អន្តរជាតិ
រដ្ឋមន្ត្រី​សន្តិ​សុខ​បច្ចេកវិទ្យា​ជប៉ុន អះអាងថា លោក​មិន​ធ្លាប់ប្រើ​កុំព្យូទ័រ​ទាល់តែសោះ​
18, Nov 2018 , 5:04 pm        
រូបភាព
ដោយ: ធីតា
​លោក Yoshitaka Sakurada ទើបត្រូវ​បានតែងតាំង​ជា​រដ្ឋមន្ត្រី​សុខ​សុខ​បច្ចេកវិទ្យា (Cybersecurity) ក្រោយ​ការជាប់ឆ្នោត​សារជាថ្មី​របស់លោក​នាយ​ក​រដ្ឋមន្ត្រី Shinzo Abe​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ លោក Sakurada បាន​អះអាងថា លោក​មិនដែល​ធ្លាប់​ប្រើប្រាស់​កុំព្យូទ័រ​នោះឡើយ​។​

 
«​ចាប់តាំងពី​ខ្ញុំ​អាយុ​២៥​ឆ្នាំ​មក ខ្ញុំ​តែងតែ​ធ្វើការ​ជាមួយ​បុគ្គលិក និង​លេខា​របស់ខ្ញុំ ពោលគឺ​ខ្ញុំ​មិន​ធ្លាប់​ប្រើប្រាស់​កុំព្យូទ័រ​ទាល់តែសោះ​»​។ នេះ​សំដី​របស់លោក Sakurada ដែល​ដកស្រង់​ដោយ Kyodo News ខណៈ​លោក​ឆ្លើយ​ទៅកាន់​សមាជិកសភា ទាក់ទង​នឹង​ជំនាញ​របស់ខ្លួន​។​
 
​លោក Sakurada អាយុ​៦៨​ឆ្នាំ ក៏មាន​តួនាទី​ផងដែរ​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ព្រឹត្តិការណ៍​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ ដោយ​លោក​ត្រូវ​ដឹកនាំ​ការត្រួតពិនិត្យ​សុវត្ថិភាព​កុំព្យូទ័រ និង​បញ្ហា​ផ្សេងៗ​ផ្នែក​ព័ត៌មានវិទ្យា​។​
 
​តំណាងរាស្ត្រ​ម្នាក់​អស់សំណើច នៅពេលដែល​ឮថា មន្ត្រី​ដែល​ទទួលបន្ទុក​ផ្នែក​សុវត្ថិភាព​កុំព្យូទ័រ ប៉ុន្តែ​ជាម​នុស្ស​ដែល​មិន​ធ្លាប់​ប្រើប្រាស់​កុំព្យូទ័រ​។ លោក Sakurada បាន​ឆ្លើយតប​វិញ​ថា នេះ​មិនមែនជា​បញ្ហា​ចោទ​អ្វី​នោះឡើយ ហើយ​លោក​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ថា នឹង​មិនមាន​បញ្ហា​អ្វី​នោះឡើយ​ក្នុងការ​អនុវត្ត​ការងារ​ខ្លួន​។​
 
​អ្នកខ្លះ​បានលើកឡើង​បែប​លេងសើច​ថា ក្រុម Hackers មិនអាច​លួច​ទិន្នន័យ​អ្វី​ឡើយ​ពី​លោក Sakurada ព្រោះ​លោក​មិនមាន​អ្វីដែល​ឲ្យ​គេ​លួច​។ ករណីនេះ​មានន័យថា លោក Sakurada ជា​រដ្ឋមន្ត្រី​ដែលមាន​សុវត្ថិភាព​ខ្ពស់​ជាងគេ​៕
 

Tag:
 ជប៉ុន​
  Cybersecurity
© រក្សាសិទ្ធិដោយ thmeythmey.com