អន្តរជាតិ
រុស្ស៊ី​៖ ការចរចា​បញ្ចប់​ជម្លោះ​ដែន​កោះ​មិនមាន​ន័យ​ជា​ស្វ័យប្រវត្តិ​ថា រុស្ស៊ី​ត្រូវ​ផ្ទេរ​កោះ​ខ្លះ​ឲ្យ​ជប៉ុន​ឡើយ​
19, Nov 2018 , 10:39 pm        
រូបភាព
​សប្តាហ៍​មុន​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ អា​បេ ដាច់ដោយឡែក​ពី​កិច្ចប្រជុំ​អាស៊ាន​នៅ​សិង្ហ​បុ ដោយ​ភាគី​ប្តេជ្ញា​ព​ន្លឿ​ន​ការដោះស្រាយ​ជម្លោះ​ដែន​កោះ​គូ​រី​ល (Kuril) និង​ឈានទៅ​ចុះសន្ធិសញ្ញា​សន្តិភាព​រួម​គ្នា​ផង​។ ប៉ុន្តែ​វិមាន​ក្រេ​ម​ឡាំង​បញ្ជាក់​ជាថ្មី​ថា ការដោះស្រាយ​ជម្លោះ​ដែន​កោះ​មិនមែន​ឈានដល់​លទ្ធផល​មួយ​ដែល រុស្ស៊ី​ត្រូវ​លះបង់​កោះ​ខ្លះទៅ​ឲ្យ​ជប៉ុន​ឡើយ​។​


 
​អ្នកនាំពាក្យ​ប្រធានាធិបតី​រុស្ស៊ី​លោក Dmitry Peskov បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃអាទិត្យ​ទី ១៨ ខែវិច្ឆិកា​ថា កិច្ចចរចា​ដោះស្រាយ​ជម្លោះ​រវាង​ជប៉ុន និង​រុស្ស៊ី​លើ​ប្រជុំ​កោះ​គូ​រី​ល​នោះ​មិនមាន​ជា​ស្វ័យប្រវត្តិ​នាំ​ឲ្យ​មានការ​ផ្ទេរសិទ្ធិ​កាន់កាប់​កោះ​ទាំងនោះ​ឲ្យ​ទៅ​ជប៉ុន​ឡើយ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន TASS លោក Peskov និយាយ​ដូច្នេះ​៖« អ្នក​អាច​និយាយបានថា វា​ជាការ​ផ្ទេរ​ត្រឡប់​វិញ​នូវ​ទឹកដី​ខ្លះ​ដោយ​ស្វ័យប្រវត្តិ​ដែរឬទេ​? ពិត​ហើយ​គឺ​មិនអាច​ទេ​»​។  
​តាមពិតទៅ ជម្លោះ​ដែន​កោះ​នេះហើយ​ក្លាយជា​ឧបសគ្គ​រារាំង​ភាគី​ទាំងពីរ​មិន​ឲ្យ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​រួមគ្នា​ម​នោះ​។ កាលពី​សប្តាហ៍​មុន​ដែរ នៅក្នុង​ជំនួប​ទ្វេភាគី​រវាង​លោក ពូ​ទីន និង​លោក អា​បេ នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៣ មេដឹកនាំ​ទាំងពីរ​បាន​ឯកភាពគ្នា​ព​ន្លឿ​ន​កិច្ចចរចា​ដោះស្រាយ​ជម្លោះ ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការចុះ​សន្ធិសញ្ញា​សន្តិភាព​រួមគ្នា​ដែរ​។​
 
​ក្រសួងការបរទេស​ជ​ប៉ុន​បាន​បង្ហើប​កាលពី​សប្តាហ៍​មុន​ផងដែរ​ថា លោក អា​បេ នឹងធ្វើ​ដំណើរ​ទៅ​រុស្ស៊ី​នៅ​ដើមឆ្នាំ​ក្រោយ​ដែរ​ដើម្បី​ពិភាក្សា​ជាមួយ​មេដឹកនាំ​រុស្ស៊ី​លើ​បញ្ហា​ជម្លោះ​រាប់​ទសវត្សរ៍​នេះ​។ 
 
​ជម្លោះ​ដែន​កោះ​នេះ​ចាប់ផ្តើម​ក្រោយ​បញ្ចប់​សង្គ្រាមលោកលើកទី​ពីរ ដោយ​រុស្ស៊ី​បាន​កាន់កាប់ ពាក់កណ្តាល​នៃ​កោះ Sakhalin និង​ប្រជុំ​កោះ គូ​រី​ល​ដែរ​។ ជម្លោះ​ដែន​កោះ​នេះ​ឡើង​ដោយសារ​ការដណ្តើម​កោះ​ចំនួន​បួន​រួមមាន Kunashiri, Etorofu, Shikotan  និង Habomai ហើយ​រហូតដល់​បច្ចុប្បន្ន​នេះ ជប៉ុន​បន្ត​ទាមទារ​យក​កោះ​ទាំង​បួន​ដែល​ស្ថិតនៅ​ភាគខាងត្បូង​។  តាមពិតទៅ​សិទ្ធិ​កាន់កាប់​ប្រជុំ​កោះ​ទាំង​បួន​ភាគខាងត្បូង​នេះ​ត្រូវ បានប្រគល់​ទៅ​ឲ្យ​ជប៉ុន​តាំងពី​ឆ្នាំ ១៨៥៥ ខណៈដែល​រុស្ស៊ី​ទទួលបាន​សិទ្ធិ​កាន់កាប់​លើ​កោះ​ដែល​ស្ថិតនៅ​ភាគ​ខាងជើង  អនុលោម​តាម​សន្ធិសញ្ញា Shimoda ដែលជា​សន្ធិសញ្ញា​មិត្តភាព​បង្កើត​ទំនាក់ទំនង​ការទូត​ប្រទេស​ជប៉ុន និង​រុស្ស៊ី​។ 
 
​ក្រោយ​ចប់​សង្គ្រាមលោកលើកទី​២ ពេល​ជប៉ុន​ចាញ់​សង្គ្រាម ក្នុង​ឆ្នាំ ១៩៤៩ រុស្ស៊ី​បាន​ដណ្តើមយក​កោះ​ដែល​ជប៉ុន​កាន់កាប់​មកវិញ ដើម្បី​ជា​សម្អាង​មួយ​ថា ខ្លួន​បាន​កាប់​កាន់​ជាក់ស្តែង​។  ប៉ុន្តែ​ពីរ​ឆ្នាំ​ក្រោយមក កិច្ចព្រមព្រៀង​សន្តិភាព សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ត្រូវបាន​បង្កើតឡើង និង​មានការ​ចុះហត្ថលេខា​ដោយ​មេដឹកនាំ​ជប៉ុន និង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​។ ជប៉ុន​បានសម្រេច​បោះបង់​សិទ្ធិ​ទាមទារ​ការកាន់កាប់​លើ​កោះ គូ​រី​ល ។ ប៉ុន្តែ​កាលនោះ សូ​វៀត​មិនបាន​ចូលរួម​ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះឡើយ​។ ដូច្នេះហើយ ទើប​ជប៉ុន​នៅ​អះអាងថា កោះ​ទាំង​បួន នៅតែ​ស្ថិតក្នុង​អធិបតេយ្យភាព​របស់ខ្លួន​ដដែល​។ 
 
​ដល់​ឆ្នាំ​១៩៥៦ សូ​វៀត និង​ជប៉ុន​បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ដើម្បី​ស្តារឡើងវិញ​ទំនាក់ទំនង​ការទូត ដោយ​សូ​វៀត​យល់ព្រម​បោះបង់​កោះ​ពីរ គឺ​កោះ Shikotan និង​កោះ Habomai ទៅអោយ​ជប៉ុន ។ ប៉ុន្តែ​បញ្ហា​ចម្រូងចម្រាស​ត្រង់​ថា រដ្ឋាភិបាល​ជប៉ុន​នៅតែ​បដិសេធ និង​រក្សា​សិទ្ធិ​ទាមទារ​កោះ​ទាំង​បួន​ដដែល​។ ជា​លទ្ធផល​គ្មាន​សន្ធិសញ្ញា​សន្តិភាព​ណាមួយ​ត្រូវបាន​ចុះ​ដោយ​ភាគី​ទាំងពីរ​ឡើយ​ចាប់តាំងពី​ពេលនោះ​មក​។ មកទល់ពេលនេះ ជប៉ុន​អះអាងថា បើ​យោងតាម​ច្បាប់​អន្តរជាតិ កោះ​ទាំង​បួន​ដែល​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រជុំ​កោះ​គូ​រី​ល គឺជា​កោះ​ដែល​ស្ថិតក្នុង​ដែន​អធិបតេយ្យ​ខ្លួន​។ 
 
​ដោយសារតែ​សម្បូរ​ដោយ​ធនធានធម្មជាតិ​មាន​ប្រេង ឧស្ម័ន និង​ធនធាន​សមុទ្រ​ផ្សេង​ទៀតផង ទើបបានជា​មកដល់​ប​ច្ចុ​ប្បន្ន គូភាគី​នេះ​បន្ត​ទាមទារ​យក​រៀងៗ​ខ្លួន​។  ប៉ុន្តែ​រុស្ស៊ី​ចាប់ផ្តើម​ពង្រឹង​ទំនើបកម្ម​យោធា​នៅលើ​កោះ​ដើម្បី​ពង្រឹង​សិទ្ធិ​កាន់កាប់​របស់ខ្លួន​ផងដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ជប៉ុន​ក៏​ព្យាយាម​ស្វែងរក​ឱកាស​ពិភាក្សា​ជាមួយ​រុស្ស៊ី​ដែរ​ដើម្បី​កំណត់​ឲ្យ​បាន​ដាច់ស្រេច​លើ​កម្មសិទ្ធិ​កាន់កាប់​កោះ​ទាំងនេះ​៕

Tag:
 គូ​រី​ល​
  រុស្ស៊ី​
  ជប៉ុន​
  វ៉ា្ល​ឌី​មៀ ពូ​ទីន​
  ស៊ីន​ហ្សូ អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com