រថយន្ត
អន្តរជាតិ
​អេ​ស្ប៉ា​ញ​គ្រោង​ហាមឃាត់​ការលក់​យានយន្ត​ប្រើ​សាំង និង​ម៉ា​ស៊ូ​ត ចាប់ពី​ឆ្នាំ​២០៤០
19, Nov 2018 , 7:19 pm        
រូបភាព
ដោយ: ធីតា
​បន្ទាប់ពី​បារាំង និង​អង់គ្លេស រដ្ឋាភិបាល​អេ​ស្ប៉ា​ញ បានរៀបចំ​សេចក្តីព្រាង​ច្បាប់​មួយ​ស្តីពី​បន្លាស់​ប្តូរ​ថាមពល ដោយ​ហាមឃាត់​ការលក់​យានយន្ត​ដែល​ប្រើ​សាំង និង​ម៉ា​ស៊ូ​ត ចាប់ពី​ឆ្នាំ​២០៤០ តទៅ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ AFP​។​

 
​នៅ​ឆ្នាំ​២០៣០ អេ​ស្ប៉ា​ញ មាន​គម្រោង​ផលិត​ថាមពល​អគ្គិសនី​៧០​ភាគរយ ដែល​ចេញពី​ថាមពលព្រះអាទិត្យ ខ្យល់ និង​ទឹក​ជាដើម ហើយ​នៅ​ឆ្នាំ​២០៥០ ប្រទេស​សេដ្ឋកិច្ច​លំដាប់​ទី​៥​នៅ​អឺរ៉ុប​មួយ​នេះ គ្រោង​ពឹងផ្អែក​ទាំងស្រុង​លើ​ថាមពល​កកើត​ឡើងវិញ សម្រាប់​ប្រព័ន្ធ​អគ្គិសនី​របស់ខ្លួន​។​
 
​សម្រាប់​គម្រោង​លើកកម្ពស់​បរិស្ថាន​នេះ អេ​ស្ប៉ា​ញ នឹង​អភិវឌ្ឍន៍​ទីតាំង​សម្រាប់​យានយន្ត​ដែលមាន​ការបំពុល​តិចតួច ជាពិសេស​ការ​តម្លើង​ស្ថានីយ៍​បញ្ចូល​ចរន្ត​សម្រាប់​រថយន្ត​អគ្គិសនី​។ 
 
​ទាក់ទង​នឹង​ផែនការ​ហាមឃាត់​រថយន្ត​ប្រើ​ប្រេង និង​ម៉ា​សូត ចាប់ពី​ឆ្នាំ​២០៣០ អេ​ស្ប៉ា​ញ​នឹង​ធ្វើតាម​ដំណាក់កាល តាមរយៈ​ការដាក់​បណ្តា​ទីក្រុង​ដែលមាន​ពលរដ្ឋ​ប្រមាណ​៥០ ០០០ ជា «​តំបន់​ដែលមាន​ការ​បំ​ភាយ​កម្រិត​ទាប​» នៅមុន​ឆ្នាំ​២០២៣ រីឯ​ក្រុង​ម៉ា​ឌ្រី​ត និង​បា​សេ​ឡូ​ណា នឹង​មានការ​កំហិត​លើ​ចរាចរណ៍​យានយន្ត​។​
 
​ក្រសួងបរិស្ថាន​អេ​ស្ប៉ា​ញ បាន​អះអាងថា នៅពេលដែល​ច្បាប់​ចូល​ជា​ធរមាន រដ្ឋាភិបាល​នឹង​ចាត់​វិធាន​ប្រឆាំង​សកម្មភាព​រុករក​រ៉ែ​ផ្សេងៗ ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ទាំង​ដែន​គោក និង​ដែនទឹក​។ អេ​ស្ប៉ា​ញ​ចង់បង្ហាញ​ពី​ឆ​ន្ទះ​ខ្ពស់​របស់ខ្លួន​ក្នុង​ការគោរព​គោលការណ៍​បរិស្ថាន​រប​ស់​សហភាព​អឺរ៉ុប​៕
 

Tag:
 អេ​ស្ប៉ា​ញ
© រក្សាសិទ្ធិដោយ thmeythmey.com