អន្តរជាតិ
នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​៖ អាស៊ាន​ប្រហែល​ត្រូវ​បង្ខំចិត្ត​ជ្រើសរើស​រវាង​អាមេរិក​និង​ចិន​
17, Nov 2018 , 8:39 pm        
រូបភាព
ដោយ:
​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា អាស៊ាន ប្រហែល​ត្រូវបាន​បង្ខំ​ឲ្យ​ជ្រើសរើស​រវាង​ភាគី​ចិន និង​សហរដ្ឋអាមេរិក​នាពេល​ណាមួយ​។  នេះ​ជាការ​ព្រមាន​របស់​នាយ​ក​រដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា​។

 
 
​ថ្លែង​កម្មវិធី​បិទ​បញ្ចប់​ជំនួប​កំពូល​អាស៊ាន​លើក​ទី​៣៣  នាយករដ្ឋមន្ត្រី​សិង្ហ​បុរី  លោក លី សៀន​ឡុង បានបញ្ជាក់​នៅមុខ​មេដឹកនាំ​នៃ​បណ្តា​រដ្ឋ​អាស៊ាន​ថា ៖ «​ប្រសិនបើ​អ្នកជា​មិត្ត​ជាមួយ​ប្រទេស​ពីរ  ដែល​មិនសូវ​ត្រូវរ៉ូវ​គ្នា​នោះ  ពេលខ្លះ​វា​អាច​ថា អ្នក​ចុះសម្រុង​ជាមួយ​ប្រទេស​ទាំងពីរ  ប៉ុន្តែ​ពេលខ្លះ​វា​មិនសូវ​ល្អ​ប៉ុន្មាន​ទេ នៅពេល​អ្នក​ព្យាយាម​ចុះសម្រុង​ជាមួយ​ប្រទេស​ទាំងពីរ​នោះ​»​។ 
 
​ត្រង់ចំណុច​នេះ លោក លី យល់ឃើញថា  រឿង​ដែល​ល្អ​បំផុត​សម្រាប់​អាស៊ាន​គឺ​មិនត្រូវ​បានសម្រេច​ឲ្យ​ជ្រើសរើស​រវាង​ភាគី​ទាំងពីរ​នេះ  ប៉ុន្តែ​កាលៈទេសៈ​មួយ​នឹង​មកដល់  នៅពេលនោះ​ហើយ​ដែល​អាស៊ាន​ប្រហែល​ត្រូវ​ជ្រើស​យក​មួយ​ក្នុងចំណោម​ប្រទេស​ពីរ​នោះ​តែម្តង​។ យ៉ាណា​មិញ លោក​សង្ឃឹមថា ពេលវេលា​នោះ​នឹងមិន​មកដល់​ឆាប់ៗ​នេះឡើយ​។​
 
​តាមពិតទៅ ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​សិង្ហ​បុរី​រូបនេះ​គឺធ្វើឡើង ស្រប​ពេលដែល​មហាអំណាច​ពិភពលោក​ទី​ពីរ​នេះ  កំពុង​ប្រកួតប្រជែង​ឥទ្ធិពល​គ្នា​យ៉ាង​ក្តៅគគុក​ក្នុង​តំបន់​អាស៊ី  ទាំង​ផ្នែក​សន្តិសុខ និង​សេដ្ឋកិច្ច​។ 
 
​អវត្តមាន​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ក្នុងជំនួប​កំពូល​សំខាន់ៗ​ចំនួន​ពីរ​របស់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​សប្តាហ៍​នេះ  រួមមាន អាស៊ាន ក៏ដូចជា  APEC  បាន​បង្កើតជា​មន្ទិលសង្ស័យ​ជាច្រើន ទាក់ទិន​នឹង​គោលជំហ​របស់​អាមេរិក​នៅក្នុង​តំបន់​នេះ  ខណៈ​ឥទ្ធិពល​ចិន​ចេះតែ​កើន​ឡើងជា​លំដាប់​នោះ​។​
 
​ពាក់ព័ន្ធ​នឹង​ការមើលឃើញ​ពី​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់​បែបនេះ  លោក លី ដែលជា​កូនប្រុស​បង្កើត​របស់​បិតា​ស្ថាបនិក​សិង្ហ​បុរី  លោក លី ក្វាន់​យូ បាន​អះអាងថា  ស្របពេល​ចិន​ចេះតែ​បន្ត​ពង្រីក​ឥទ្ធិពល​របស់ខ្លួន ទាំង​ក្រុង​ប៉េកាំង និង​ពិភពលោក គួរតែ​ត្រៀមខ្លួន​សម្រាប់​ការផ្លាស់ប្តូរ​ដែល​ខិតជិត​មកដល់​។​
 
«​យើង​គួរតែ​ពិចារណា​អំពី​ឥទ្ធិពល​របស់​ចិន​មកលើ​ពិភពលោក​ទាំងមូល​។ ខ្ញុំ​យល់ឃើញថា  ចិន​ត្រូវតែ​ទទួលខុសត្រូវ​យ៉ាង​ចាំបាច់​ទៅលើ​បញ្ហា​នេះ  បើទោះបីជា​ពេលនេះ ខ្លួន​កំពុងស្ថិត​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ក៏ដោយ​ក្តី​»​។  នេះ​ជា​បកស្រាយ​របស់លោក លី ។ 
 
​ជាមួយគ្នានេះ លោក​ប្រមុខ​រដ្ឋាភិបាល​សិង្ហ​បុរី​រូបនេះ​ក៏បាន​លើកឡើង​ដែរ​ថា  បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ត្រូវ​ស្វែងយល់ និង​សម្រប​ខ្លួន​ទៅនឹង​គោលនយោបាយ​ការបរទេស​ប្រចាំ​អាស៊ី របស់​សហរដ្ឋអាមេរិក​។  ហេតុផល​នោះ​គឺថា  ជំហរ​របស់​ក្រុង​វ៉ាស៊ីនតោន​មកលើ​តំបន់​អាស៊ី ចេះតែ​បន្ត​ប្រែប្រួល​ជានិច្ច  ពី​រដ្ឋបាល​មួយ​ទៅ​រដ្ឋបាល​មួយទៀត​។ 
 
​តួយ៉ាង ក្នុង​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​ប៉ា​ម៉ា  ក្រោម​គោលនយោបាយ  «​សម្លឹង​ទៅ​អាស៊ី​»  សហរដ្ឋអាមេរិក បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការពង្រីក​ឥទ្ធិពល​របស់ខ្លួន​ក្នុង​តំបន់​អាស៊ី​។  ប៉ុន្តែ​សម្រាប់​រដ្ឋបាល​លោក​ត្រាំ  ក្រោម​របៀបវារៈ «​អាមេរិក​ជា​ចម្បង​»  ក្រុង​វ៉ាស៊ីនតោន ហាក់​មិនសូវ​ខ្វល់ខ្វាយ​ឡើយ​ពី​តំបន់​នេះ  ដោយ​ទុក​ឲ្យ​ចិន​បន្ត​ពង្រីក​ឥទ្ធិពល​កាន់តែខ្លាំង​ទៅៗ​ក្នុង​តំបន់​៕
 

Tag:
 សិង្ហ​បុរី​
  អាស៊ាន​
  លី សៀន​ឡុង
© រក្សាសិទ្ធិដោយ thmeythmey.com