ជាតិ
លោក ថោង ខុន ហាម​ម្ចាស់​សេវាកម្ម​ស្នាក់នៅ និង​ម្ហូបអាហារ ដំឡើងថ្លៃ​ក្នុងឱកាស​បុណ្យ​សមុទ្រ​
19, Nov 2018 , 8:59 am        
រូបភាព
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ហាម​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ និង​កន្លែង​លក់​អាហារ ដំឡើងថ្លៃ ក្នុង​ពិធីបុណ្យ​សមុទ្រ ដែល​នឹង​ប្រារព្ធ នៅ​ថ្ងៃទី​១៤-១៦ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ​។ ការអំពាវនាវ​របស់​លោក ថោង ខុន បែបនេះ ធ្វើឡើង​នៅក្នុង​ជំនួប​អភិបាលខេត្ត​កោះកុង​លោកស្រី មិថុនា ភូ​ថង កន្លងមក​។​

 
​លោក ថោង ខុន បាន​បញ្ជាក់ថា ក្រុមការងារ​កំពុង​ដោះស្រាយ​បញ្ហា​សេវា​ស្នាក់នៅ ម្ហូបអាហារ និង​សេវា​តម្រូវការ​នានា ជូន​ភ្ញៀវទេសចរ​ក្នុងឱកាស​បុណ្យ​សមុទ្រ​នេះ​។  រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​និយាយ​ដូច្នេះ​ថា​៖« សេវាកម្ម​ស្នាក់នៅ​-​ម្ហូបអាហារ និង​សេវា​តម្រូវការ​នានា នឹង​រៀបរយ​ស្រេចបាច់​មុន​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​នេះ ឈានចូល​មកដល់​»​។​
 
​បច្ចុប្បន្ននេះ​ក្រុមការងារ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រដ្ឋបាល​ខេត្តកោះកុង កំពុង​ព​ន្លឿ​ន​ការងារ​ស្ថាបនា​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រៀងរាល់ថ្ងៃ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​បញ្ហា​ផ្លូវ ធ្វើដំណើរ​ទៅ​ទស្សនា​ពិធីបុណ្យ​សមុទ្រ ។  នេះ​បើតាម​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​។​
 
​លោកស្រី មិថុនា ភូ​ថង បាន​និយាយថា ក្រៅពី​ទៅលេង​បុណ្យ​សមុទ្រ​នេះ ភ្ញៀវទេសចរ​កម្ពុជា ក៏​អាច​ឆ្លងទៅ​ទស្សនា និង​ស្នាក់នៅ​ខេត្ត​ត្រាច ប្រទេស​ថៃ​ផងដែរ​។  « ក្រុមការងារ​ខាង​ភាគី​កម្ពុជា ក៏បាន​សម្របសម្រួល​ជាមួយ​ភាគី​ថៃ ដើម្បី​អនុញ្ញាតឱ្យ​ភ្ញៀវទេសចរ​ពី​កម្ពុជា​ដែល​មក​ទស្សនា​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង អាច​ឆ្លងទៅ​ទស្សនា​នៅ​ខេត្ត​ត្រាច ប្រទេស​ថៃ និង​ស្នាក់នៅ​ទីនោះ​បាន​ផងដែរ​»​។ នេះ​បើតាម​អភិបាលខេត្ត​កោះកុង​។​
 
​គួរ​បញ្ជាក់ថា បុណ្យ​សមុទ្រ​នឹង​ប្រារព្វ​ធ្វើឡើង រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែធ្នូ ខាងមុខ ៕
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com