អន្តរជាតិ
UN អនុម័ត​ដំណោះស្រាយ​ថ្កោលទោស​មី​យ៉ាន់​ម៉ា ប៉ុន្តែ កម្ពុជា ចិន ហ្វីលីពីន រុស្ស៊ី​...​បោះឆ្នោត​ជំទាស់​
18, Nov 2018 , 2:33 pm        
រូបភាព
ដោយ:
​គណៈកម្មាធិការ​ទី​៣​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ បានអនុម័ត​លើ​សេចក្តីសម្រេច​ថ្មី​មួយទៀត ដើម្បី​ថ្កោលទោស​លើ​ហិង្សា ដែល​កើតឡើង​នៅក្នុង​រដ្ឋ​រ៉ា​ខាន (Rakhine) របស់​មី​យ៉ាន់​ម៉ា​។ គណៈកម្មាធិការ ក៏បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ធានា​ពី​ការគោរព​សិទ្ធិមនុស្ស និង​បើក​ការស៊ើបអង្កេត​តម្លាភាព​មួយ​ដើម្បី​នាំយក​អ្នកទទួលខុសត្រូវ​ពី​ក្រោយមក​ប្រឈមមុខ​ច្បាប់​។


 
​គណៈកម្មាធិការ​ទី​បី​ទទួលបន្ទុក​ផ្នែក​សង្គម មនុស្សធម៌ និង​វប្បធម៌​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​១៦ វិច្ឆិកា បានអនុម័ត​សេចក្តីសម្រេច​ថ្មី​មួយ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​មី​យ៉ាន់​ម៉ា ដោយមាន​សំឡេងគាំទ្រ​ពី​រដ្ឋ​សមាជិក ១៤២, អនុបវាទ ២៦ និង​ជំទាស់​១០​សំឡេង​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការសហប្រជាជាតិ​។ 
​រដ្ឋ​ទាំង​១០ ដែល​ជំទាស់​ការអនុម័ត​លើ​សេចក្តីសម្រេច​ថ្កោលទោស​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​រួមមាន ដូចជា បេឡា​រុស បូ​រ៉ុ​ន​ឌី ចិន ឡាវ ហ្វីលីពីន រុស្ស៊ី វៀតណាម ស៊ីម​ប៉ា​វេ កម្ពុជា និង​មី​យ៉ាន់​ម៉ា​ខ្លួនឯង​ផ្ទាល់​។ មី​យ៉ាន់​ម៉ា បានប្រកាស​មិន​ទទួលស្គាល់​ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្តីសម្រេច ដោយ​ទាំង​ពណ៌នា​ថា គ្មាន​ការធានា​ពី​នីតិវិធី​ច្បាស់លាស ពិសេស​នោះ មើលរំលង​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា​។  
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ សេចក្តីសម្រេច ដែល​ត្រូវបាន​ផ្ចុងផ្តើម ដោយ​អង្គការ​សហប្រតិបត្តិកា​រ​អ៊ីស្លាម (OIC) និង​សហភាព​អឺរ៉ុប បាន​សម្តែង​ការព្រួយបារម្ភ​ខ្លាំង​ពី​ស្ថានភាព​សិទ្ធិមនុស្ស​មី​យ៉ាន់​ម៉ា ជាពិសេស​នោះ​លើ​បញ្ហា​នៅក្នុង​រដ្ឋ​រ៉ា​ខាន ដែលជា​បញ្ហា​ហិង្សា និង​បាន​បង្ក​ឲ្យ​មាន​ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​ចាក​ចេញពី​មី​យ៉ាន់​ម៉ា​ទៅ​ប្រទេសជិតខាង​។ 
 
​មិន​ខុសពី​សេចក្តីសម្រេច​មុនៗ បាន​ថ្កោលទោស​យ៉ាងខ្លាំង​ទៅលើ​ការបំពាន​សិទ្ធិមនុស្ស​គ្រប់​ទម្រង់​នៅក្នុង​មី​យ៉ាន់​ម៉ា ហើយក៏​បាន​ទទូច​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ ដើម្បី​នាំយក​អ្នកបង្ក​ពាក់ព័ន្ធ​មក​ទទួលខុសត្រូវ​ផ្នែក​ច្បាប់​។ សេចក្តីសម្រេច​នោះ ក៏បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ជួយ​ជ្រោមជ្រែង​កម្មវិធី​ជំនួយ​មនុស្សធម៌​សម្រាប់​ជនរងគ្រោះ​ផងដែរ​។​
 
​គួរ​ជម្រាប​ផងដែរ​ថា គិត​ចាប់ពី​ការវាយប្រហារ​រវាង​ក​ង​កម្លាំង​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម បាន​ផ្ទុះឡើង​នៅ​រដ្ឋ​រ៉ា​ខាន​របស់​មី​យ៉ាន់​ម៉ា នៅ​ខែសីហា ឆ្នាំមុន​មក រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​ក្លាយជា​គោលដៅ ដែល​ប្រៀប​ដូច​ផ្ទាំង​ស៊ី​ប​មួយ សម្រាប់​សហគមន៍​អន្តរជាតិ ដោយ​ពួកគេ បាន​ចោទ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា មិនមាន​ឆន្ទៈ​ដោះស្រាយ ខណៈ​មី​យ៉ាន់​ម៉ា ក៏បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀតថា បញ្ហា​នេះ ទាមទារ​យុទ្ធសាស្ត្រ និង​ពេលវេលា​វែង​៕ 
 

Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន​
  រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com