ថ្ងៃនេះ កាលពីឆ្នាំមុន តុលាការកំពូល បានរំលាយគណបក្សសង្គ្រោះជាតិចោល ដោយមានក្រសួងមហាផ្ទៃ ជាដើមបណ្តឹង។ មេដឹកនាំ១១៨រូបនៃគណបក្សនេះ ត្រូវបានហាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ក្រោយអវត្តមាន គណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា បានធ្វើនយោយបាយ ដោយមិនមានគូប្រជែងពិតប្រាកដ។
មួយឆ្នាំហើយ ដែលគណបក្សសង្គ្រោះជាតិ ត្រូវបានគេចាត់ទុកថា បានបាត់បង់ជីវិត ប៉ុន្តែពួកគេនៅតែមានស្រមោលជាគណបក្សប្រឆាំងដដែល។
រយៈពេលមួយឆ្នាំមកនេះ គេ ពុំទាន់ឃើញគណបក្សណាមួយ ដែលមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីធ្វើជាគណបក្សប្រឆាំង ជំនួសគណបក្សសង្គ្រោះជាតិឡើយ។ ជាញឹកញាប់ មេដឹកនាំកំពូលនិងមន្ត្រីគណបក្សកាន់អំណាច តែងប្រតិកម្មនឹងអតីតគណបក្សប្រឆាំង ដែលបញ្ជាក់ថាគណបក្សនេះ នៅតែមានឥទ្ធិពលលើនយោបាយកម្ពុជា។
នៅមុនការរំលាយ អតីតគណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈ៥៥ក្នុងរដ្ឋសភា និងទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ប្រមាណជា៥ពាន់ ដែលស្ទើរតែប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជា។ តែក្រោយបាត់អតីតគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈក្នុងរដ្ឋសភាទាំងអស់តែម្តង សម្រាប់ការបោះឆ្នោត២០១៨។
មានមូលហេតុមួយចំនួន ដែលធ្វើឲ្យគណបក្សសង្គ្រោះជាតិ នៅតែត្រូវបានគេ ចាត់ទុកជាក្រុមប្រឆាំង ដោយមិនទាន់មានគណបក្សផ្សេង មកជំនួស។
កេរ្តិ៍ឈ្មោះមេដឹកនាំ
វាជាគុណសម្បត្តិមួយសម្រាប់លោក សម រង្ស៊ី និង លោក កឹម សុខា ដែលបានប្រឡូក និងតស៊ូក្នុងជីវិតនយោបាយតាំងពីយូរមក។ បច្ចុប្បន្ន អ្នកណាក៏ស្គាល់លោក សម រង្ស៊ី និង លោក កឹម សុខា ដែរ ហើយអ្នកនយោបាយទាំងពីររូបនេះ ត្រូវបានគេសន្មតថា ជាមេប្រឆាំងនៅកម្ពុជា។
ការមិនព្រមទៅចុះចូលជាមួយគេ
ទោះជាបាត់បង់អ្វីៗស្ទើរគ្រប់យ៉ាងក៏ដោយ ក៏ប៉ុន្តែថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សប្រឆាំង នៅតែបង្ហាញភាពស្មោះស្ម័គ្រជាមួយគ្នា និងនៅតែរក្សាជំហររបស់ខ្លួន។ មានថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សប្រឆាំងតិចតួចប៉ុណ្ណោះ ដែលបានផ្តាច់ខ្លួន ទៅរួមរស់ជាមួយគណបក្សកាន់អំណាច។
ចំណែក មន្ត្រីថ្នាក់ក្រោម មានដូចជា សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់អតីតគណបក្ស ដែលត្រូវបានដកហូតតំណែង ក៏មានមិនច្រើនដែរ ដែលបានទៅចុះចូលជាមួយគណបក្សកាន់អំណាច។
លោក សម រង្ស៊ី នៅតែប្រកាសថា លោក និង លោក កឹម សុខា ជាមនុស្សតែមួយ។ យ៉ាងណាក៏ដោយ ថ្មីៗនេះ មានភាពរកាំរកូសតិចតួចបានកើតឡើងក្នុងអតីតគណបក្សប្រឆាំង ក្រោយពីលោក សម រង្ស៊ី យកលោក កឹម សុខា ទៅធ្វើជាល្បែងភ្នាល់ជាមួយប្រធានគណបក្សកាន់អំណាច។
អ្នកគាំទ្រ មិនទាន់អស់ជំនឿ
អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ បានដក់អារម្មណ៍ទៅហើយ ថាលោក សម រង្ស៊ី និង លោក កឹម សុខា គឺជាមេគណបក្សប្រឆាំង។ ពួកគេ ពិបាកនឹងជឿណាស់ថា មានអ្នកណាផ្សេងក្រៅពីលោក សម រង្ស៊ី និង លោក កឹម សុខា ដែលហ៊ានប្តូរផ្តាច់ពិតប្រាកដក្នុងការប្រឆាំងជាមួយនឹងគណបក្សកាន់អំណាច ដើម្បីការផ្លាស់ប្តូរ។
ការជ្រោមជ្រែងពីសហគមន៍អន្តរជាតិ
ដ្បិតមានឈ្មោះជាទណ្ឌិត និងមិនអាចចូលស្រុកក្តី តែលោក សម រង្ស៊ី នៅតែមានមុខមាត់នៅលើឆាកអន្តរជាតិ។ ចំណែកលោក កឹម សុខា នៅតែស្ថិតក្នុងការយកចិត្តទុកពីសហគមន៍អន្តរជាតិ។ មកដល់ពេលនេះ សហគមន៍អន្តរជាតិ នៅតែជំរុញតុលាការ និងរដ្ឋាភិបាលកម្ពុជា ឲ្យផ្តល់សេរីភាពពេញលេញជូនលោក កឹម សុខា។
ថ្វីដ្បិតនៅកម្ពុជា មានគណបក្សច្រើនក្តី តែមានតែអតីតគណបក្សសង្គោះជាតិទេ ដែលធ្វើការផ្នែកការទូតច្រើននិងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ ទោះជាគណបក្សនេះ ត្រូវបានរំលាយចោលហើយក៏ដោយ។
និយាយទៅ គណបក្សប្រឆាំង និងមេដឹកនាំនៃគណបក្សនេះ នៅតែត្រូវសហគមន៍អន្តរជាតិមួយចំនួន ទទួលស្គាល់ដដែល។ ឯគណបក្សដទៃ មិនសូវស្ថិតក្នុងក្រសែភ្នែករបស់សហគមន៍អន្តរជាតិឡើយ។
សារព័ត៌មាន នៅតែចាប់អារម្មណ៍
រឿងរបស់អតីតគណបក្សប្រឆាំង នៅតែត្រូវបានសារព័ត៌មានជាតិនិងអន្តរជាតិ តាមដាន និងយកទៅចុះផ្សាយស្ទើរតែមិនដាច់។ នេះក៏ព្រោះតែសារព័ត៌មាន យល់ថា ប្រជាពលរដ្ឋកម្ពុជា នៅតែចង់ដឹងចង់ឮពីអតីតគណបក្សប្រឆាំង។ ឲ្យតែពាក់ព័ន្ធនឹងរឿងនយោបាយ ឈ្មោះគណបក្សសង្គ្រោះជាតិ មិនសូវជាបាត់ពីអត្ថបទសារព័ត៌មានឡើយ។
ចុះគណបក្សផ្សេងទៀត?
មិនមែនដោយសារតែអតីតគណបក្សសង្គ្រោះជាតិ មានគុណសម្បត្តិខាងលើ ទើបបាំងផ្លូវគណបក្សដទៃ មិនឲ្យក្លាយជាគណបក្សប្រឆាំងនោះទេ។ អាចថាមកពីគណបក្សទាំងនោះ មិនទាន់មានគុណសម្បត្តិខ្លួនឯង ដើម្បីនឹងក្លាយជាគណបក្សប្រឆាំង។
ថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្នុងគណបក្សផ្សេងទៀត ក៏មានសកម្មភាពផងដែរ ប៉ុន្តែមិនមានសន្ទុះដូចអតីតគណបក្សសង្គ្រោះជាតិនោះឡើយ។ គណបក្សខ្លះមិនទាន់រៀបចំខ្លួនចូលបម្រើនយោបាយឡើយ រីឯគណបក្សខ្លះទៀត ចេះតែមានរឿងផ្ទៃក្នុងមិនចេះចប់។
យ៉ាងណាក៏ដោយ គណបក្សខ្លះ បានបង្ហាញពីការខំប្រឹងប្រែងរបស់ខ្លួនផងដែរ ក្នុងសមាសភាពជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់របស់រដ្ឋាភិបាល ប៉ុន្តែមិនទាន់មានភាពលេចធ្លោខ្លាំងក្លានោះទេ។
ទៅថ្ងៃមុខ ក៏គេមិនប្រាកដថា មានគណបក្សផ្សេង អាចមានលទ្ធភាពក្លាយជាគណបក្សប្រឆាំង ជំនួសអតីតគណបក្សសង្គ្រោះជាតិដែរ។ ប្រហែលជាក្រុមមនុស្សនៃអតីតគណបក្សសង្គ្រោះជាតិ អាចនឹងវិលមកធ្វើជាអ្នកប្រឆាំងវិញ។
លោក សម រង្ស៊ី តែងតែលើកឡើងថា គណបក្សសង្គ្រោះជាតិ នឹងរស់ឡើងវិញ។ តែសម្តេច ហ៊ុន សែន ក៏ឆ្លើយតបមិនតិចដងដែរថា ខ្មោចដែលស្លាប់ហើយ មិនអាចរស់ឡើងវិញជាដាច់ខាត។
បើគណបក្សសង្គ្រោះជាតិ ពិតជាមិនរស់ឡើងវិញមែន ក៏ថ្នាក់ដឹកនាំទាំង១១៨នាក់នៃគណបក្សនេះ (ស្លាប់ម្នាក់ គឺលោក ជាម ច័ន្ទនី) ដែលត្រូវបានហាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ នៅតែមានច្រកអាចត្រឡប់មកកាន់ឆាកនយោបាយនៅកម្ពុជាសាជាថ្មី។ ច្រកនោះគឺ ពួកគេ ត្រូវរង់ចាំឲ្យផុតបម្រាមរយៈពេល៥ឆ្នាំ ដែលតុលាការកំណត់។
បច្ចុប្បន្ន ក្រោយមរណភាពរបស់លោក ជាម ច័ន្ទនី ថ្នាក់ដឹកនាំដែលជាប់បម្រាមនៅសល់១១៧នាក់ ហើយរយៈពេលចុងក្រោយនេះ គេមើលឃើញភាពរកាំរកូសមួយចំនួនរវាងលោក គង់ គាំ និងលោក សម រង្ស៊ី។ ដូច្នេះ គេមិនទាន់ដឹងថា តើសង្គ្រោះជាតិនៅបន្តជាស្រមោលប្រឆាំង ឬអាចរស់ឡើងវិញយ៉ាងណានោះឡើយ៕