធ្វើការ​នៅ​អា​ទី​សង់​អង្គរ​អំឡុង​ឆ្នាំ ២០០៣​។ ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ ការងារ​ផ្នែក​តម្បាញ​ធ្វើឱ្យ​អ្នកស្រី​មាន​មោទនភាព​ចំពោះ​ខ្លួនឯង ដ្បិត​ផលិតផល​របស់ខ្លួន​ត្រូវបាន​នាំចេញ​ទៅ​លក់​នៅ​ទីផ្សារ​ក្រៅ​ស្រុក និង​មានការ​គាំទ្រ​ខ្លាំង​ពី​ជនបរទេស​។ សម្រាប់​អ្នកស្រី ក្រៅពី​ចំណូល​សមរម្យ​ហើយ​នោះ អ្នកស្រី​យល់ថា​ខ្លួនឯងបាន​រួមចំណែក​ថែរក្សា​មរតក​ដូនតា ដែល​តម្បាញ​ជា​ស្នាដៃ​ដែល​ដូនតា​បាន​បន្សល់​ទុកឱ្យ​។​
 
​ក្រៅពី​មាន​ប្រាក់ខែ​សមរម្យ និង​បាន​ជុំ​គ្រួសារ​ហើយ អ្នកស្រី គឹម​ហេង ក៏​គ្មាន​បំណង​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេសជិតខាង​ដែរ​។ អ្នកស្រី​យល់ថា ការធ្វើ​ចំណាក់ស្រុក​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ដូចជា​ត្រូវ​ថៅកែ​មិន​បើកប្រាក់​ខែ​ឱ្យ​ជាដើម តែបើ​ធ្វើការ​ក្បែរ​ផ្ទះ ដ្បិត​មិន​ច្រើន​ដូច​គេ​តែ​ធ្វើឱ្យ​អ្នកស្រី​មាន សុ​ខុ​ដុម​នីយកម្ម​ក្នុង​គ្រួសារ និង​រស់នៅ​សប្បាយរីករាយ​។ 
 
​ចំណែក​អ្នកស្រី ណឹ​ក នី ក៏​មិន​ហ៊ាន​ប្រថុយ​ចំណាកស្រុក​ដែរ ដ្បិត​ការងារ​ក្រៅ​ស្រុក​ទទួលបាន​ប្រាក់ខែ​ច្រើន​មែន តែ​អ្នកស្រី​មិនអាច​រស់នៅ​ជុំ​គ្រួសារ​ដូច​សព្វថ្ងៃ​ឡើយ​៕







Tag:
 ​អា​ទី​សង់​អង្គរ​
  តម្បាញ​
  សូត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com