ជាតិ
សង្គមជាតិ
យុវ​សិស្ស​កម្ពុជា​៩​រូប យក​ភាពយន្ត​ខ្នាត​ខ្លី​ទៅ​ប្រកួត​នៅ​ជប៉ុន ជាមួយ​យុវជន​៥​ប្រទេស​ទៀត​ពី​អាស៊ី
18, Nov 2018 , 9:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ យុវ​សិស្ស​កម្ពុជា​ចំនួន​៩​រូប មកពី​វិទ្យាល័យ​ខុសគ្នា​នៅ​កម្ពុជា បាន​ជាប់​ជ័យលាភី​ក្នុង​ការផលិត​រឿងភាពយន្ត​ខ្នាត​ខ្លី​ដែល​រៀបចំ​ដោយ​សា្ថ​ន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។ ពួកគេ​នឹងត្រូវ​បន្តទៅ​ចូលរួម​វគ្គ​ផ្តាច់ព្រ័ត្រ​នៅក្នុង​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​២៨ ខែវិច្ឆិកា ជាមួយ​យុវ​សិស្ស​នៃ​បណ្តា​ប្រទេស​ចំនួន​៥​ទៀត នៅ​តំបន់​អាស៊ី មានដូចជា​ទី​ម័​រ​ខាងកើត ចិន តៃវ៉ាន់ ម៉ុង​ហ្គោល និង​កូរ៉េខាងត្បូង​។


 
​ក្នុងឱកាស​ចូលរួម​ប្រកួត​ភាពយន្ត​ខ្នាត​ខ្លី​នៅ​ប្រទេស​ជប៉ុន យុវ​សិស្ស​ទាំង​៩​រូប ក៏​នឹងចូលរួម​ក្នុង​កម្មវិធី​បណ្តាញ​ផ្លាស់ប្តូរ​សិស្ស និស្សិត និង​យុវជន​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​អាស៊ី​ខាងកើត​ដែល​ហៅ​កាត់​ថា JENESYS 2018 និង  កម្មវិធី​ផ្លាស់ប្តូរ​គ្នា​រវាង​សាលា និង​សាលា និង​មានឱកាស​ចូលរួម​ដំណើរ​កម្សាន្ត​ជុំវិញ​ទីក្រុង​ផងដែរ​។
​ភាពយន្ត​ដែលជា​ប់​ជ័យលាភី  នឹង​បន្ត​ប្រកួត​នៅ​ជប៉ុន​នោះ​មានដូចជា ជ័យលាភី លេខ​១ បាន​ទៅលើ​រឿង​« ការផ្លាស់ប្តូរ​» មកពី​សាលា USA International School  សាខា​បាត់ដំបង និង​វិទ្យាល័យ​ព្រះមុន្នីវង្ស​ខេត្តបាត់ដំបង​។ ភាពយន្ត​ដែលជា​ប់​ចំណាប់​ថ្នាក់​លេខ​១ នេះ រៀបរាប់​ពី​កុមារ​ម្នាក់​លេង​ហ្គេម​ខ្លាំងពេក មិនបាន​ខិតខំ​ប្រឹងរៀន ទីបំផុត​ត្រូវបាន​គេ​មើលងាយ ដោយសារ​មិត្តភក្តិ​មិន​ចម្លង​មេរៀន​ឲ្យ ចុងបញ្ចប់​គេ​ក៏​ខិតខំ​រៀនសូត្រ​វិញ​។ 
 
«​កំហុស​ខ្ញុំ​» ជា​ភាពយន្ត​ខ្លី​ដែល​បាន​ជាប់​ជ័យ​លោ​ភី​លេខ​២ ផលិត​ដោយ​សិស្ស​មកពី​សាលា Cambodia Adventist School​។ ភាពយន្ត​ខ្ចី​នេះ រៀបរាប់​អំពី​កុមារ​ម្នាក់​ប្រព្រឹត្ត​មិនល្អ ដោយសារ​ស្ថានភាព​គ្រួសារ​ក្រីក្រ​។ ភាពខ្វះខាត​បែបនេះហើយ បានធ្វើ​ឲ្យ​ម្តាយ​ស្លាប់ ដោយសារ​ជំងឺ​។ រូបគេ​ចាប់ផ្តើម​ខឹង​នឹង​ឪពុក​របស់ខ្លួន បន្ទាប់មក​ឪពុក​ក៏មាន​ជំងឺ​ប្រចាំកាយ រហូតដល់​ស្លាប់​។ ដូច្នេះ​ទើប​កុមារ​ម្នាក់នេះ​ដឹង​ពី​កំហុស និង​ខិតខំ​ប្រកបមុខរបរ​ដើម្បី​ចិញ្ចឹម​ប្អូនស្រី​។ 
 
​ចំណែក​ជ័យលាភី លេខ​៣ បាន​ទៅលើ​រឿង «​កូនប្រុស​មិនមាន​ទំនួល​ខុសត្រូវ​» ដែល​រៀបរាប់​ពី​ក្មេងប្រុស​ម្នាក់​មិន​ស្រឡាញ់​ម្តាយ និង​មិន​ឲ្យ​តម្លៃ​លើ​ការសិក្សា​ផងដែរ​។ ទីបំផុត​គេ​ក្លាយជា​មនុស្ស​វង្វេង​សតិ ក្រោយពី​ម្តាយ​របស់គេ​ជួប​ឧបទ្ទវហេតុ​ដោយសារ​រូបគេ​។ ភាពយន្ត​នេះ ផលិត​ដោយ​សមាជិក​ក្រុម​៣​សាលា​ផ្សេងគ្នា ដូចជា​សាលា​ប៊ែ​ល​ធី​អន្តរជាតិ សាលា​ទី​៩ សាលា American Intercon សាខា​ម៉ៅ​សេទុង និង​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក​៕ 
 

Tag:
 សិស្ស​
 ​ជប៉ុន​
 ​ភាគ​យន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com