ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ឯកអគ្គរដ្ឋទូតអាមេរិក៖ កម្ពុជាគួរជាកន្លែងងាយស្រួលលើសគេសម្រាប់ស្ត្រីទទួលជោគជ័យក្នុងជំនួញ រូបភាព៖ ទំព័រហ្វេសប៊ុកទីភ្នាក់ងារជំនួយអាមេរិក (USAID)
×
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក William A.Heidt ជឿជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើការចូលរួមសកម្មភាពពីសំណាក់ស្ត្រី។ លោកមើលឃើញ វិស័យសហគ្រិន និងជំនួញផ្តល់ឱកាសច្រើនសម្រាប់ស្ត្រី។ ដូច្នេះហើយ រដ្ឋាភិបាលកម្ពុជាគួរបន្តលើកស្ទួយ និងលើកទឹកចិត្តដើម្បីធ្វើឲ្យកម្ពុជាក្លាយទីកន្លែងងាយស្រួលលើសគេក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលសម្បូរដោយស្ត្រីជោគជ័យក្នុងវិស័យជំនួញផង។
ពេលសាកសួរពីតួនាទីរបស់ស្ត្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាពេលអនាគត ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗពីថ្ងៃទី ១ ខែវិច្ឆិកាកន្លងទៅ លោក William Heidt ឆ្លើយថា សម្រាប់លោក កម្ពុជាគួរតែជាកន្លែងដែលងាយស្រួលជាងគេសម្រាប់ស្ត្រីក្នុងការធ្វើជំនួញ និងទទួលជោគជ័យក្នុងវិស័យនេះ ដើម្បីការរីកចម្រើននៃសេដ្ឋកិច្ច។
លោកថ្លែងដូច្នេះថា៖ «នៅកម្ពុជា ស្ត្រីមានឱកាសច្រើនបំផុតក្នុងវិស័យជំនួញ ហើយវាជារឿងឆ្លាតវៃដែលកម្ពុជាត្រូវលើកស្ទួយបញ្ហានេះបន្ថែមដើម្បីធានាថាកម្ពុជាទីកន្លែងមួយក្នុងតំបន់ដែលស្ត្រីជោគជ័យបំផុតក្នុងវិស័យជំនួញដែរ»។
លោក Heidt យល់ឃើញឃើញថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ការងារដែលកម្ពុជាគួរមានមោទកភាពនោះការអភិវឌ្ឍគួរឲ្យកត់សម្គាល់មួយក្នុងការអប់រំរបស់ស្ត្រី និងបញ្ហាសុខភាពស្ត្រីជារួម។
«ក្រឡេកមើលការអភិវឌ្ឍកាលពី ២០ឆ្នាំ ចំណុចមួយដែលកម្ពុជាគួរមានមោទកភាពខ្លាំងបំផុតនោះគឺ ការជំរុញឱកាសអប់រំសម្រាប់ក្មេងស្រី។ កាលខ្ញុំមកកម្ពុជាកាលនោះ ក្មេងស្រីតិចតួចប៉ុណ្ណោះដែលបានទៅសាលារៀន ប៉ុន្តែពេលនេះក្មេងស្រីៗច្រើនណាស់ដែលមានលទ្ធភាពទៅរៀនដូចប្រុសៗ។ មួយទៀតគឺផ្នែកសុខាភិបាល ដែលវាមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់លើបញ្ហាអត្រាមរណរបស់ទារក និងសុខភាពមាតា។ ក្នុងន័យអភិវឌ្ឍជាមូលដ្ឋាន កម្ពុជាបានថែរក្សាស្ត្រីបានល្អប្រសើរណាស់»។ ឯកអគ្គរដ្ឋទូតអាមេរិកកត់សម្គាល់ឃើញបែបនេះ។
យ៉ាងណាក៏ដោយចុះ សម្រាប់ឯកអគ្គរដ្ឋទូតអាមេរិករូបនេះ វានៅតែមានរបាំងឧសគ្គមួយចំនួនសម្រាប់ ស្ត្រីដែលត្រូវការការកែលម្អ។ លោកសង្កត់ធ្ងន់ថា ចំនួនស្ត្រីមានតិចតួចនៅឡើយដែលបានកាន់តំណែងជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ក្នុងស្ថាប័នយុត្តាធិការ និងកងកម្លាំងប្រដាប់អាវុធជាដើមដូចជាយោធា មកដល់បច្ចុប្បន្ន៕
Tag:
លោក William A.Heidt
ស្ត្រី
ជំនួញ
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com