អន្តរជាតិ
មី​យ៉ាន់​ម៉ា បន្ទោស​បង់​ក្លា​ដែ​ស​ដែល​មិន​ព្រម​បញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា តែ​UN សាទរ​ចំណាត់​ការបង់​ក្លា​ដែ​ស​
18, Nov 2018 , 8:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ បាន​សម្តែង​ការខកចិត្ត និង​បន្ទោស​រដ្ឋាភិបាល​ក្រុង​ដា​ហ្កា ដែល​មិន​គោរព​តាម​កិច្ចព្រមព្រៀង​ក្នុងការ​បញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ត្រឡប់​ទៅ​ស្រុកកំណើត​របស់​ពួកគេ​វិញ​។ ក្រុង​ណៃ​ពិដោរ ចាត់ទុក​ឥរិយាបថ​របស់​ក្រុង​ដា​ហ្កា​បែបនេះ ថា​ជាការ​បរាជ័យ​ផ្នែក​ច្បាប់​មួយ​។​


 
​បន្ទាប់ពី​រដ្ឋាភិបាល​ប​ង់​ក្លា​ដែ​ស មិន​ព្រម​បញ្ជូន​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ទៅកាន់​មី​យ៉ាន់​ម៉ា​វិញ មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា លោក Myint Thu នៅ​ថ្ងៃទី​១៥ វិច្ឆិកា បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​បង្ហាញ​ពី​ជំហរ​មិន​ពេញចិត្ត ដោយ​ថែមទាំង​បាន​បន្ទោស​បង់​ក្លា​ដែ​ស​ថា​មិន​ព្រម​សហការ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Myanmar Times​។​
 
​មន្ត្រីជាន់ខ្ពស់​ដដែល​នោះ បាន​អះអាងថា ភាគី​មី​យ៉ាន់​ម៉ា បាន​រង់ចាំ​ស្វាគមន៍ និង​ទទួល​ជនភៀសខ្លួន​ជុំ​ទី​១​ជាង​២០០០​នាក់ ដែល​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស បាន​ឯកភាពគ្នា​ថា នឹងត្រូវ​បញ្ជូន​នៅ​ថ្ងៃ​១៥ ខែវិច្ឆិកា​។ ក៏ប៉ុន្តែ ការទន្ទឹងរង់ចាំ​នេះ បែរជា​គ្មាន​ន័យ​ញ​ទៅវិញ ដោយ​មី​យ៉ាន់​ម៉ា ចោទថា ភាគី​បង់​ក្លា​ដែ​ស មិនបាន​រៀបចំ​បញ្ជី​ឈ្មោះ និង​ជូនដំណឹង​ដល់​ជនភៀសខ្លួន​ពី​ការរៀប​បញ្ជូន​ពួកគេ​ទៅ​មី​យ៉ាន់​ម៉ា​វិញ​។ 
 
​តាម លោក Mynt Thu ជនភៀសខ្លួន​ដែល​កំពុងស្នាក់នៅ​ក្នុង​ទឹកដី​បង់​ក្លា​ដែ​សមាន​បី​ប្រភេទ​។ ប្រភេទ​ទីមួយ ជនភៀសខ្លួន​ដែល​មិន​ចង់​ត្រលប់មក​មី​យ៉ាន់​ម៉ា​វិញ ហើយ​ចង់​រស់នៅ​ក្នុងប្រទេស​ទី​បី​។ ប្រភេទ​ទី​ពីរ អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ហិង្សា​ក្នុង​រដ្ឋ​រ៉ា​ខាន​ចុងឆ្នាំ​មុន ហើយ​មិន​ចង់​ត្រលប់មក​មី​យ៉ាន់​ម៉ា​វិញ​។ ប្រភេទ​ទី​បី អ្នក​ដែល​ចង់​ត្រលប់​មកជួបជុំ​ញាតិមិត្ត​បងប្អូន​នៅ​មី​យ៉ាន់​ម៉ា​វិញ​។ 
 
​លោក សង្កត់ធ្ងន់ថា ប្រភេទ​ជនភៀសខ្លួន​ទី​មួយ និង​ទី​ពីរ នឹងមិន​ត្រឡប់មកវិញ​មី​យ៉ាន់​ម៉ា​វិញ​ឡើយ ក៏ប៉ុន្តែ​លោក ថ្លែងថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា នឹង​នៅតែ​បន្ត​អនុវត្តតាម​កិច្ចព្រមព្រៀង​ក្នុងការ​ផ្តល់​ទីជម្រក​ដល់​ជនភៀសខ្លួន ហើយ មី​យ៉ាន់​ម៉ា នឹង​ទទួល​យកតែ​ជនភៀសខ្លួន​ទាំងឡាយណា​ដែលមាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ច្បាស់លាស់​នោះទេ​។ 
 
​គួរកត់សម្គាល់​ផងដែរ​ថា ការណ៍​ដែល​បង់​ក្លា​ដែ​ស បែរជា​មិន​អនុវត្តតាម​កិច្ចព្រមព្រៀង​ជាមួយនឹង​មី​យ៉ាន់​ម៉ា ក៏​ជា​ផ្នែក​មួយ បន្ទាប់ពី​អ្នករាយការណ៍​សិទ្ធិមនុស្ស​ប្រចាំ​មី​យ៉ាន់​ម៉ា​របស់​អង្គការសហប្រជាជាតិ បាន​ទទូច​ឲ្យ​បង់​ក្លា​ដែ​ស​បញ្ឈប់​ការអនុវត្ត​កិច្ចព្រមព្រៀង ដ្បិត​មី​យ៉ាន់​ម៉ា នៅ​មិនទាន់​ធានា​ពី​ការ​គាំពារ និង​ផ្តល់​អត្ថប្រយោជន៍​តាម​តម្រូវការ​របស់​ជនភៀសខ្លួន​បាន​នៅឡើយ​នោះ​។ 
 
​ជុំវិញ​ការមិន​ទាន់​បញ្ជូន​ជនភៀសខ្លួន​នេះ ក៏ត្រូវ​បាន​សាទរ​ពី​ភ្នាក់ងារ​ជំនាញ​របស់​អង្គការសហប្រជាជាតិ UNICEF ផងដែរ​។ សម្រាប់ UNICEF ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ស្ថិតនៅក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​បំផុត ហើយ​ពួកគេ ក៏​មិន​ត្រូវបាន​បង្ខំ​ឲ្យ​ត្រលប់​ទៅវិញ ទាំង​ពួកគេ នៅ​មិនទាន់​អាច​ធានាបាន​ពី​ការផ្តល់​សិទ្ធិ​ពលរដ្ឋ​ស្របច្បាប់​ពី​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ផងដែរ​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  បង់​ក្លា​ដែ​ស​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com