ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន នឹងសរសេរលិខិតប្រាប់ទៅអាមេរិកថា «គ្មានទ័ពចិននៅកម្ពុជាទេ» នាយករដ្ឋមន្ត្រីកម្ពុជា និង អនុប្រធានាធិបតីអាមេរិក
× ក្រោយពីមានសារព័ត៌មានបរទេសចុះផ្សាយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះថា កងទ័ពជើងទឹករបស់ចិន មកតាំងមូលដ្ឋាននៅកម្ពុជា លោក ម៉ៃ ផេន (Mike Pence) អនុប្រធានាធិបតីអាមេរិក ក៏បានផ្ញើលិខិតមួយជូនមកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្ហាញក្តីកង្វល់។
ក្នុងកិច្ចប្រជុំនៃគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២១៨នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ខ្លួន នឹងឆ្លើយតបទៅអនុប្រធានាធិបតីអាមេរិកវិញ ដើម្បីបញ្ជាក់ពីជំហររបស់កម្ពុជា។ មេដឹកនាំកម្ពុជា និយាយនៅចំពោះមុខបណ្តារដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលយ៉ាងដូច្នេះថា៖«យើងទាត់ចោលនូវព័ត៌មានទាំងឡាយ ដែលបំភ្លៃខុសការពិត ហើយខ្ញុំនឹងធ្វើលិខិតជូនទៅលោក ម៉ៃ ផេន ដើម្បីឲ្យគាត់ដឹងច្បាស់អំពីបញ្ហានេះ»។
សម្តេច ហ៊ុន សែន ចង់ឲ្យប្រជាពលរដ្ឋកម្ពុជា រួមទាំងបរទេសទាំងអស់យល់ថា រដ្ឋធម្មនុញ្ញកម្ពុជា ពុំអនុញ្ញាតឲ្យកងទ័ពបរទេស មិនថាជើងគោគ ជើងទឹក ឬជើងអាកាស មកតាំងមូលដ្ឋានលើកទឹកដីកម្ពុជាឡើយ។ នាយករដ្ឋមន្ត្រីកម្ពុជា បន្ថែមថា កម្ពុជា មានកម្លាំងគ្រប់គ្រាន់ដើម្បីការពារខ្លួន ដូច្នេះ ទោះបីជាមានតម្រូវការណាមួយ ក៏មិនចាំបាច់ត្រូវសុំអន្តរាគមន៍ដោយកងទ័ពបរទេសដែរ។
មេដឹកនាំកម្ពុជា សង្កត់ធ្ងន់បែបនេះថា៖«ចោទជាសំណួរថា យើង ត្រូវការទ័ពបរទេស ដើម្បីអ្វី? កម្ពុជា ត្រូវការច្បាំងជាមួយអ្នកណា ជាមួយថៃ ឡាវ ឬវៀតណាម? នេះជាចំណុចដែលគួរឲ្យងើយឆ្ងល់ណាស់។ [….] ខ្ញុំ មិនត្រូវការឲ្យបរទេសមកច្បាំងគ្នាលើទឹកដីខ្មែរដូចកាលពីអតីតកាលទេ។ សូមកុំយកកម្ពុជា ធ្វើជាទីលានសាកល្បងមនោគមវិជ្ជា និងអាវុធឲ្យសោះ។ ពីពេលមុន រហូតមកដល់ពេលនេះ យើង ពុំមានកងទ័ពបរទេសនៅកម្ពុជាទេ»៕
Tag:
ហ៊ុន សែន
ទ័ពបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com