កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​៥​រូប​ដែល​ត្រូវ​ប្រជែង​ពាន BBC African Footballer of the Year ប្រចាំឆ្នាំ​២០១៨
18, Nov 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​បណ្តាញ​ព័ត៌មាន BBC បានបង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​៥​រូប ដែល​ត្រូវ​ប្រជែង​យកពាន BBC African Footballer of the Year ប្រចាំឆ្នាំ​២០១៨ ហើយ​តម្រូវ​ឲ្យ​មានការ​ចូលរួម​ការបោះ​ឆ្នោត​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ រហូតដល់​ថ្ងៃទី​២ ខែធ្នូ​។​

 
​កីឡាករ​ទាំង​៥​រូបនោះ រួមមាន Medhi Benatia (​ម៉ា​រ៉ុ​ក​), Kalidou Koulibaly (​សេ​ណេ​ហ្គា​ល់​), Sadio Mane (​សេ​ណេ​ហ្គា​ល់​), Thomas Partey (​ហ្គា​ណា​) និង Mohamed Salah (​អេ​ហ្ស៊ី​ប​)​។ ពួកគេ​ត្រូវបាន​ជ្រើសរើស​ក្រុម​អ្នកជំនាញ​បាល់ទាត់​នៅ​អាហ្វ្រិក​។ លទ្ធផល​ជ័យលាភី​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨​។​
 
Medhi Benatia ខ្សែការពារ​កណ្តាល​ក្លិប Juventus ជា​កីឡាករ​ដែល​បានឈ្នះ​ពាន​ក្របខណ្ឌ​ក្នុងស្រុក​៤​រដូវ​កាល​ជាប់ៗ​គ្នា​។ គេ​បានឈ្នះ​ពាន​២​លើក​ជាមួយ Bayern Munich ហើយ​បន្ត​ឈ្នះ​២​លើក​ទៀត​ជាមួយ Juventus​។ នៅ World Cup គេ​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​ក​។​
 
Kalidou Koulibaly ខ្សែការពារ Napoli ជា​ចំណែក​មួយ​ដ៏​ធំ​ដែល​ជួយ​ឲ្យ​ក្រុម​ឡើងទៅ​ប្រកៀក​ជាមួយ Juventus សម្រាប់​ពាន Serie A​។ នៅ World Cup គេ​បាន​លេង​ចំនួន​២៧០​នាទី​សម្រាប់​ក្រុម​ជម្រើសជាតិ​សេ​ណេ​ហ្គា​ល់​។​
 
Sadio Mane បាន​លេង​ឲ្យ​សេ​ណេ​ហ្គា​ល់​គ្រប់​ការប្រកួត​នៅ World Cup ហើយ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​លើ​ក្រុម​ជម្រើសជាតិ​ជប៉ុន​។ ជាមួយគ្នានេះ Mane បាន​ស៊ុត​បាល់​បញ្ចូល​ទី​រហូតដល់​ទៅ​១០​គ្រាប់​ក្នុង​ពានរង្វាន់ Champions League ក្នុងនោះ​១​គ្រាប់ ខណៈ Liverpool ចាញ់ Real Madrid ៣-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ 
 
Thomas Partey បាន​ព្យាយាម​រហូត​ក្លាយជា​ខ្សែបម្រើ​ស្ថិតក្នុង​ជម្រើស​ដំបូង​របស់លោក Diego Simeone ហើយក៏​បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង នាពេល Atletico Madrid ឈ្នះ Marseille នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Europa League ផងដែរ​។ ក្នុង​ក្រុម​ជម្រើសជាតិ​ហ្គា​ណា Partey បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុងជំនួប​មិត្តភាព​ជាមួយ​ជប៉ុន និង​អ៊ី​ស្លង់​។​
 
Mohamed Salah ជា​ម្ចាស់​ពាន​កាលពី​ឆ្នាំមុន បន្ទាប់ពី Jay-Jay Okocha, Michael Essien, Didier Drogba, Yaya Toure និង Riyad Mahrez​។ ខ្សែប្រយុទ្ធ Liverpool បានឈ្នះ​ស្បែកជើង​មាស​ក្នុង​ក្របខណ្ឌ Premier League កាលពី​រដូវ​កាល​មុន​ដោយ​ស៊ុត​បាល់​បញ្ចូល​ទី​៣២​គ្រាប់ ហើយ​នៅក្នុង​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប គេ​តែងតែ​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​ផងដែរ​៕
 

Tag:
 African Fooballer of the Year
© រក្សាសិទ្ធិដោយ thmeythmey.com