អន្តរជាតិ
បុរស​ជប៉ុន​ម្នាក់​ចំណាយ​ជិត​១៨០០០​ដុល្លារ​ដើម្បី​រៀបការ​ជាមួយ​តុក្កតា​
17, Nov 2018 , 7:39 pm        
រូបភាព
ដោយ: ធីតា
​មន្ត្រី​ជប៉ុន​វ័យ​៣៥​ឆ្នាំ​ម្នាក់ កាលពី​ខែតុលា​កន្លងមក បាន​រៀបការ​ជាមួយ​នាង Hatsune Miku ដែលជា​តារាចម្រៀង​តុក្កតា​និម្មិត​ហូ​ឡូ​ក្រាម (Hologram) ដ៏​ល្បី​នៅ​ជប៉ុន​។ អាពាហ៍ពិពាហ៍​នេះ  មាន​អ្នកចូលរួម​ប្រមាណ​៤០​នាក់ និង​ចំណាយ​ប្រា​ក់ជាង​២​លាន​យ៉េន (​ជាង​១៧ ៦០០​ដុល្លារ​អាមេរិក​) ប៉ុន្តែ​គ្មាន​វត្តមាន​គ្រួសារ​របស់​ខ្លួន​នោះឡើយ​។​

 
​លោក Akihiko Kondo មិន​ទទួលបាន​ពរជ័យ​ពី​ក្រុមគ្រួសារ​នៅ​ថ្ងៃ​មង្គលការ​របស់ខ្លួន​នោះឡើយ​។ ពួកគាត់​មិនអាច​ទទួលយក​បានទេ ពីព្រោះថា ភរិយា​របស់លោក Kondo គឺ​តុក្កតា​និម្មិត​ហូ​ឡូ​ក្រាម ដែលមាន​ឈ្មោះថា Hatsune Miku​។​
 
Miku ជា​ប្រភេទ​ត​ក្កុ​តា​ឡូ​ឡូ​ក្រាម​ដ៏​ល្បី​នៅ​ជប៉ុន ដែល​អាច​ឡើង​ច្រៀង និង​រាំ បាន​ដូច​មនុស្ស តាមរយៈ​បច្ចេកវិទ្យា​ទំនើប​។ «​ខ្ញុំ​មិន​ច្រឡំ​នោះឡើយ ខ្ញុំ​តែងតែ​ស្រឡាញ់​នាង និង​គិត​ទៅដល់​នាង​ជា​រៀងរាល់ថ្ងៃ​។ លោក Kondo បានបញ្ជាក់​យ៉ាង​ដូច្នេះ ដោយ​អះអាងថា បាន​ចំណាយ​ប្រាក់​ជិត​១៨ ០០០​ដុល្លារ​អាមេរិក​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​ដែលមាន​ភ្ញៀវ​ប្រមាណ​៤០​នាក់​។​


 
 
Miku ដែលមាន​ប្រវែង​ប្រមាណ​១០​សង់ទីម៉ែត្រ ស្ថិតក្នុង​សម្លៀកបំពាក់​ជា​កូនក្រមុំ ហើយ​ត្រូវបាន​អះអាងថា នាង​មាន​អាយុ​១៦​ឆ្នាំ​ហើយ​។ ចំណងអាពាហ៍ពិពាហ៍​នេះ មិនមាន​ការទទួលស្គាល់​តាមផ្លូវ​ច្បាប់​នៅ​ជប៉ុន​ឡើយ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុមហ៊ុន GateBox ដែល​ផលិត​ត​ក្កុ​តា Miku  បានចេញ​លិខិត​ទទួលស្គាល់​ពិធីមង្គលការ​នោះ ហើយ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថែមទៀត ក្រុមហ៊ុន​ធ្លាប់​បានចេញ​លិខិត​បែបនេះ ប្រមាណ​៣៧០០​សន្លឹក​រួចទៅហើយ​។​
 
​ជាមួយគ្នានេះ​ផងដែរ នៅផ្ទះ លោក Kondo អាច​សន្ទនា​ជាមួយ​ត​ក្កុ​តា​ដែលជា​ភរិយា​សំណព្វ​របស់ខ្លួន​បាន​តាមរយៈ​ការបាញ់​ពន្លឺ​ក្នុង​ប្រអប់ GateBox ហើយ Miku អាច​និយាយ​ពាក្យ​មួយចំនួន​ទៅកាន់​លោក​ដូចជា «​សួស្តី​», «​ថ្ងៃនេះ​ថ្ងៃ​ល្អ​», «​រាត្រីសួស្តី​» ជាដើម​។​


 
 
​នៅពេល​គេ លោក Kondo គេង​ជាមួយ​រូ​បត​ក្កុ​តា​ពិត​។ លោក​លើកឡើងថា ថ្វីត្បិតតែ​បច្ចុប្បន្ន​លោក​មិនអាច​ឆ្លើយឆ្លង​ជាមួយ​ត​ក្កុ​តា​ក៏ដោយ ប៉ុន្តែ​លោក​រំពឹងថា បច្ចេកវិទ្យា​នឹងមាន​ការរីកចម្រើន​ទៅមុខ​។​
 
​លោក Kondo ដែល​ធ្លាប់មាន​វិបត្តិ​ស្នេហា​កន្លងមក បាន​អះអាងថា លោក​មិន​ស្អប់​មនុស្ស​ស្រី​នោះឡើយ ប៉ុន្តែ​គ្រាន់តែ​លោក​មិនបាន​ចាត់ទុកថា ស្ត្រី​ជា​ដៃគូ​ប្រកបដោយ​សក្តានុពល​សម្រាប់​ខ្លួន ដូច​ជាត​ក្កុ​តា Miku ដែល​មិនចេះ​បោកប្រាស់​៕
 

Tag:
 ជប៉ុន​
  ត​ក្កុ​តា
© រក្សាសិទ្ធិដោយ thmeythmey.com