អន្តរជាតិ
IOC ព្រមាន​តៃវ៉ាន់​ដែល​ចង់​ប្ដូរ​ឈ្មោះ​ក្នុង​វិស័យ​កីឡា​
19, Nov 2018 , 9:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បាន​ផ្ញើលិខិត​មួយ​ទៅកាន់​រដ្ឋាភិបាល​តៃវ៉ាន់ និង​គណៈកម្មាធិការ​អូឡាំពិក​ប្រទេស​នេះ​ជុំវិញ​គម្រោង​ប្ដូរ​ឈ្មោះ​។ IOC បាន​ព្រមាន​តៃវ៉ាន់​ថា កោះ​នេះ​អាច​នឹង​បាត់បង់​សិទ្ធិ​ក្នុងការ​ប្រកួតប្រជែង ប្រសិន​ប្ដូរ​ឈ្មោះ​នៅពេល​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ នៅ​តូ​ក្យូ​នោះ​។ តាម​គម្រោង​ទុក កោះ​តៃវ៉ាន់​នឹងធ្វើ​ប្រជាមតិ​ប្ដូរ​ឈ្មោះ​ដែល​កំពុង​ប្រើ​ក្នុង​វិស័យ​កីឡា​នៅ​ចុង​សប្ដាហ៍​នេះ​។ 

 
​ក្នុង​លិខិត​ថ្ងៃទី​១៧ ខែវិច្ឆិកា គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) លើកឡើងថា ការផ្លាស់ប្ដូរ​ឈ្មោះ​ណាមួយ​នៃ​សមាជិក គឺ​ស្ថិតក្រោម​យុត្តាធិការ​របស់ខ្លួន​។ IOC បាន​ព្រមាន​គណៈកម្មាធិការ​អូឡាំពិក​ឆាយ​នី​ស​តៃប៉ិ (CTOC) និង​រដ្ឋាភិបាល​តៃវ៉ាន់​ពី​ផលវិបាក​ដែល​អាច​កើតឡើង បើ IOC យល់ថា ការផ្លាស់ប្ដូ​ឈ្មោះ​នេះ ជា​រឿង​នយោបាយ​។​
 
​កោះ​តៃវ៉ាន់​នឹងធ្វើ​ប្រជាមតិ​ប្ដូរ​ឈ្មោះ​របស់ខ្លួន​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​ខាងមុខ ស្របគ្នា​នឹង​ការបោះ​ឆ្នោ​ថ្នាក់មូលដ្ឋាន​។ ក្នុង​គម្រោង​ប្ដូរ​ឈ្មោះ​នេះ អ្នកបោះឆ្នោត​នឹង​សម្រេច​ថា តៃវ៉ាន់​គួរប្រើ​ឈ្មោះ «​តៃវ៉ាន់​» ជំនួស​ឲ្យ «​ឆាយ​នី​ស​តៃប៉ិ​» ឬ​យ៉ាងណា សម្រាប់​ការប្រកួត​អូឡាំពិក​ឆ្នាំ​២០២០ ដែល​ជប៉ុន​ធ្វើ​ម្ចាស់ផ្ទះ និង​កម្មវិធី​ផ្សេងទៀត​។ IOC រំឭក​តៃវ៉ាន់​ថា អាច​នឹង​ត្រូវបាន​ព្យួរ​សមាជិកភាព បើ​គេ​រកឃើញថា សកម្មភាព CTOC មានការ​លូកដៃ​ពី​រដ្ឋាភិបាល​។​
 
​យ៉ាងណាមិញ IOC ប្រកាស​មិន​លូកលាន់​ដំណើរការ​ក្នុងស្រុក​ឡើយ និង​គោរព​យ៉ាង​ពេញលេញ​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាជន​តៃវ៉ាន់​ឡើយ​។ ស្ថាប័ន​កីឡា​ដ៏​ធំ​មួយ​នេះ នឹង​ឃ្លាំ​មើលថា នឹងមាន​ការប៉ុនប៉ង​ដាក់​សម្ពាធ​លើ​គណៈកម្មាធិការ​ក្នុងស្រុក​ឬ​យ៉ាងណា ហើយ​បើជា​ការដាក់​សម្ពាធ​ពី​ឥទ្ធិពល​ខាងក្រៅ​នោះ IOC នឹង​ចាត់​វិធា​ការមិន​ខាន​។ IOC ក៏​សង្ឃឹមថា ផលប្រយោជន៍​របស់​ច​ល​នា​អូឡាំពិក​នៅ​ឆាយ​នី​ស​តៃប៉ិ នឹង​ឈ្នះ​ចរន្ត​នយោបាយ​។ នេះ​បើតាម​ការផ្សាយ​របស់ AFP ។  
 
​តាមពិតទៅ ការប្រើ​ឈ្មោះ​ឆាយ​នី​ស​តៃប៉ិ ត្រូវ​ចាប់ផ្ដើម​ពី​ឆ្នាំ​១៩៨១ មក​។ ក្រុង​ប៉េកាំង​ដែល​អះអាងថា ខ្លួន​ជា​តំណាង​ស្របច្បាប់​តែមួយគត់​របស់​ចិន​ទាំងអស់ ចាត់ទុក​ការប្រើ​ឈ្មោះ​នេះ​ព្រម​គ្នា​នឹង​ទង់ជាតិ សញ្ញា​ជាតិ​របស់​តៃ​វ៉ាប់​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ ជា​រឿង​រសើប​មួយ​។ នេះ​ក៏​ព្រោះតែ​ចិន​យល់ថា វា​ជាការ​លើកកម្ពស់​អត្តសញ្ញាណ​របស់​តៃវ៉ាន់ ដែល​អាច​ជំរុញ​ដល់​គំនិត​ផ្ដាច់ខ្លួន​របស់​កោះ​មួយ​នេះ​នៅពេល​ខាងមុខ​មិន​ខាន​។​
 
​រឿង​ប្រជាមតិ​នេះ ក្រុង​ប៉េកាំង​ក៏​មិន​ពេញចិត្ត​ដែរ​។ កន្លងមក មន្ត្រី​ចិន​គ្រប់​ថ្នាក់​សុទ្ធតែ​អះអាង​ដូចៗ​គ្នា​ពី​ការមិនអាច​ដាច់​គ្នា​បាន​រវាង​ចិន និង​ទឹកដី​តៃវ៉ាន់ ហើយ​ចិន​ក៏​មិន​រអា​នឹង​ប្រើ​កម្លាំងយោធា​ដណ្ដើម​តៃវ៉ាន់​មក​គ្រប់គ្រង​ដែរ​។ ឯ​រឿង​កីឡា​វិញ ចិន​បាន​ព្រមាន​រួចហើយ​ថា តៃវ៉ាន់​អាច​ត្រូវ​កាំបិត​ចិត​ដង​ឯង ហើយ​អត្ត​ព​លិ​ក​តៃវ៉ាន់​អាច​លែង​មានមុខ​ក្នុង​កម្មវិធី​ប្រកួត​អន្តរជាតិ​នានា កុំថាឡើយ​ព្រឹត្តិការណ៍​អូឡាំពិក​បួន​ឆ្នាំ​ម្ដងនោះ​៕
 

Tag:
 IOC
  តៃវ៉ាន់​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com