សុខភាព
អន្តរជាតិ
របាយការណ៍វិទ្យាសាស្ត្រ៖ កម្ទេចប្លាស្ទិកតូចៗចាប់ផ្តើមមានវត្តមានក្នុងចំណីអាហារ
×
បំណែកប្លាស្ទិកតូចល្អិតដែលគេហៅថាមីក្រូប្លាស្ទិកត្រូវបានអ្នកជំនាញផ្នែកសុខភាពរកឃើញក្នុងលាមករបស់មនុស្ស។ នេះបញ្ជាក់ថាសារធាតុប្លាស្ទិកកំពុងតែវត្តមាននៅក្នុងបណ្តាញចំណីអាហាររបស់មនុស្សហើយ។
ទូរទស្សន៍សិង្ហបុរី Channel News Asia ផ្សាយថា ការសិក្សាមួយថ្មីស្តីពីបញ្ហាប្លាស្ទិកនេះត្រូវបានធ្វើឡើងនៅតាមបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប រួមជាមួយប្រទេសជប៉ុន និងរុស្សី ។
លទ្ធផលត្រូវបានអ្នកវិទ្យាសាស្ត្រផ្នែកប្រព័ន្ធរំលាយអាហារនៅទីក្រុងវ្យែន ប្រទេសអូទ្រីស បង្ហាញថា មីក្រូប្លាស្ទិកចំនួន២០ មានវត្តមានក្នុងលាមកមនុស្សទម្ងន់១០ក្រាម។ ជាទូទៅមីក្រូបា្លស្ទិកទាំងនេះមានទំហំចាប់ពី ៥០ទៅ៥០០មីក្រូម៉ែត្រ។ សរសៃសក់មនុស្សមានកម្រាស់ត្រឹមតែ១០០មីក្រូម៉ែត្រប៉ុណ្ណោះ។
ភាគច្រើនមីក្រូប្លាស្ទិកទាំងអស់នេះគឺជាបំណែកប្លាស្ទិកតូចដែលបែកចេញពីកាកសំណល់ប្លាស្ទិកធំៗដូចជាដបទឹក កំប៉ុងជ័រ ទុយោរ ប្រអប់ស្នោរជាដើម។ របស់ប្រើប្រាស់ទាំងនេះផ្សំឡើងពីសារធាតុគីមីអសរីរាង្គម្យ៉ាងដែលមានឈ្មោះថា Polypropolyne ដែលជាសារធាតុកម្រនឹងរលាយចូលទៅក្នុងធម្មជាតិវិញ។
អ្នកជំនាញខាងសុខភាពលោក Phillip Schwabl មកពីមហាវិទ្យាល័យរបស់ទីក្រុងវ្យែន ដែលកំពុងសិក្សាអំពីបញ្ហានេះបាននិយាយថា៖ «ខ្ញុំក៏មិនទាន់បានរកឃើញពីផលវិបាកដែលកើតមានលើខ្លួនប្រាណមនុស្សដោយសារមីក្រូប្លាស្ទិកនេះដែរ»។
ប៉ុន្តែការប៉ាន់ស្មានមួយចំនួនត្រូវបានគេលើកឡើងដូចជាជំងឺរលាកពោះវៀន អាចកើតឡើងដោយសារមីក្រូប្លាស្ទិកនេះមែន។ ចំណែកឯលោក Alistair Boxall ដែលជាសាស្ត្រាចារ្យមកពីមហាវិទ្យាល័យ York របស់ប្រទេសអង់គ្លេសក៏បានបានបញ្ជាក់ផងដែរ លោកមិនភ្ញាក់ផ្អើលទេនៅពេលដែលវត្តមាននៃមីក្រូប្លាស្ទិកដូចនេះនៅក្នុងអាហារទេ។ លោកបន្ថែមថា ពេលខ្លះវាគឺជារឿងធម្មតាតែប៉ុណ្ណោះនៅពេលដែលធាតុទាំងនេះមានវត្តមានក្នុងចំណីអាហារដែលមនុស្សបរិភោគ។ ជារួមការសិក្សាជាច្រើនទៀតនឹងត្រូវតែបន្តធ្វើដើម្បីទទួលបានចម្លើយប្រាកដមួយពីបញ្ហាចោទជុំវិញសុខភាពមនុស្ស៕
Tag:
ប្លាស្ទិក
ចំណីអាហារ
សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com