កីឡាជាតិ
ជាតិ
កែវ រំ​ចង់ អាច​នឹង​ប៉ះ Saen Satharn ក្នុងការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ Thai Fight នៅ​ខែវិច្ឆិកា​នេះ​
18, Nov 2018 , 7:59 am        
រូបភាព
ដោយ:
​អ្នកលេង​គុន​ខ្មែរ កែវ រំ​ចង់ នឹង​បង្ហាញមុខ​លើស​ង្វៀន Thai Fight សាជាថ្មី​នៅ​ខែវិច្ឆិកា​នេះ ក្រោយ​បាត់​មុខ​លើស​ង្វៀន​ដ៏​ធំ​មួយ​នេះ​ប្រមាណ​ជា​១​ឆ្នាំ​។ ការចូលរួម​លើក​នេះ ខុសប្លែក​ពីលើ​ក​មុន គឺ រំ​ចង់ ត្រូវ​ប្រជែង​ជាមួយ​កីឡាករ​ថៃ សែន ស្ថាន និង​បរទេស​២​ផ្សេងទៀត ដើម្បី​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​៧០​គីឡូក្រាម​។ នេះ​បើតាម​លោក កែវ សំអាង គ្រូបង្វឹក​កីឡាករ កែវ រំ​ចង់​។

 
​ក្រោយ​បាត់​មុខ​មួយរយៈ​បន្ទាប់ពី​យកឈ្នះ​កីឡាករ Iquezang ក្នុង​ព្រឹត្តិការណ៍ Thai Fight កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ អ្នកលេង​គុន​ខ្មែរ​ចិត្តសឿង កែវ រំ​ចង់ ត្រូវបាន​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​នេះ ដាក់​ឲ្យ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខ​។ រំ​ចង់ ត្រូវ​ប្រកួត​វិលជុំ​ជាមួយ​កីឡាករ​បរទេស​៣​រូប​ផ្សេងទៀត ក្នុង​ទម្ងន់​៧០​គីឡូក្រាម​។ 
 
​លោក កែវ សំអាង គ្រូបង្វឹក​និង​ជា​ឪពុក​បង្កើត​កីឡាករ កែវ រំ​ចង់ បាន​បញ្ចា​ក់ថា​៖«​ពិតមែន​ហើយ កែវ រំ​ចង់ ត្រូវបាន​គេ​ដាក់​ឲ្យ​ប្រកួត​វិលជុំ​ដណ្តើម​ខ្សែក្រវាត់​ក្នុង​ព្រឹត្តិការណ៍ Thai Fight ជាមួយ​កីឡាករ​បរទេស​៣​រូប​ដូចជា​កីឡាករ សែន ស្ថាន និង​កីឡាករ​មកពី​អឺរ៉ុប​ពីររូប​ទៀត​»​។​


 
​គ្រូបង្វឹក​រូបនេះ​បាន​អះអាងថា កូនប្រុស​របស់លោក​អាច​ប៉ះ​ជា​កីឡាករ​ថៃ សែន ស្ថាន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ បើសិន​អាច​យកឈ្នះ​ក្នុងការ​ប្រកួត​ដំបូង​។ ព្រោះ​ក្នុង​ការប្រកួត​នេះ កែវ រំ​ចង់ និង សែន ស្ថាន ត្រូវបាន​គណៈកម្មការ​ផ្គូផ្គង​ឲ្យ​ជួប​ជាមួយ​កីឡាករ​មកពី​អឺរ៉ុប​ដូចគ្នា​ក្នុងជំនួប​បើកឆាក​។ ក្នុងករណី​ពួកគេ​អាច​យកឈ្នះ​គូប្រកួត នោះ​ពួកគេ​នឹង​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ តែបើ​មាន​អ្នកណាម្នាក់​ចាញ់​នោះ​ពួកគេ​មិន​ជួបគ្នា​នោះទេ​។​
 
​គ្រូបង្វឹក​មកពី​ខេត្តបាត់ដំបង​រូបនេះ ហាក់​មានការ​ព្រួយបារម្ភ​សម្រាប់​ការចូលរួម​លើក​នេះ ទោះបី​ខាង Thai Fight បាន​ប្រាប់​មុន​ជាង​១​ខែ ដើម្បី​ហ្វឹកហាត់​ត្រៀម​ក៏ដោយ​។ ការព្រួយបារម្ភ ក៏ដោយ​សារ រំ​ចង់ ដែលមាន​ទម្ងន់​៧៨​គីឡូក្រាម ត្រូវ​សម្រក​ទម្ងន់​៨​គីឡូក្រាម ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​នេះ​។ តែ​យ៉ាងណា លោក​នៅតែ​ជឿជាក់ថា រំ​ចង់ នឹងធ្វើ​បានល្អ​ក្នុងការ​ប្រកួត​នេះ​។ 
 
​កីឡាករ កែវ រំ​ចង់ នឹង​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Thai Fight ដែល​រៀបចំ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នា​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨៕     
 

Tag:
 កែវ រំ​ចង់​
  កែវ សំអាង​
  Thai Fight
© រក្សាសិទ្ធិដោយ thmeythmey.com