អន្តរជាតិ
ការវាយប្រហារ​របស់​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​ក្នុងប្រទេស​ស៊ី​រី​សម្លាប់​មនុស្ស​៤០​នាក់​
18, Nov 2018 , 10:59 am        
រូបភាព
ដោយ: VOA
​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស៊ី​រី​និង​ក្រុម​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បាន​និយាយថា យ៉ាងហោចណាស់​មនុស្ស​៤០​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេស​ស៊ី​រី​ដោយ​ការវាយប្រហារ​ដោយ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​។​

 
​ការវាយប្រហារ​តាម​អាកាស​បានកើត​ឡើង​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​នៅ​ក្នុងភូមិ Abu Husn នៅ​ជិត​ទីក្រុង Hajin​។ តំបន់​នេះ​ត្រូវបាន​គេ​ស្គាល់​ថា ជា​តំបន់ Deir el-Zor នៅតាម​ព្រំដែន​ស៊ី​រី​ជាមួយ​អ៊ីរ៉ាក់​។ ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​មិនបាន​បញ្ជាក់​អំពី​របាយ​ការណ៍​នេះ​ទេ​។ មេបញ្ជាការរង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Christopher Ghika បាន​និយាយប្រាប់​សារព័ត៌មាន Associated Press ថា ការប្រយុទ្ធ​នេះ​គឺ​«​ពិបាក​»​ដូច​ការរំពឹងទុក​។ 
 
​លោក Khattar Abou Diab អ្នកវិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ប៉ារីស បាន​ប្រាប់​វី​អូ​អេ​ថា ស្ថានភាព​អាកាសធាតុ​មិនល្អ​និង​ពពក​ច្រើន​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងមក​បានធ្វើឱ្យ​ក្រុម​សកម្មប្រយុទ្ធ​មានឱកាស​ព្យាយាម​ដណ្តើមយក​ទីតាំង​ដែល​បាត់បង់​ដែល​ធ្វើឱ្យ​ការប្រយុទ្ធ​កាន់តែ​ពិបាក​។ 
 
​លោក Rami Abdel Rahman អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​បាន​រាយការណ៍​អំពី​ការស្លាប់​នេះ ដោយ​និយាយថា នេះ​ជា​ចំនួន​អ្នកស្លាប់​ច្រើន​បំផុត​ចាប់តាំងពី​ក្រុមចម្រុះ​បាន​បើក​ការវាយប្រហារ​នៅ​តំបន់​នេះ​កាលពី​ខែកញ្ញា​។ 
 
​លោក​បាន​និយាយថា ការវាយប្រហារ​តាម​អាកាស​បានសម្លាប់​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ចំនួន​៣​នាក់ រួមជាមួយ​ជន​ស៊ីវិល​និង​សមាជិកគ្រួសារ​នៃ​ពួក​សកម្មប្រយុទ្ធ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com