អន្តរជាតិ
អាមេរិក​នៅតែ​ជឿជាក់​លើ​កូរ៉េខាងជើង ទោះ​ក្រុង​ព្យុងយ៉ាង​ទើប​សាកល្បង​អាវុធ​ថ្មី​ក៏ដោយ​
16, Nov 2018 , 8:59 pm        
រូបភាព
​ក្រសួងការបរទេស​អា​មេ​រិ​ក​បានប្រកាសថា សហរដ្ឋអាមេរិក​នៅតែ​ជឿ​កូរ៉េខាងជើង​ក្នុងការ​រំសាយ​នុយក្លេអ៊ែរ​ដដែល​។ ការប្រកាស​របស់​អាមេរិក ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង​ទើប​សាកល្បង​អាវុធ​ទំនើប​ថ្មី​មួយ​បន្ទាប់ពី​ស្ងៀមស្ងាត់​អស់​ពេល​ច្រើន​ខែ​រួចមក​។ សម្រាប់​អាមេរិក កិច្ចសន្យា​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​សិង្ហ​បុរី ដែលមាន​អត្ថន័យ​ទូលាយ អាច​នឹង​សម្រេចបាន​មិន​ខាន​។

 
​ស្របពេល​ការចរចារ​ជាមួយ​អាមេរិក​លើ​ការរំសាយ​នុយក្លេអ៊ែរ​ជាប់គាំង កូរ៉េខាងជើង​បាន​សាកល្បង​អាវុធ​ប្រភេទ​ថ្មី​របស់ខ្លួន​។ ដោយ​ស្រង់​ប្រភពពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap ផ្សាយ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ថា ក្រុង​ព្យុងយ៉ាង​បាន​សាកល្បង​អាវុធ​ស៊េរី​ទំនើប​ដែល​ទើប​អភិវឌ្ឍ​ថ្មី​នៅឯ​វិទ្យាស្ថាន​ការពារជាតិ​មួយកន្លែង​។ គេ​មិនដឹង​ពី​ប្រភេទ​អាវុធ​ថ្មី​នេះ​ទេ តែ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ជា​អ្នកត្រួតពិនិត្យ​ការសាកល្បង​ដោយផ្ទាល់​។​
 
​នៅ​វ៉ាស៊ីនតោន​ឯណោះ​វិញ ក្រសួងការបរទេស​អា​មេ​រិ​ក​ក៏​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ភ្លាម​ដែរ តែ​មិនបាន​ថ្កោលទោស​កូរ៉េខាងជើង​ឡើយ​។ ក្រសួងការបរទេស​អា​មេ​រិ​កបាន​រំឭក​ពី​កិច្ចព្រមព្រៀង​រំសាយ​នុយក្លេអ៊ែរ​រវាង​លោក គីម និង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សំដៅ​បង្កើត​អនាគត​ភ្លឺស្វាង​សម្រាប់​កូរ៉េខាងជើង​។ តាមរយៈ​សេចក្ដីថ្លែងការណ៍​ដដែល អាមេរិក​នៅតែមាន​ទំនុកចិត្ត​ថា ការសន្យា​នៅ​សិង្ហ​បុរី​នឹង​សម្រេច​ជា​លទ្ធផល​។​
 
​នេះ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​ផ្សាយ​ពី​សកម្មភាព​របស់លោក គីម ក្នុង​ការចុះ​ត្រួតពិនិត្យ​សកម្មភាព​យោធា​បែបនេះ​។ វត្តមាន​ចុងក្រោយ​របស់លោក គីម គឺ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅពេល​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក Hwasong-15 ដែលរ​ត់ដល់​អាមេរិក​ឯណោះ​។ មេដឹកនាំ​កូរ៉េខាងជើង​អះអាងថា ការអភិវឌ្ឍ​អាវុធ​ថ្មី​នេះ​ត្រូវបាន​ដឹកនាំ​ដោយផ្ទាល់​ពី​សំណាក់​ឪពុក​ខ្លួន គឺ​លោក គីម ជុងអ៊ីល ។​
 
​ក្នុង​សេចក្ដីរាយការណ៍​របស់​ទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង អាវុធ​ថ្មី​ដែល​មិនដឹង​ប្រភេទ​នេះ មាន​គោលដៅ​ការពារ​ទឹកដី និង​ពង្រឹងសមត្ថភាព​របស់​កងទ័ព​ប្រជាជន​កូរ៉េ​។ លោក គីម ដែលជា​មេដឹកនាំ​ជំនាន់​ទី​បី ក៏បាន​សរសើរ​ក្រុម​អ្នកវិទ្យាសាស្ត្រ​កូរ៉េខាងជើង និង​ចាត់ទុក​ការសាកល្បង​ដ៏​ជោគជ័យ​នេះ​ជាការ​អភិវឌ្ឍ​អស្ចារ្យ​នៃ​សមត្ថភាព​ការពារ​ប្រទេស ហើយក៏​ជាការ​បង្ហាញ​សមត្ថភាព​រីកចម្រើនរ​បស់​កូរ៉េខាងជើង​ទៅកាន់​តំបន់​ផងដែរ​។​
 
​ការធ្វើ​តេស្ត​អាវុធ​ថ្មី​សំណាក់​កូរ៉េខាងជើង ធ្វើឡើង​ស្របពេល​ដែល​ការចរចា​ជាមួយ​អាមេរិក​ដើម្បី​អនុវត្តតាម​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​ដោយ​លោក គីម និង​លោក ត្រាំ មិនទាន់​ផ្លែផ្កា​អ្វី​ទេ​។ គម្រោង​ជួបគ្នា​លើកចុងក្រោយ ត្រូវបាន​លើក​ពេល​វិញ​ដោយ​មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​និយាយថា ក្រុង​ព្យុងយ៉ាង​មិនទាន់​ត្រៀមខ្លួន​រួចរាល់​៕
 

Tag:
 អាមេរិក​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com