អន្តរជាតិ
អាមេរិក និង​សម្ព័ន្ធមិត្ត​ប្តេជ្ញា​នាំ​អគ្គិសនី​ទៅ​ផ្គត់ផ្គង់​ពលរដ្ឋ​នៃ​កោះ​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ ឲ្យ​កាន់តែ​សម្បូរបែប​
19, Nov 2018 , 10:14 am        
រូបភាព
ដោយ:
​ក្នុងឱកាស​នា​កិច្ចប្រជុំ​កំពូល កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) អាមេរិក ជប៉ុន អូស្ត្រាលី និង​ណូ​វែ​ល​ហ្សេ​ឡង់ បាន​ប្តេជ្ញា​រួមគ្នា​ក្នុងការ​នាំយក​អគ្គិសនី​ដើម្បី​ឲ្យ​ប្រជាជន ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​អាច​ប្រើប្រាស់​បាន​តាម​តម្រូវ​។ ការប្តេជ្ញាចិត្ត​រួមគ្នា​រវាង​សម្ព័ន្ធមិត្ត​ទាំង​បួន​នេះ ក៏​ជា​គោលនយោបាយ​មួយ​ទប់​នឹង​ឥទ្ធិពល​ចិន​ក្នុង​តំបន់​ផងដែរ​។​


 
​រដ្ឋាភិបាល​អាមេរិក ជប៉ុន អូស្ត្រាលី និង​ណូ​វែ​ល​ហ្សេ​ឡង់ នៅ​ថ្ងៃ​១៨ វិច្ឆិកា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អគ្គិសនី​ជាមួយ​រដ្ឋាភិបាល​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ ។ កិច្ចព្រមព្រៀង​នេះ នឹង​ផ្តល់​លទ្ធភាព​ឲ្យ​ប្រទេស​ទាំង​បួន អាច​នាំ​អគ្គិសនី​សម្រាប់​ប្រជាជន​៧០​ភាគរយ​នៅលើ​ប្រទេស​កោះ​មួយ​នេះ​បាន​កាន់តែ​សម្បូរបែប​នៅត្រឹម​ឆ្នាំ​២០៣០​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​អូស្ត្រាលី Miami Herald នា​ជំនួប​ក្រៅផ្លូវការ នៃ​កិច្ចប្រជុំ​កំពូល APEC ក្នុង​រដ្ឋធានី ព័រ​ម៉ូ​រេ​ប៊ី លោក​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន បាន​លើកឡើងថា កិច្ចព្រមព្រៀង​នេះ បង្ហាញ​ពី​ភាពរឹងមាំ​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន ដែល​តែងតែមាន​ការប្តេជ្ញាចិត្ត​ចូល​អភិវឌ្ឍ​នៅក្នុង​តំបន់​។ 
 
​លោក​អនុ​ប្រធានាធិបតី​អាមេរិក បាន​បន្ថែមថា វា​ជា​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ ដែល​ត្រូវ​គិតគូរ​ពី​កត្តា​ជះឥទ្ធិពល​សម្រាប់​ប្រជាជន​ដែល​រស់នៅក្នុង​រដ្ឋ​កោះ​មួយ​នេះ​។ លោក អះអាងថា អគ្គិសនី មិន​ត្រឹមតែ​ជួយ​ដល់​ការលូតលាស់​សេដ្ឋកិច្ច​នោះទេ ក៏ប៉ុន្តែ វា​ក៏​នឹង​ជួយ​ធ្វើ​ឲ្យ​គុណភាព​នៃ​ការរស់នៅ​របស់​ប្រជាជន​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​គ្រប់​ជំនាន់​កាន់តែ​ល្អប្រសើរ​ទៀតផង​។
 
​បន្ថែម​ពី​ការលើកឡើង​របស់​តំណាង​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​អាមេរិក លោកស្រី​នាយករដ្ឋមន្ត្រី​នូ​វែ​ល សេ​ឡង់ Jacinda Ardern នាឱកាស​ដដែល​នោះ ក៏បាន​ថ្លែងថា ការនាំយក​អគ្គិសនី​ដល់​ប្រជាជន​ប៉ា​ពូ​អាស៊ី ណូ​វែ​ល​ហ្គី​ណេ នឹងធ្វើ​ឲ្យ​ប្រទេស​មានការ​ផ្លាស់ប្តូរ​ខ្លាំង​។ តែ​យ៉ាងណា ផែនការ​លម្អិត​ក្នុង​ការតភ្ជាប់​បណ្តាញ​អគ្គិសនី​ទៅកាន់​រដ្ឋ​កោះ​ប៉ាស៊ីហ្វិក​ដោយ​របៀប​ណា មិនទាន់​ត្រូវបាន​បញ្ជាក់​ឡើយ​។ 
 
​បើតាម Miami Herald មកទល់ពេលនេះ មានតែ​ប្រជាជន​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ ២០ ភាគរយ នៃ​ប្រជាជន​សរុប ៨ លាន ប៉ុណ្ណោះ ដែលមាន​អគ្គិសនី​ប្រើប្រាស់ ហើយ​កិច្ចព្រមព្រៀង​នាំយក​អគ្គិសនី​មកកាន់​រដ្ឋ​កោះ​នេះ ក៏ត្រូវ​បានធ្វើ​ឡើង ក្រោយពី​អាមេរិក ជប៉ុន និង​អូស្ត្រាលី នៅ​ខែកក្កដា​កន្លងទៅ បានប្រកាស​រួមគ្នា​ក្នុង​ការគាំទ្រ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​រដ្ឋ​ប៉ាស៊ីហ្វិក​មួយ​នេះ​ផងដែរ​៕ 
 

Tag:
 អាមេរិក​
  ជប៉ុន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com