កីឡាអន្តរជាតិ
អន្តរជាតិ
អង់គ្លេស​កាន់តែ​រឹងមាំ ក្រោយ​ទម្លាក់​ក្រូ​អាស៊ី​ឡើង​វគ្គ​១/២​ផ្តាច់ព្រ័ត្រ Nations League
19, Nov 2018 , 1:54 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​អាច​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Nations League ក្រោយ​វាយបក​យកឈ្នះ​ក្រូ​អាស៊ី​ដោយ​លទ្ធផល ២-១ នា​ការប្រកួត​ក្នុង​កីឡដ្ឋាន Wembley ថ្ងៃទី​១៨ ខែវិច្ឆិកា​។ អង់គ្លេស​បានបង្ហាញ​ភាពចាស់ទុំ និង​រឹងមាំ​ផងដែរ​នៅក្រោម​ការដឹកនាំ​របស់​លោក Gareth Southgate​។​


 
​តោ​កំណាច​អង់គ្លេស​ស្ទើ​តែ​អស់​ឱកាស​ឈានទៅ​វគ្គ​បន្ត​ទៅហើយ​ដោយសារ​ក្រុម​ភ្ញៀវ​នាំមុខ​មុន​នៅ​នាទី​៥៧ នៃ​វគ្គ​ទី​២ ដែល​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ Andrej Kramaric បើ​ទោះ​ក្រុម​ម្ចាស់ផ្ទះ​បើ​ការ​វាយ​សម្រុក​តាំងពី​តង់​ទី​១​ក្តី​។ ក្រុម​របស់លោក Southgate នៅតែ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ជាមួយនឹង​កីឡាករ​ក្មេងៗ​របស់ខ្លួន​ដោយ​អា​ចរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​១១​នាទី​បន្ទាប់ពី​ការ​ស៊ុត​បញ្ចូល​ទី​របស់ Jesse Lingard​។ ក្រុម​ម្ចាស់ផ្ទះ​នៅតែ​បន្ត​វាយ​សម្រុក​ក្រូ​អាស៊ី​រហូត​រក​គ្រាប់​បាន​ជ័យ​ជម្រះ​បាន​នៅ​នាទី​៨៥ ដែល​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ​ឆ្នើម Harry Kane​។ ចប់​ការប្រកួត​អង់គ្លេស​យកឈ្នះ​ក្រូ​អាស៊ី ២-១​។​


 
​ជ័យជម្នះ​នេះ​បាន​នាំ​អង់គ្លេស​អាច​បន្ត​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ដែល​រៀបចំ​ដោយ UEFA នេះ​ក្រោយ​រកបាន​៧​ពិន្ទុ ឈរ​នៅ​កំពូល​តារាង Leageu A ក្រុម​៤ នាំ​មុន​ក្រុម​លេខ​២​អេ​ស្ប៉ា​ញ​ដែលមាន​៦​ពិន្ទុ និង​គ្រូ​អាស៊ី​៤​ពិន្ទុ ពី​ការប្រកួត​៤​លើក​។​
 
​ជាការ​កត់សម្គាល់ ក្រោម​ការដឹកនាំ​របស់​គ្រូ​សញ្ជាតិ​អង់គ្លេស​វ័យ ៤៨​ឆ្នាំ ដែល​បាន​ជួយ​ក្រុម​ឡើងទៅ​វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ World Cup នៅ​រុស្ស៊ី​កន្លងទៅ ឃើញថា​អង់គ្លេស​ហាក់​ប្តូរ​ទម្រង់​លេង​ច្រើន​ដោយ​មិនសូវមាន​កីឡាករ​ចាស់ៗ​នោះទេ​។ កីឡាករ​ក្មេងៗ​ដែ​លោក Southgate បាន​រើស​យកមក​ប​ញ្ជូ​ល​ក្រុម​ភាគច្រើន​គឺ​សុទ្ធ​តែមាន​គុណភាព និង​លេង​បាន​ស៊ីសង្វាក់​គ្នា ព្រមទាំង​អាច​សង​សិ​ក ក្រូ​អាស៊ី​ដែល​បាន​ទម្លាក់ខ្លួន​ចេញពី​ពាន​កីឡាបាល់ទាត់​ពិភពលោក​វិញ​ផងដែរ​។​


 
«​ខ្ញុំ​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់​យើង​បាន​រីកចំរើន​ជាមួយគ្នា​។ នេះ​គឺជា​ឱកាស​ដ៏​ធំ​មួយទៀត​។ បើ​ទោះ​យើង​ទួល​សម្ពាធ​បន្ថែម​ក្នុងការ​ប្រកួត​នោះ ប៉ុន្តែ​យើង​នៅតែ​អាចធ្វើ​ការ​បាន​យ៉ាង​ល្អ​»​។ Southgate លើកឡើង​ដូច្នេះ​។​
 
​អត​តី​សមាជិក​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​បន្ថែមថា​៖«​យើង​មានឱកាស​ដ៏​ប្រសើរ​ដើម្បី​បន្ត​ឈានទៅ​មុខ និង​បង្ហាញ​ភាពខ្លាំង​ក្នុងការ​ប្រកួត​។ ពួកគេ​គួរ​មាន​មោទនភាព​ចំពោះ​អ្វីដែល​ពួកគេ​បានធ្វើ ហើយ​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​សម្រាប់​យើង​»​។​
 
​គ្រូបង្វឹក​របស់​ក្រូ​អាស៊ី​លោក Zlatko Dalic ក៏បាន​លើកសរសើរ​ពី​សមាជិក​ក្រុម​របស់​អង់គ្លេស​ផងដែរ​។ លោក​ថា​៖«​ពួកគេ​មាន​កីឡាករ​ក្មេងៗ​ដែលមាន​ទាំង​ល្បឿន និង​គុណភាព ហើយ​លោក Southgate នឹង​ទទួលបាន​ផ្លែផ្កា​ពី​ពួកគេ​ឆាប់ៗ​នេះ​»​។​
 
​លទ្ធផល​គូ​ដទៃ​នៃ​ការប្រកួត​ពាន UEFA Nations League៖ 
 
- League A  group 2
 
Switzerland ៥-២ Belgium 

-League B  group 3
 
Northern Ireland ១-២ Austria 
 
-League C group 2
 
Greece ០-១ Estonia 
Hungary ២-០ Finland 
 
-League D group 2
 
Moldova ១-១ Luxembourg
San Marino ០-២ Belarus 

Tag:
 បាល់ទាត់​
  UEFA Nations League
  អង់គ្លេស​
© រក្សាសិទ្ធិដោយ thmeythmey.com