ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្ត្រី​កម្ពុជា​ច្រានចោល​សេចក្តីរាយការណ៍​ដែល​ចោទថា​កម្ពុជា​បើកផ្លូវ​ឲ្យ​សាងសង់​មូលដ្ឋាន​កងទ័ពជើងទឹក​ចិន​ក្នុងប្រទេស​
17, Nov 2018 , 10:59 am        
រូបភាព
រូបភាពនៃសំណង់កំពង់ផែទឹកជ្រៅមួយដែលជាផ្នែកមួយនៃគម្រោង​អភិវឌ្ឍរបស់ចិនឈ្មោះ Pilot Zone នៅ​ខេត្តកោះកុង។ (រូបថតដោយ C4ADS)
រូបភាពនៃសំណង់កំពង់ផែទឹកជ្រៅមួយដែលជាផ្នែកមួយនៃគម្រោង​អភិវឌ្ឍរបស់ចិនឈ្មោះ Pilot Zone នៅ​ខេត្តកោះកុង។ (រូបថតដោយ C4ADS)
ដោយ: VOA
​ភ្នំពេញ ៖ ​ក្រុមមន្ត្រី​កងទ័ព និង​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ បាន​ច្រានចោល​សេចក្តីរាយការណ៍​ដែល​ចោទថា កម្ពុជា​បាន​បើកផ្លូវ​ឲ្យ​មានការ​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​មួយ នៅក្នុង​ខេត្តកោះកុង ដែល​ទំនង​ជាមាន​គោលដៅ​សម្រាប់​បម្រើ​ដល់​សកម្មភាព​នាវាចរណ៍​របស់​កងទ័ព​រំដោះប្រជាជន​ចិន ហៅ​កាត់​ថា PLA​។​

 
​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ប្រាប់ VOA នៅ​ថ្ងៃ​សុក្រ​នេះ ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​ការដាក់​មូលដ្ឋាន​យោធា​បរទេស​លើទឹក​ដី​កម្ពុជា​នោះ​។ ហេតុដូច្នេះ​លោក​ថា សេចក្តីរាយការណ៍​រប​ស់ Asia Times ដែល​លើកឡើង​ពី​មន្ទិល​នានា​ចំពោះ​វត្តមាន​មូលដ្ឋាន​ទ័ពជើងទឹក​ចិន​នៅ​កម្ពុជា​នោះ មិនអាច​យកជាការបាន​ទេ​។​
 
​លោក​មានប្រសាសន៍ថា​៖
 
«​ខ្ញុំ​អត់​បាន​មើល​ព័ត៌មាន​ហ្នឹង​ទេ ប៉ុន្តែ​តាម​អ្វី​ដែលជា​រដ្ឋធម្មនុញ្ញរ​បស់​ព្រះរាជាណាចក្រ​កម្ពុជា គឺ​យើង​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​កងទ័ព​បរទេស​លើ​ទឹកដី​កម្ពុជា​ទេ អានេះ​ជា​ច្បាប់​។ ដូច្នេះ​ព័ត៌មាន​ដែល​លើកឡើង​នេះ ខ្ញុំ​គិតថា ជាការ​លើកឡើង​ដោយ​បំភាន់​ទេ​បាទ បង្កាច់បង្ខូច​ធ្វើ​ឲ្យ​ខូច ធ្វើ​ឲ្យ​ខូច​កិត្យានុភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទេ​។ ជារួម​គឺ​រដ្ឋធម្មនុញ្ញ​យើង​បានប្រកាស ហើយ​ថា មិន​ឲ្យ​មាន​បោះទ័ព ជា​មូលដ្ឋានទ័ព​លើ​ទឹកដី​របស់​កម្ពុជា​ទេ អានេះ​ជា​ច្បាប់​បាទ​។ ដូច្នេះ​ព័ត៌មាន​ដែល​លើកឡើង ជា​ព័ត៌មាន​មិន​ពិត​ទេ​បាទ​»​។​
 
​សារព័ត៌មាន Asia Times តាម​សេចក្តីរាយការណ៍​នៅ​សប្តាហ៍​នេះ​ថា ការសាងសង់​កំពុងផែ​នោះ កំពុង​ត្រូវបានធ្វើ​ដោយ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ Union Development Group (UDG)​។​
 
​ក្នុង​អត្ថបទ​ដែល​ចេញផ្សាយ​តាម​បណ្តាញ​អ៊ីនធឺណិត កាសែត Asia Times បានលើកឡើង​ពី​អ្នកវិភាគ​ជាច្រើន​ដែល​អះអាងថា កំពង់ផែ​ថ្មី​កោះកុង (Koh Kong New Port) ដែលជា​កំពង់ផែ​ទឹក​ជ្រៅ​នោះ​គឺ​ធំ​គ្រប់គ្រាន់​សម្រាប់​ទទួល​នាវាចម្បាំង និង​នាវា​ប្រដេញ​ក្នុងការ​ប្រយុទ្ធ​ដ៏​មាន​សក្តានុពល និង​កប៉ាល់​ធំៗ​ផ្សេងទៀត​របស់​កងទ័ព​ជើង​ទឹក​របស់​កងទ័ព​រំដោះប្រជាជន​ចិន​។​
 
​លោក អ៊ា សុផល សាស្ត្រាចារ្យ​ផ្នែក​កិច្ច​ការទូត និង​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ Occidental រដ្ឋ​កាលីហ្វ័រ​ញ៉ា និង​ជា​អ្នកវិភាគ​គោលនយោបាយ​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​កាសែត​តាម​បណ្តាញ​អ៊ីនធឺណិត Asia Times ជា​ភាសា​អង់គ្លេស និង​ត្រូវបាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ក្នុងន័យ​ដើម​ថា​៖
 
«​ជនជាតិ​ចិន​មើលឃើញ​កំពង់ផែ​ពាណិជ្ជកម្ម​ថា ជា​ច្រក​សម្រាប់​ការចូល​នៃ​នាវា​របស់​ពួកគេ​។ កំពង់ផែ​ទឹក​ជ្រៅ​ពាណិជ្ជកម្ម​ណាក៏ដោយ​ត្រូវបាន​ប្រើ​សម្រាប់​កប៉ាល់​ទ័ពជើងទឹក​ធំៗ ដូច្នេះ​គោលបំណង​ទាំងពីរ​នេះ គឺអាច​ទៅរួច​»​។​
 
​សារព័ត៌មាន​នេះ ក៏បាន​ស្រង់​សម្តី​របស់​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​លោក សម រង្ស៊ី ដែល​បាន​ថ្លែង​ជា​ភាសា​អង់គ្លេស និង​ត្រូវបាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​តាមន័យ​ដើម​ថា​៖
 
«​ការសាងសង់​មូលដ្ឋាន​នាវា​គ្រប់គ្រង​ដោយ​បរទេស លើ​ទឹកដី​ប្រទេស​កម្ពុជា បែបនេះ និង​ការផ្តល់​ភាពងាយស្រួល​ណាមួយ ពី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ទៅ​កងទ័ព​ប្រទេស​ចិន គឺជា​ការរំលោភ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៩១ និង​ការរំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​»​។​
 
​លោក សម រង្ស៊ី ត្រូវបាន​ស្រង់​សម្តី​បន្ថែម​តាមន័យ​ដើម​ថា​៖
 
«​ដោយសារតែ​គាត់​បោះបង់ចោល អ​ព្យា​ក្រិត​ភាព​ប្រទេស​កម្ពុជា ហើយ​គាត់​នាំ​ប្រទេស​កម្ពុជា ឲ្យ​ចូលរួម​ក្នុងការ​គំរាមកំហែង ដល់​សន្តិសុខ​នៃ​ប្រទេសជិតខាង លោក ហ៊ុន សែន កំពុងតែ​លេង​ជាមួយ​ភ្លើង ប្រកបដោយ​គ្រោះថ្នាក់​។ លោក ហ៊ុន សែន មិន​ត្រឹមតែ​បាន​បំបាត់​លទ្ធិប្រជាធិបតេយ្យ នៅ​ប្រទេស​កម្ពុជា​ទេ គាត់​ថែមទាំង​គំរាម​ដល់​សន្តិភាព នៅក្នុង​តំបន់​យើង​ថែមទៀត​។ ដោយសារតែ​លោក ហ៊ុន សែន ដឹងថា​ប្រជាប្រិយភាព​របស់គាត់​បា​ន​ធ្លាក់ចុះ​យ៉ាងខ្លាំង ហើយ​គាត់​មិនអាច​រំពឹង​លើ​ប្រជារាស្ត្រ​ខ្មែរ​បាន​ទៀត​ទេ គាត់​សុខចិត្ត​ធ្វើ​អ្វីៗ​ទាំងអស់ ឲ្យ​តែ​គាត់​បាន​ក្រាញ​អំណាច​ត​ទៀត​។ ទង្វើ​អាក្រក់​របស់ ហ៊ុន សែន មាន​ទាំង​ចូល​ដៃ​យ៉ាង​ងងឹតងងល់ ដូច​មនុស្ស​ខ្វាក់ ជាមួយ​ប្រទេស​ចិន ដែល​កំពុងតែ​ដើរ​គំរាមកំហែង​ប្រទេសជិតខាង​»​។​
 
​ក៏ប៉ុន្តែ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​ខ្មែរ​មានប្រសាសន៍ថា ការសាងសង់​កំពង់ផែ​ខេត្តកោះកុង​នោះ គឺ​សម្រាប់​បម្រើ​កិច្ចការជំនួញ​តែប៉ុណ្ណោះ​។​
 
«​មានតែ​កំពង់ផែ​ពាណិជ្ជកម្ម តូចតាច​ខ្នាតតូច​តើ​!»
 
​លោក ផៃ ស៊ី​ផាន មិន​ធ្វើការ​អធិប្បាយ​លើស​ម្តី​របស់លោក សម រង្ស៊ី នោះទេ តែ​លោ​កថា កម្ពុជា​មិនបាន​បណ្តោយ​ខ្លួន​ឲ្យ​ក្លាយជា​អ្នកបម្រើ​គោលបាយ​ភូមិសាស្ត្រ​របស់​មហាអំណាច​ណាមួយ​នោះទេ ពោលគឺ​កម្ពុជា​មិនអាច​ត្រូវ​ទៅ​ចាប់​ចិន ឬក៏​ទៅ​ចាប់​សហរដ្ឋអាមេរិក​នោះ​។ លោក​អះអាងថា អ្វីដែល​កម្ពុជា​កំពុង​ទទួលបាន​ពី​ចិន​នោះ កំពុង​រួមចំណែក​ដល់​ការធ្វើ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​។​
 
«​អ្វីដែល​កំពុងតែ​ទទួលបាន​ភាព​ផុលផុស ក្នុងការ​ដាក់ទុន​រប​ស់​ចិន អានោះ​ជា​ផលប្រយោជន៍​សេដ្ឋកិច្ច ដើម្បី​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច កំណើន​ការងារ កំណើន​សមធម៌​នៅក្នុង​សង្គម អាហ្នឹង​ជា​ផលប្រយោជន៍​របស់​កម្ពុ​ជា​»​។​
 
​សារព័ត៌មាន​តាម​បណ្តាញ​អ៊ីនធឺណិត Asia Times ក៏បាន​លើកឡើងថា លោក​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក Mike Pence ត្រូវគេ​រំពឹងថា លោក​នឹង​លើកឡើង​អំពី​ការលេចឡើង​នូវ​មូលដ្ឋាន​កងទ័ពជើងទឹក​ចិន​នៅ​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​កំពូល​ថ្នាក់​តំបន់​នានា ដែល​ការណ៍​នេះ អាច​នឹងដាក់​ទីក្រុង​ភ្នំពេញ​ឲ្យ​ស្ថិតនៅ​ចំ​កណ្ដាល​នៃ​ភាព​តានតឹង​នៃ​ការ​ប្រជែង​អំណាច​ដែល​កំពុង​កើនឡើង​ខ្លាំង​រវាង​ប្រទេស​មហាអំណាច​។​
 
​សេចក្តីរាយការណ៍​រប​ស់ Asia Times បាន​ឲ្យ​ដឹង​បន្តថា ប្រសិនបើ​របាយការណ៍​នានា​ដែលថា ចិន​បាន​ដំណើរការ​មូលដ្ឋាន​យោធា​នៅ​កោះកុង ក្លាយជា​ការណ៍​ពិតមែន​នោះ វា​នឹងដាក់​ប្រទេស​កម្ពុជា​ឲ្យ​ស្ថិតនៅក្នុង​ជំរំ​យុទ្ធសាស្ត្រ​របស់​ចិន ក្នុងពេល​មាន​ភាព​តានតឹង​រវាង​អាមេរិក និង​ចិន ដែល​កំពុង​រីក​រាល​ឡើង​ក្នុង​ដែនទឹក​។​
 
​លោក Paul Chambers អ្នកវិភាគ​កិច្ចការ​នយោបាយ​នៅ​សាកលវិទ្យាល័យ Naresuan បាន​ប្រាប់ Asia Times ថា ប្រសិនបើ​លោក ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​មានការ​គ្រប់គ្រង​ដោយ​សេដ្ឋកិច្ច និង​យោធា​មកលើ​កម្ពុជា ក្នុង​កម្រិត​មួយ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ស្ថិតក្រោម​អាណានិគម​របស់​ទីក្រុង​ប៉េកាំង​។​
 
​អ្នកវិភាគ​រូបនេះ​ប្រាប់ Asia Times បន្តថា ប្រសិនបើ​ការប្រកួតប្រជែង​របស់​មហាអំណាច​ដើម្បី​យក​ឥទ្ធិពល​ក្នុង​តំបន់​កើន​ដល់​កម្រិត​ខ្លាំងក្លា​ណាមួយ​នោះ «​កម្ពុជា​ប្រហែលជា​ដឹង​ដោយ​ខ្លួនឯង​ថា បាន​ស្ថិតនៅ​ចំ​កណ្ដាល​នៃ​សង្គ្រាមត្រជាក់​ថ្មី​មួយ​នៅ​អាស៊ីអាគ្នេយ៍​»​។​
 
​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បានបញ្ជាក់​បន្ថែមថា កម្ពុជា​មិនអាច​ស្ថិតក្នុង​ស្ថានភាព​នេះ​ទេ​។​
 
​លោក​មានប្រសាសន៍ថា​៖
 
«​កម្ពុជា​យើង​ជា​ប្រទេស​ឯករាជ្យ អ៊ីចឹង​ការទំនាក់ទំនង​ជាមួយ​មិត្ត​ទាំងអស់​លើ​សាកលលោក គឺ​ឈរ​នៅលើ​ផលប្រយោជន៍​រៀងៗ​ខ្លួន ផលប្រយោជន៍​ទាំងសងខាង​ទេ​ណា៎​! ដូច្នេះ​យើង​មិនអាច​ទៅ​ចោទប្រកាន់ថា យើង​ចូល​ជាមួយ​ភាគី​ណាមួយ​បានទេ ព្រោះ​យើង​ជា​ប្រទេស​ឯករាជ្យ អ៊ីចឹង​យើង​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​ទំនាក់​ទំនងជា​មួយ​បណ្តា​ប្រទេស​ទៅតាម​ការគោរព​នូវ​អធិបតេយ្យភាព និង​ផលប្រយោជន៍​រៀងៗ​ខ្លួន​បាទ​»​។​
 
​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា មិនទាន់មាន​ការឆ្លើយ​តប​ណាមួយ​ទៅនឹង​សំណួរ​របស់ VOA នៅ​ថ្ងៃ​សុក្រ​នេះ​។ VOA ក៏​មិនទាន់​អាច​សុំ​ការអធិប្បាយ​ពី​ក្រុមហ៊ុន​ចិន UDG និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បានដែរ នៅ​ថ្ងៃ​សុក្រ​នេះ​។​
 
​កាលពី​ឆ្នាំ​២០០៨ ក្រុមហ៊ុន​អភិវឌ្ឍន៍ Tianjin Union របស់​ចិន​ដែល​ហៅ​កាត់​ថា UDG នេះ ត្រូវ​បានផ្តល់​សម្បទាន​ចំនួន​៩៩​ឆ្នាំ​លើ​ផ្ទៃដី​ប្រមាណ​២០%​នៃ​តំបន់ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​ក្នុង​ទឹកប្រាក់​ត្រឹមតែ​៣០​ដុល្លារ​ក្នុង​មួយ​ហិកតា​ប៉ុណ្ណោះ​។​
 
​សមាគម​សំណង់​កម្ពុជា​បាន​ប៉ាន់​ស្មានថា គម្រោង​ដែល​ហៅថា «​គម្រោង​សាកល្បង​» ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​៣.៨០០​លាន​ដុល្លារ និង​អាកាសយានដ្ឋាន​ដែល​នឹង​ត្រូវបាន​សាងសង់ នឹងត្រូវ​ទទួល​ស្វាគមន៍​ភ្ញៀវ​ប្រមាណ​១០​លាន​នាក់​ក្នុង​មួយឆ្នាំ​។​
 
​គម្រោង​នេះ​កំពុង​ត្រូវបាន​សាងសង់​លើដី​កម្ពុជា​ទំហំ​៤.៥០០ ហិកតា ក្នុងស្រុក​ចំនួន​ពីរ​នៃ​ខេត្តកោះកុង​គឺ​ស្រុក​គិរីសាគរ និង​បទុម​សាគរ​។ គម្រោង​នេះ ក៏​កំពុង​ត្រូវបាន​សាងសង់ នៅ​ចំ​កណ្តាល​សួនឧទ្យាន​ជាតិ​បទុម​សាគរ​ក្នុង​ខេត្តកោះកុង​ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ​។​
 
​យ៉ាងណាក្តី ការសិក្សា​ស្រាវជ្រាវ​មួយ ដែលមាន​ចំណងជើង​ថា Harboured Ambitions [​ម​ហិ​ច្ឆិ​តា​លាក់ទុក​ក្នុង​ចិត្ត​] ដែល​ចេញផ្សាយ​កាលពី​ខែមេសា​ដោយ​មជ្ឈមណ្ឌល​ដើម្បី​ការសិក្សា​ជាន់ខ្ពស់​ផ្នែក​ការពារជាតិ [Center for Advanced Defense Studies] ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក បាន​ព្រមាន​ថា តំបន់​អភិវឌ្ឍន៍​ខ្នាត​ធំ​ខាងលើ​របស់​ក្រុមហ៊ុន UDG មាន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​កុម្មុយនីស្ត​ចិន ជា​ផ្នែក​មួយ​នៃ​គម្រោងការ​យុទ្ធសាស្ត្រ​សន្តិសុខ​និង​ភូមិសាស្ត្រ​នយោបាយ​របស់​ចិន នៅក្នុង​តំបន់​ចុង​បូព៌ា ដូច​យ៉ាង គម្រោង​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជកម្ម​របស់​ចិន [Belt and Road Initiative] ជាដើម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com