អន្តរជាតិ
លោក ស៊ី ជិន​ភីង​៖ គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​វិថី មិនមែនជា​អន្ទាក់​ដូច​គេ​ថាឡើយ​
17, Nov 2018 , 9:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា បាន​និយាយ​ការពារ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី ដែលជា​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​ដើម្បី​ត​ភ្ជាប់​អាស៊ី អាហ្វ្រិក និង​អឺរ៉ុប​ជាដើម​។ ប៉ុន្តែ​គម្រោង​នេះ​បាន​រង​ការរិះគន់​ខ្លាំង​ពី​សំណាក់​លោកខាងលិច ដោយ​ចោទ​ចិន​ថា កំពុង​ធ្វើ​ឲ្យ​ប្រទេស​ក្រីក្រ​ដែល​ទទួល​លុយ​ចិន ធ្លាក់​ក្នុង​អន្ទាក់​បំណុល​។ លោក ស៊ី បាន​តប​នឹង​ពាក្យរិះគន់​នេះ​ថា គំនិត​ផ្ដួចផ្ដើម​របស់លោក គ្មាន​របៀបវារៈ​ក្រោយខ្នង​ឡើយ​។

 
​ចំពោះមុខ​អ្នកជំនួញ​ជាច្រើន​នា​ជំនួប APEC CEO នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​ទាត់ចោល​ពាក្យរិះគន់​របស់​ប្រទេស​ខ្លះ​មកលើ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី ដែល​លោក​ជា​អ្នក​ដាក់ចេញ​ផ្ទាល់​កាលពី​ឆ្នាំ​២០១៣ ។ ពាក្យរិះគន់​ច្រើន​កើតចេញពី​បស្ចិម​លោក ដោយ​អាមេរិក​ជា​អ្នក​ចេញមុខ​វាយប្រហារ​ខ្លាំងជាងគេ​រហូត​ប្រើពាក្យ​ថា ចិន​ធ្វើ​ឲ្យ​ប្រទេស​ខ្ចីលុយ​ខ្លួន​ធ្លាក់​ចូលក្នុង​បំណុល និង​បាត់បង់​ដែន​អធិបតេយ្យភាព​ទៀត​។​
 
​ថ្លែង​ពី​កម្មវិធី​នៅ​ប៉ា​ពួ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​ដែលជា​ម្ចាស់ផ្ទះ APEC ឆ្នាំ​២០១៨ លោក ស៊ី និយាយថា គំនិត​ផ្ដួចផ្ដើម​របស់​ចិន មិនមែន​បង្កើត​ដើម្បី​ប្រើ​របៀបវារៈ​នយោបាយ​លាក់បាំង​អ្វី​ទេ និង​ក៏​មិន​សំដៅ​នរណាម្នាក់ ឬ​មិន​ឲ្យ​នរណាម្នាក់​ចូលរួម​ដែរ ហើយ​រឹតតែ​មិនមែនជា​អន្ទាក់​ដូចដែល​អ្នកខ្លះ​និយាយ​ដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​មិន​ត្រឹម​ការពារ​គម្រោង​ផ្លូវ​សូត្រ​របស់ខ្លួន​ឡើយ មេដឹកនាំ​ចិន​ក៏​ឆ្លៀត​វាយប្រហារ​នយោបាយ​គាំពារ​និយម និង​ការ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ទៅវិញ​។ ទោះជា​មិន​បញ្ចេញ​ឈ្មោះ គេ​ដឹងថា លោក ស៊ី ពិតជា​ចង់​រិះគន់​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​កំពុង​អនុវត្ត​នយោបាយ​ទាំងនេះ​។ លោក ស៊ី និយាយ​ដោយ​ត្រង់ៗ​ថា យើង​គួរ​និយាយ​ទេ​! ចំពោះ​នយោបាយ​គាំពារ​និយម និង​គំនិត​ឯកតោភាគី​និយម​។​
 
​ឯ​រឿង​ជម្លោះ​ពាណិជ្ជកម្ម​វិញ លោក ស៊ី នៅតែ​និយាយ​បញ្ច្រាស់​អាមេរិក​បន្តទៀត​។ ក្នុងជំនួប​ដែល​ធ្វើ​នៅ​រដ្ឋធានី​ព័រ​ម៉ូ​រ៉េ​ស​ប៊ី ប្រធានាធិបតី​ចិន​រូបនេះ​បញ្ជាក់ថា គ្មាន​នរណា​ឈ្នះ មិន​ថា​សង្គ្រាម​ពាណិជ្ជកម្ម សង្គ្រាមត្រជាក់ ឬ​សង្គ្រាម​ក្ដៅ​ឡើយ​។ លោក​បន្តថា ការប៉ុនប៉ង​បង្កើត​របាំង​ពន្ធ និង​ការ​កាត់ផ្ដាច់​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាការ​ដើរ​ផ្ទុយ​ពី​ច្បាប់​សេដ្ឋកិច្ច និង​ទំនោរ​ប្រវត្តិសាស្ត្រ ដែល​វា​ជា​វិធីសាស្ត្រ​រយៈពេល​ខ្លី និង​រង​បរាជ័យ​នៅពេល​ខាងមុខ​។​
 
​ប្រធានបទ​ពាណិជ្ជកម្ម​អន្តរជាតិ ទំនងជា​គ្របដណ្ដប់​កិច្ចប្រជុំ APEC ឆ្នាំនេះ ខណៈ​ប្រធានាធិបតី​អាមេរិក​មិនបាន​ចូលរួម​ឡើយ​។  អវត្តមាន​មេដឹកនាំ​អាមេរិក​ក្នុង​កិច្ចប្រជុំ​ដែលជា​វេទិកា​អន្តររដ្ឋាភិបាល មាន​សមាជិក​សរុប ២១ មិន​ខុសពី​ផ្តល់ឱកាស​ល្អ​ដល់​មេដឹកនាំ​ចិន​ក្នុង​ពង្រឹង​ឥទ្ធិពល និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់ ចំពេល​ដែល​ភាព​តានតឹង​ពាណិជ្ជកម្ម និង​គោលនយោបាយ​គាំពារ​និយម​ឡើយ​៕     
 

Tag:
 ចិន​
  អាមេរិក​
  BRI
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com