អន្តរជាតិ
វៀតណាម​សុំ​ឲ្យ​អាមេរិក​គាំទ្រ​ខ្លួន​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ UN
16, Nov 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​មេដឹកនាំ​វៀតណាម និង​អាមេរិក​បាន​ប្តេជ្ញា​ពង្រឹង​ចំណង​ការទូត​និង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ក្រោម​ក្របខណ្ឌ​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​នៅ​សប្តាហ៍​នេះ​។ វៀតណាម​ក៏បាន​សុំ​ឲ្យ​អាមេរិក​ជួយ​គាំទ្រ​ខ្លួន​ក្នុង​ដណ្តើមយក​អាសនៈ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែរ​។​


 
​ជំនួប​ទ្វេភាគី​នេះ​ធ្វើឡើង​រវាង​អនុ​ប្រធានាធិបតី​អាមេរិក​លោក ម៉ៃ ផេ​ន និង​នាយករដ្ឋមន្ត្រី​វៀតណាម​លោក ង្វៀន សួន​ហ្វ៊ុ​ក នៅ​ថ្ងៃ ១៤ ខែវិច្ឆិកា​នៅក្រៅ​ពី​កិច្ចប្រជុំ​អាស៊ាន​លើក​ទី ៣៣ និង​កិច្ច​នៅ​សិង្ហ​បុរី​។  
 
​យោងតាម​ការិយាល័យ​អនុ​ប្រធានាធិបតី​អាមេរិក ក្នុងជំនួប​នោះ​លោក ម៉ៃ ផេ​ន ដែល​មក​អាស៊ី​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​តំបន់​តំណាង​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ នោះបាន​កត់សម្គាល់​ពី​ការលូតលាស់​យ៉ាង​ឆាប់រហ័ស​នៃ​ចំណង​ការទូត​ទ្វេភាគី​រវាង​អាមេរិក និង​វៀតណាម​។​
 
​មេដឹកនាំ​អាមេរិក​រូបនេះ​ក៏បាន​ថ្លែងអំណរគុណ​ប្រមុខ​រដ្ឋាភិបាល​វៀតណាម​ផងដែរ ដែល​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ក្នុងការ​តាមរក​ទាហាន​អាមេរិក​ដែល​បាត់​ខ្លួន និង​បន្ត​គាំទ្រ​គោលនយោបាយ​អាមេរិក​ដែល​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ដែល​ឈានដល់​ការរំសាយ​នុយក្លេអ៊ែរ​ផង​នោះ​។​
 
​លោក ផេ​ន និង​លោក សួន​ហ្វ៊ុ​ក ក៏បាន​ឯកភាពគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែម​លើ​វិស័យ​សំខាន់ៗ​ដូចជា​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សន្តិសុខ​ជាពិសេស​ដោះស្រាយ​រឿង​របាំង​ពាណិជ្ជកម្ម និង​ពង្រឹង​សន្តិសុខ​ដែនសមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ មេដឹកនាំ​ទាំងពីរ​ក៏​ប្តេជ្ញា​សហការគ្នា​ដើម្បី​លើកកម្ពស់​គោលការណ៍​រួមគ្នា​ដើម្បី​ធានា​ឲ្យ​បាន​នូវ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​សេរី និង​បើកចំហ​ផង​។​
 
​ដោយឡែក ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម​លោក សួន​ហ្វ៊ុន​ឯណោះ​វិញ​បាន​ឆ្លៀតឱកាស​អញ្ជើញលោក ម៉ៃ ផេ​ន មក​ទស្សនកិច្ច​នៅ​វៀតណាម​តាម​ពេលវេលា​គួរសម​មួយ ហើយ​អនុ​ប្រធានាធិបតី​អាមេរិក​នេះ​កបាន​ទទួលយក​លិខិតអញ្ជើញ​នេះដែរ​។​
 
​ក្រៅពីនេះ លោក សួន​ហ្វ៊ុ​ក ក៏បាន​ស្នើសុំ​ឲ្យ​តំណាង​រដ្ឋបាល​អាមេរិក​ជួយ​គាំទ្រ​បេក្ខភាព​វៀតណាម​ក្នុងការ​ប្រជែង​យក​អាសនៈ​មិន​អចិន្ត្រៃយ៍​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​សម្រាប់​ឆ្នាំ ២០២០​ដល់​ឆ្នាំ ២០២១​។​
 
​វៀតណាម​ក្លាយជា​ប្រទេស​តែមួយគត់​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​ត្រូវបាន​គេ​ជ្រើសរើស​សម្រាប់​អាសនៈ​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​នេះ​កាលពី​ចុងខែ​ឧសភា​កន្លងទៅ ហើយ​ការបោះឆ្នោត​ជា​ផ្លូវការ​នឹងត្រូវ​រៀបចំឡើង​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នា​ខែមិថុនា​ឆ្នាំ ២០១៩​ខាងមុខ​។  
 
​គួររម្លឹកថា វៀតណាម និង​អាមេរិក​បានសម្រេច​ស្តារ​ចំណង​ការទូត​រួមគ្នា​នៅក្នុង​ឆ្នាំ ១៩៩៥ ហើយ​ឆ្នាំ ២០២០ ភាគី​នឹង​រម្លឹក​ខួប​លើក​ទី ២០ នៃ​ចំណងមិត្តភាព​ទ្វេភាគី​នេះដែរ​។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​នេះ​បន្ត​ព្យាយាម​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អាមេរិក​ដើម្បី​បានជា​ខ្នងបង្អែក​ស្របពេល​ដែល​ចិន​ជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ​បន្ត​កើនឡើង​ឥទ្ធិពល​ឥត​ឈប់​ក្នុង​តំបន់​៕

Tag:
 វៀតណាម​
  អាមេរិក​
  ក្រុមប្រឹក្សាសន្តិសុខ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com