ជាតិ
សង្គមជាតិ
ជប៉ុន ឲ្យជិត៤លានដុល្លារបន្ថែមទៀត សម្រាប់កម្ចាត់មីននៅកម្ពុជា ក្នុងឆ្នាំ២០១៩ រូបភាព បានពី CMAC
× ភ្នំពេញ៖ ជប៉ុន បន្តផ្តល់ជំនួយដល់កម្ពុជាជិត៤លានដុល្លារ សម្រាប់បោសសម្អាតមីនក្នុងឆ្នាំ២០១៩។ ក្នុងនោះ មានថវិកាជាង៣,៥លានដុល្លារ សម្រាប់គាំទ្រកិច្ចប្រតិបតិ្តការបោសសម្អាតមីន និង៣០ម៉ឺនដុល្លារទៀត សម្រាប់ការអភិវឌ្ឍរបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅខេត្តបាត់ដំបង ក្រោមគម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន។ នេះបើតាមខ្លឹមសារក្នុងទំព័រហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ កាលពីថ្ងៃទី១៦វិច្ឆិកា។
លោក ហេង រតនា បានឲ្យដឹងថា នេះជាឆ្នាំទី៣នៃគម្រោង ដែលមានរយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១មករា ដល់៣១ធ្នូ ឆ្នាំ២០១៩។ គម្រោងនេះ មានសមត្ថភាពរំដោះផ្ទៃដីចម្ការមីនជាង២៧៥០ហិចតា ដោយមន្ត្រីជំនាញជាង៤៥០នាក់ ជាមួយគ្រឿងចក្រកម្ទេចមីន១១គ្រឿង។ ទន្ទឹមនឹងនេះ ក៏មានជួយជីកស្រះទឹក ធ្វើផ្លូវលំជនបទផងដែរ ដើម្បីជួយការងារអភិវឌ្ឍន៍ជូនសហគមន៍។ គម្រោងនេះ ត្រូវអនុវត្តដោយអង្គភាពស៊ីម៉ាក់ ដែលមានភ្នាក់ងារជប៉ុន JICS (Japan International Consultant System) ត្រួតពិនិត្យគុណភាព។
សូមរម្លឹកថា កាលពីដើមខែតុលា ឆ្នាំ២០១៨ រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាជិត២លានដុល្លារ សម្រាប់គម្រោងកសិកម្មចំនួន២ និង គម្រោងដោះមីនចំនួន១ ផងដែរ។
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចាប់ពីឆ្នាំ២០១២-២០១៦ ប្រទេសជប៉ុនបានផ្ដល់ជំនួយឥតសំណងប្រមាណ១,៧ពាន់លានដុល្លារ ប្រាក់កម្ចីជាង១ពាន់លានដុល្លារ និងជំនួយបច្ចេកទេសជាង៧៦៤លានដុល្លារ ដល់ប្រទេសកម្ពុជា។
រហូតមកដល់ពេលនេះ អាជ្ញាធរមីន បានកម្ទេចចោលនូវគ្រាប់មីនប្រឆាំងមនុស្សជាង១លានគ្រាប់ មីនប្រឆាំងរថក្រោះជាង២ម៉ឺនគ្រាប់ និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមជិត៣លានគ្រាប់។ ដោយឡែក ជនរងគ្រោះដោយសារមីនបានធ្លាក់ចុះពី ៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៥៨នាក់ក្នុងឆ្នាំ២០១៧៕
Tag:
ជប៉ុន
ជំនួយ
មីន
CMAC
© រក្សាសិទ្ធិដោយ thmeythmey.com