អន្តរជាតិ
៣៦ ឆ្នាំ​ក្រោយមក លោក ទ្រូ​ដូ និង​លោក​មហា​ធៀ ជួបគ្នា​ជាថ្មី​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដូចគ្នា
19, Nov 2018 , 11:23 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រៅ​កិច្ចប្រជុំ​សហ​ប្រតិ​ប​តិ្ត​ការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មហា​ធៀ មហាម៉ាត់ បាន​ជួបពិភាក្សា​ទ្វេភាគី​ជា​លើកដំបូង​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅជា​មួយនា​យក​រដ្ឋមន្ត្រី​កាណាដា​លោក ចា​ស្ទី​ន ទ្រូ​ដូ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​។ តាមពិតទៅ ៣៦​ឆ្នាំមុន​លោក មហា​ធៀ ធ្លាប់​ជួប​ជាមួយ​លោក ទ្រូ​ដូ ម្តង​ដែរ ប៉ុន្តែ​កាលនោះ​លោក ទ្រូ​ដូ ទើបតែ​មាន​វ័យ ១០​ឆ្នាំ​ប៉ុណ្ណោះ​។​


 
​អាច​ថា​ជា​រឿង​មិន​នឹកស្មាន​ដល់ ៣៦​ឆ្នាំ​ក្រោយមក​នោះ​លោក ទ្រូ​ដូ ដែលជា​ក្មេង​តូច​រូបនេះ​បាន​ត្រឡប់​មកជួប​លោក មហា​ធៀ វិញ​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​វ័យ​ដូចគ្នា​។ វ័យ ៩៣​ឆ្នាំ លោក មហា​ធៀ ក្លាយជា​មេដឹកនាំ​ចាស់​ជាងគេ ខណៈ​លោក ទ្រូ​ដូ ក្នុង​វ័យ ៤៦​ឆ្នាំ ស្ថិត​ក្នុងចំណោម​មេដឹកនាំ​ដែលមាន​វ័យក្មេង​ជាងគេ​លោក​ពិភពលោក​ផង​។​
 
​តាមពិតទៅ​ជំនួប​លើក​មុន គឺ​កើតឡើង​នៅក្នុង​ឆ្នាំ ១៩៨២ នៅពេល​លោក មហា​ធៀ ជួប​ជាមួយ​ឪពុក​លោក ទ្រូ​ដូ គឺ​លោក Pierre Trudeau ដែល​កាលនោះ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​កាណាដា​។ លោក Pierre Trudeau កាន់អំណាច​ពី​អាណត្តិ​ដោយ​លើកទីមួយ​ចាប់ពី​ឆ្នាំ ១៩៦៨ ដល់ ១៩៧៩ ហើយ​លើក​ទី​ពីរ​ចាប់ពី​ឆ្នាំ ១៩៨០​ដល់​ឆ្នាំ ១៩៨៤​។ 
 ​ជំនួប​នេះ​ត្រូវបាន​លាតត្រដាង​ក្នុង​រូបភាព​មួយ​សន្លឹក​ដែល​ត្រូវបាន​ឧ​ត្ត​ម​ស្នងការ​កាណាដា​ប្រចាំ​ម៉ាឡេស៊ី នាំមក​ជូន​លោក មហា​ធៀ ជា​អំណោយ ក្រោយ​លោក​ឈ្នះ​ការបោះឆ្នោត​នៅ​ខែឧសភា និង​ត្រឡប់មក​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​វិញ​។  
 
​ត្រឡប់មក​ផ្តោតលើ​ជំនួប​ទ្វេភាគី​រវាង​មេដឹកនាំ​ទាំងពីរ​នេះ​វិញ​។ លោក មហា​ធៀ បាន​ជួប​ជាមួយ​លោក ទ្រូ​ដូ នៅក្រៅ​កិច្ចប្រជុំ APEC នៅ ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ កាលពី​ថ្ងៃ​សៅរ៍​។ ជំនួប​ពិភាក្សា​នេះ មេដឹកនាំ​ទាំងពីរ​ជជែក​គ្នា​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម និង បញ្ហា​តំបន់​មួយចំនួន​ផង​។ កាណាដា ចង់​ស្វះ​ស្វែងរក​តួនាទី​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ និង​ចង់​ពង្រឹង​ចំណង​ពាណិជ្ជកម្ម​បន្ថែម​ជាមួយ​អាស៊ាន​ផងដែរ​។ ដូច្នេះ មហាអំណាច​នេះ​ត្រូវការ​ការគាំទ្រ​ពី​ម៉ាឡេស៊ី​។   
 
​ក្រៅពីនេះ មេដឹកនាំ​កាណាដា​ក៏មាន​កង្វល់​ចំពោះ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​ដែរ​។ លោក ទ្រូ​ដូ មិន​ពេញចិត្ត​ការនាំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ត្រឡប់​ពី​បង់​ក្លា​ដែ​សម​កមី​យ៉ាន់​ម៉ា​វិញ​ក្នុងស្ថានភាព​បច្ចុប្បន្ន​ឡើយ​។ 
 
​ការលើកឡើង​ពី​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា​ពី​សំណាក់​កាណាដា កើតឡើង​បន្ទាប់ពី​លោក មហា​ធៀ បាន​ទិតៀន​លោកស្រី អ៊ុង​សាន ស៊ូ​ជី នៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៣ នៅ​សិង្ហ​បុរី ដ្បិត​លោកស្រី​ព្យាយាម​ការពារ​ចំណាត់ការ​ក្រុម​យោធា និង​មិន​ខ្វាយខ្វល់​នឹង​ការសម្លាប់​រង្គាល​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​នោះ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com