អន្តរជាតិ
ជំនួប​កំពូល APEC បញ្ចប់​ទៅដោយ​គ្មាន​សេចក្តីថ្លែងការណ៍​រួម​ជា​លើកដំបូង
19, Nov 2018 , 3:38 pm        
រូបភាព
ដោយ: ថ្មីៗ
កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​បញ្ចប់ទៅ​ចុង​សប្តាហ៍​នេះ​ដោយ​គ្មាន​សេចក្តីថ្លែងការណ៍​រួម​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​រាប់​ចាប់ពី​ឆ្នាំ ១៩៨៩ ពេលដែល​កិច្ចប្រជុំ​នេះ​ចាប់ផ្តើម​ជា​លើកដំបូង​នោះ​។ ហេតុផល​ចម្បង​នោះ​គឺ ជម្លោះ និង​ការទាស់ទែង​ខ្វែងគំនិត​គ្នា​យ៉ាង​ក្តៅគគុក​រវាង​អាមេរិក និង​ចិន​។


 
​ជំនួប APEC ក្លាយជា​វេទិកា​រិះគន់​គ្នា​រវាង​មេដឹកនាំ​នៃ​មហាអំណាច​សេដ្ឋកិច្ច​អាមេរិក និង​ចិន​។ ជាកស្តែង​លោក ស៊ី ជិន​ភីង ប្រធានាធិបតី និង​លោក ម៉ៃ ផេ​ន អនុ​ប្រធានាធិបតី​អាមេរិក បាន​យក​ឱកាស​ក្នុងពេល​ផ្តល់​សុន្ទរកថា​រៀងខ្លួន​ដើម្បី​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក​រឿង​សង្គ្រាម​ពាណ​ជ្ជ​កម្ម​ដែល​កំពុង​បន្ត​ឆាបឆេះ​នេះ​។ 
 
​ជា​លទ្ធផល គ្មាន​ឡើយ​ការចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​រវាង​មេដឹកនាំ​សមាជិក​ទាំងអស់ ដែល​វា​ជា​រឿងរ៉ាវ​មិន​ធ្លាប់​កើតមានឡើង​សោះ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កិច្ចប្រជុំ APEC​។ នាយករដ្ឋមន្ត្រី​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ និង​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​ឆ្នាំនេះ​លោក Peter O'Neill និយាយ​យ៉ាងច្បាស់​ថា ហេតុផល​ចម្បង​ដែល​បាន​ក្លាយជា​ឧបសគ្គ​សម្រាប់​ការចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​នេះ​គឺ ជម្លោះ​រវាង​មហាអំណាច​។ 
 
​លោក O'Neil និយាយ​ដូច្នេះ​៖« អ្នកដឹង​ទេ វា​មាន​យក្ស​ធំ​ពីរ​នៅក្នុង​បន្ទប់​ប្រជុំ​។ ដូច្នេះហើយ​តើ​ខ្ញុំ​អាច​និយាយ​អ្វី​បាន​ទៅ​?»
 
​ជំនួស​ឲ្យ​ការចេញ​សេចក្តីថ្លែងការណ៍​រួម​ដូច​រាល់​ឆ្នាំ ប្រធាន​នៃ​កិច្ចប្រជុំ​សម្រេច​ចេញ​សេចក្តីថ្លែងការណ៍​ក្នុងនាម​ជា​ប្រធាន​វិញ​ដោយ​ចែង​ពី​ចំណុចរួម​ដែល​ភាគី​ពាក់ព័ន្ធ​បាន​ឯកភាពគ្នា​ទៅវិញ​។ ប្រធាន​កិច្ចប្រជុំ​រូបនេះ​ក៏បាន​ប្រកាស​ផងដែរ​ថា APEC នឹង​ព្យាយាម​ធានា​ឲ្យ​បាន​នូវ​ពាណិជ្ជកម្ម​សេរី និង​បើកចំហ​ក្នុង​តំបន់​នៅត្រឹម​ឆ្នាំ ២០២០ តាម​គោលដៅ​កន្លងមក​។ 
 
​នាយករដ្ឋមន្ត្រី ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​ដែល​ប្រធាន​នៃ​កិច្ចប្រជុំ​នេះ​បាន​បញ្ជាក់ថា ចំណុច​ដែល​ចម្រូងចម្រាស​និង​ប្រឈមមុខគ្នា​រវាង​មហាអំណាច​មាន​ច្រើន ប៉ុន្តែ​ចំណុច​ធំជាងគេ គឺពាក់ព័ន្ធ​នឹង​ការកែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ ថ្វីបើ​ប្រធាន​នៃ​កិច្ចប្រជុំ​រូបនេះ​មិនបាន​និយាយ​ឈ្មោះ​ចំៗ​ក៏ដោយ គេ​អាច​ដឹងបាន​ថា ប្រទេស​ដែល​ទាមទារ​នោះ​គឺ​អាមេរិក​ដែល​តំណាង​ដោយ​អនុ​ប្រធានាធិបតី ផេ​ន​។ 
 
​តាំងពី​ឡើងកាន់​អំណាច​នៅ​ដើមឆ្នាំ ២០១៧ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​គំរាម​ដក​អាមេរិក​ចេញពី​អង្គការ​ពិភពលោក​នេះដែរ ដោយ​លោក​ចោទប្រកាន់ថា អង្គការ​នេះ​មាន​បទបញ្ញត្តិ​ជាច្រើន​ដែល​មិន​យុត្តិធម៌ និង​លម្អៀង​ទៅរក​ចិន​ទៀត​។​
 
​ចំណែក​ប្រទេស​មួយទៀត​ដែល​ជំទាស់​ការទាមទារ​ការ​កែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទំនងជា​ចិន ព្រោះ​តាំងពីដើម​មក​ចិន​តែងតែ​ប្រកាសថា ខ្លួន​គាំទ្រ​ពេញទំហឹង​ចំពោះ​អង្គការ​អន្តរជាតិ​នេះ​។ ប្រធាន​ដឹកនាំ​កិច្ចប្រជុំ APEC បាន​ទទួលស្គាល់ថា APEC គ្មាន​ពាក់ព័ន្ធ​នឹង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ឡើយ​ដែល​វា​មានន័យថា រាល់​ការលើកឡើង​ពី​ការកែទម្រង់​អង្គការ​នេះ​គួរតែ​ត្រូវ​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​ស្ថាប័ន​នេះ​វិញ​។ 
 
​តាមពិតទៅ ចិន​និង​អាមេរិក​កំពុង​ស្ថិតក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ដ៏​ក្តៅគគុក ហើយ​មហាអំណាច​ទាំងពីរ​នេះ​ក៏​កំពុង​ព្យាយាម​ប្រជែង​អំណាច​គ្នា​ខ្លាំង​ផង​នៅក្នុង​តំបន់​ទាំងមូល​។ ប៉ុន្តែ​គេ​រំពឹងថា ភាគី​ទាំងពីរ​នឹង​អាច​រក​ច្រកចេញ​ឃើញ​ដើម្បី​ធានាថា ជម្លោះ​នេះ​មិន​បន្ត​អូសបន្លាយ​ទៅមុខ​យូរអង្វែង​ទេនោះ​។ 
 
​គេ​រំពឹងថា​លោក ស៊ី ជិន​ភីង និង​លោក ដូ​ណា​ល់ ត្រាំ អាច​នឹង​ជួប​ពិភាក្សាគ្នា​ទ្វេភាគី​ដើម្បី​ដោះស្រាយ​បញ្ហា​បសេដ្ឋ​កិច្ច​នេះ​នៅក្នុង​ប្រជុំ​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​ម្ភៃ (G20)​ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​អា​ហ្ស​ង់​ទីន​ចុងខែ​នោះ​។  
 
​ម្សិលមិញ​នេះដែរ AFP ដកស្រង់​សម្តី​ប្រ​ភ​ទ​បី​ផ្សេងគ្នា​ថា អ្នកការទូត​ចិន​ព្យាយាម​បញ្ចុះបញ្ចូល​រដ្ឋមន្ត្រីការបរទេស​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​ឲ្យ​កែ​សេចក្តីថ្លែងការណ៍​រួម​ដែរ ហើយ​ប៉ូលិស​បាន​ព្យាយាម​បណ្តេញ​អ្នកការទូត​ទាំងនោះ​ចេញទៅ​ឆ្ងាយ​ដែរ​។​
 
​ប៉ុន្តែ​ក្នុង​សន្និសីទ​សារព័ត៌មាន​ពេល​រសៀល​ថ្ងៃអាទិត្យ មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​ចិន​បាន​ទាត់ចោល​ការចោទប្រកាន់​ខាងលើ ហើយ​អះអាងថា គ្មាន​បញ្ហា​កើតឡើង​រវាង​មន្ត្រី​ចិន និង​មន្ត្រី​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​ឡើយ​៕
 

Tag:
 APEC
  អាមេរិក​
  ចិន​
  ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ
© រក្សាសិទ្ធិដោយ thmeythmey.com