ONE Championship
កីឡាជាតិ
ជាតិ
ទោះបី​បន្ត​ចាញ់​ជើង​ខ្លាំង​ថៃ Lerdsila តែ សុខ ធី មាន​ចំណុច​វិជ្ជមាន​ច្រើន​
19, Nov 2018 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ប៉ះគ្នា​ម្តងទៀត​រវាង សុខ ធី កីឡាករ​ប្រចាំ​ក្លឹប Cambodian Top Team និង Lerdsila របស់​ក្រុម​Phuket Top Team លើក​នេះ​មិន​មានការ​ចម្រូងចម្រាស​ដូច​លើក​មុន​ទេ​។ សុខ​ធី បាន​បន្ត​ចាញ់​កីឡាករ​ថៃ ខណៈ​ពួកគេ​បាន​ជួបគ្នា​ក្នុង​ព្រឹត្តិការណ៍ ONE: WARRIOR’S DREAM កាលពី​ថ្ងៃ​សោ​រ៍ ទី ១៧ ធ្នូ នៅ​កីឡដ្ឋាន Istora ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី ។​

 
Lerdsila កីឡាករ​ជើងចាស់​ថៃ បាន​យកឈ្នះ​ដោយ​ពិន្ទុ បន្ទាប់ពី​គេ​បាន​ព្យាយាម​វាយ​លើ​កីឡាករ​ខ្មែរ​ចំនួន​៣​ទាំង​ជាប់ៗ​គ្នា​។ មិន​ដូច​ការប្រកួត​លើក​មុន​ឡើយ Lerdsila មានការ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​មានប្រៀប​លើ សុខ ធី​។​
 
 
​ក្រោយ​ចប់​ការប្រកួត សុខ ធី និយាយថា​ឲ្យ​ថា ៖ «​ឡឹ​ត​សីលា វាយ​អស្ចារ្យ​ណាស់ ចលនា​គាត់​ក៏​លឿន ហើយ​ពូកែ​វាយ​ជាង​មុន​ទៀត​។ ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បាន​ប្រកួត​លើស​ង្វៀន​ជាមួយ​គាត់​»​។​
 
​ជំនួប​រវាង សុខ ធី និង ឡឹ​ត​សីលា បានធ្វើ​ឲ្យ​អ្នកទស្សនា​រំភើប​ញាប់​ញ័រ មិន​ចាញ់​គូប្រកួត​ឆ្នើម​ផ្សេងៗ​ទៀត​នោះឡើយ​។ បើទោះបី​ភាគី​ខ្មែរ ចាញ់​ពិន្ទុ​ក៏ដោយ ប៉ុន្តែ​គេ​ទទួលបាន​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង​ពី​អ្នកគាំទ្រ​ជាច្រើន រួមទាំង​ប្រធាន​ប្រតិបត្តិ របស់ ONE Championship លោក Chatri Sityodtong ផងដែរ​។ 
 
លោក Sityodtong មានប្រសាសន៍ថា​៖ «​សុខ ធី នឹងមាន​អនាគត​ល្អ​នា​ថ្ងៃ​ខាងមុខ គេ​ជា​អ្នក​ប្រដាល់​លំដាប់​ពិភពលោក ហើយ​អាច​នឹង​ក្លាយជា​ជើងឯក​ខ្សែក្រវាត់​ពិភពលោក​ម្នាក់​»​។ 
 
​រាប់ទាំង​លើក​នេះ ឡឹ​ត​សីលា មានជ័យ​ជម្នះ​សរុប ១៨៨​ដង​រួចហើយ រីឯ សុខ ធី វិញ​បាន​បង្ហាញថា​គាត់​មាន​សមត្ថភាព​ខ្ពស់​អាច​ប្រកួត​ជាមួយ​ជើងឯក​នានា​ប្រចាំ ONE Super Series ជាពិសេស​បើ​យើង​សង្កេតមើល​នៅ​ទឹក​ទី ២ និង​ទី ៣ ឃើញថា សុខ ធី បាន​បញ្ចេញ​កម្លាំង​សុ​បៗ នឹងមាន​ស្នៀត​ថ្មីៗ​ថែមទៀត​។ 
 
​ធី គ្រោង​នឹង​សំរាក​យក​កម្លាំង​បន្តិច​មុននឹង​ដល់​វគ្គ​ត្រូវ​ហ្វឹកហាត់​បន្ត​។​
 
​ទាំង​លោក ហ៊ុន ចាន់​រាជ ប្រធាន​ក្រុម CTT និង សុខ ធី ផ្ទាល់ ចាត់ទុក​ការប្រកួត​នេះ​ដូចជា​ជ័យជម្នះ​មួយ​ដែរ ពីព្រោះ​បើ​និយាយ​ពីបទ​ពិសោធន៍​លើស​ង្វៀន​រវាង​ភាគី​ខ្មែរ​និង​កីឡាករ​ថៃ​វ័យ ៣៧​ឆ្នាំ ឡឹ​ត​សីលា គឺ​ខុសគ្នា​ដាច់​។ 
 
​លោក ចាន់​រាជ និយាយថា​៖ «​នេះ​ជា​បទពិសោធន៍​ដ៏​ធំ​មួយ មិនមែនជា​រឿង​ងាយស្រួល​ទេ​ដែល​អាច​ចូល​វៃ​ជាមួយ​ជើង​ខ្លាំង​ក្នុង​ពិភព​គុន​បាន​។ សមត្ថភាព​របស់​ក្មេង​២១​ឆ្នាំនេះ​ធ្វើ​ឲ្យ ឡឹ​ក​សីលា ញញើត​ណាស់ដែរ​»៕ 
 
​អត្ថបទ​៖ Matias Andres
 

© រក្សាសិទ្ធិដោយ thmeythmey.com