ជាតិ
បុណ្យអុំទូក
សុខភាព
ស្រោមអនាម័យ​៣​ម៉ឺន ត្រៀម​ចែក​ឲ្យ​ពលរដ្ឋ ក្នុង​ពិធីបុណ្យ​អុំទូក
19, Nov 2018 , 7:59 am        
រូបភាព
​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ (NAA) នឹង​រៀបចំ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ និង​ត្រៀម​ស្រោមអនាម័យ​ចំនួន​៣​ម៉ឺន សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺអេដស៍ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខ​។


 
​ក្រុមការងារ​បាន ត្រៀម​រៀបចំ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ នឹង​រៀបចំ​ក្រុម​ឡាន​ចល័ត ដើម្បី​ចុះ​ផ្សព្វផ្សាយ​អប់រំ និង​ត្រៀម​ចែក​ស្រោមអនាម័យ​៣​ម៉ឺន​ស្រោម ដោយ​ឥតគិតថ្លៃ នៅតាម​ទីប្រជុំជន សួនច្បារ តំបន់​កោះ​ពេជ្រ កន្លែង​ក្រុម​កីឡាករ​អុំទូក​ស្នាក់នៅ និង​តំបន់​មាត់ទន្លេ​ត្រើយ​ខាងលិច ដែលមាន​មនុស្ស​ច្រើន​កុះករ មកលេង​កម្សាន្ដ​ច្រើន ដើម្បី​ផ្ដល់​សារ​អប់រំ​ខ្លីៗ អំពី​មេរោគ​អេដស៍​។ នេះ​បើតាម​លោក តែង គ​ន្ធី អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ បានផ្ដល់​បទ​សម្ភាស​ដ​ល់​វិទ្យុជាតិ​។ 
 
​លោក លើកឡើងថា ក្នុង​ពិធីបុណ្យ​អុំទូក​ខាងមុខ ក៏មាន​ការរៀបចំ​កន្លែង​ធ្វើតេស្ត​ឈាម សម្រាប់ធ្វើ​តេស្ត​ឈាម​ស្វែងរក​មេរោគ​អេ​ដ​ស៏​ដោយ​ឥតគិតថ្លៃ និង​ណែនាំ​ដើម្បី​ទទួលបាន​ថ្នាំ​ពី​ក្រសួងសុខាភិបាល ដែល​នៅ​ជិត​ផ្ទះ​របស់​ពួកគេ​។ លោក បន្តថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ បាន​សហការ​ជាមួយ​តារាចម្រៀង តារា​សម្តែង និង​តារា​កំប្លែង ដែល​នឹងត្រូវ​សម្តែង​សិល្បៈ​កម្សាន្ត ហើយ​ផ្តល់​ជា​សារ​អប់រំ ដល់​ប្រជាពលរដ្ឋ ដែល​មក​ទស្សនា​ផងដែរ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ពួកគេ ចេះ​ការពារ​ខ្លួន​ពី​ជំងឺអេដស៍ ។​
 
​យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ អត្រា​ឆ្លង​ជំងឺអេដស៍​ថ្មី​នៅ​កម្ពុជា បាន​ថយចុះ​ពី​១០០​នាក់​នៅ​ឆ្នាំ​១៩៩៨ មក​នៅត្រឹម​៣​នាក់ នៅ​ឆ្នាំ​២០១០ និង​បន្ត​ថយចុះ​នៅសល់ ២​នាក់ នៅ​ឆ្នាំ​២០១៦​។ ទោះបី​យ៉ាងណាក្ដី តាម​ការប៉ាន់ស្មាន បច្ចុប្បន្ននេះ មាន​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ចំនួន​៧២០០០​នាក់ ដោយ​ក្នុងនោះ បានទទួល​ព្យាបាល​ដោយ​ឱសថ​ប្រឆាំងនឹង​មេរោគ​អេដស៍​ចំនួន​៥៧០០០​នាក់ ស្មើនឹង​៧៥​ភាគរយ​៕

Tag:
 NAA
© រក្សាសិទ្ធិដោយ thmeythmey.com