ជាតិ
រដ្ឋមន្ត្រី​កសិកម្ម​ស្នើ​អភិបាលខេត្ត​៤​នៅ​តំបន់​សមុទ្រ​ឲ្យ​ពង្រឹង​ការការពារ​ព្រៃកោងកាង​
19, Nov 2018 , 10:59 pm        
រូបភាព
លោក វេង សាខុន ស្នើទៅអភិបាលខេត្តកែប កំពត ព្រះសីហនុ និងកោះកុង ពង្រឹងការការពារព្រៃកោងកាង
លោក វេង សាខុន ស្នើទៅអភិបាលខេត្តកែប កំពត ព្រះសីហនុ និងកោះកុង ពង្រឹងការការពារព្រៃកោងកាង
ដោយ: រួបរួម
​សកម្មភាព​ឈូសឆាយ ការកាប់​ទន្ទ្រាន ការចាក់ដី​លុប ការរាន​យក​ដី​ធ្វើ​លំនៅដ្ឋាន ការ​ហ៊ុម​ព័ន្ធ​ដី​ព្រៃកោងកាង​ទុកជា​កម្មសិទ្ធិ និង​ការចេញ​បណ្ណ​កម្មសិទ្ធិ​កាន់កាប់ កើតមាន​ជា​បន្តបន្ទាប់ ដែល​នេះ​ជា​ក្តីកង្វល់​ដ៏​ធំ​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

 
​ក្នុង​លិខិត​ចុះ​ពី​ថ្ងៃទី​១៩ ខែវិច្ឆិកា លោក វេ​ង សាខុន បានស្នើ​ទៅ​អភិបាលខេត្ត​កែប កំពត ព្រះសីហនុ និង​កោះកុង ឲ្យ​ជួយ​ជំរុញ​ការគ្រប់គ្រង ថែរក្សា និង​ការពារ​ព្រៃកោងកាង​ក្នុងភូមិ​ខេត្ត​តំបន់​សមុទ្រ​ទាំង​៤​នោះ ដោយ​លោក​បានលើកឡើង​ពី​លិខិត​លេខ​៧៩៩ ស​.​ជ​.​ណ ចុះ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៦ ដែល​រដ្ឋាភិបាល​បាន​និរាករណ៍​បណ្ណ​កម្មសិទ្ធិ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ព្រៃកោងកាង​។​
 
​រដ្ឋមន្ត្រី​កសិកម្ម បានលើកឡើង​ពី​ភាពមិនប្រក្រតី​មួយចំនួន​ដែល​កើត​ឡើងវិញ​គួរ​ឲ្យ​កត់សម្គាល់ ក្នុងនោះ​ការចេញ​បណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដី​ព្រៃកោងកាង​ក្នុង​កន្លែង​សហគមន៍​នេសាទ​ជាច្រើន​កន្លែង ជាពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ​។​
 
​លោក វេ​ង សាខុន បាន​រំលឹក​ប្រាប់​អភិបាលខេត្ត​ទាំង​៤​ថា ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​វិស័យ​ជលផល ដូចនេះ​ការ​ឈូសឆាយ ការកាប់​ទន្ទ្រាន ការចាក់ដី​លុប ការរាន​យក​ធ្វើ​លំនៅដ្ឋាន ការហ៊ុមព័ទ្ធ​ទុក​ធ្វើ​កម្មសិទ្ធិ​ក្នុង​ដែន​នេសាទ ត្រូវបាន​ហាមឃាត់ ដោយយោង​តាមច្បាប់​ស្តីពី​ជលផល​។​
 
«​ដូចនេះ​ដើម្បី​ទប់ស្កាត់​សកម្មភាព​ទាំងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ស្នើ​ឯកឧត្តម លោកជំទាវ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត យកចិត្តទុកដាក់​គ្រប់គ្រង ថែរក្សា និង​ការពារ​ព្រៃកោងកាង ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​ខេត្ត​នីមួយៗ ក្នុងនាម​ជា​អាជ្ញាធរ​គ្រប់គ្រង​ដី​រដ្ឋ​»​។ លោក វេ​ង សាខុន បានស្នើ​យ៉ាង​ដូច្នេះ​ក្នុង​លិខិត​របស់ខ្លួន​៕

Tag:
 ព្រៃកោងកាង
© រក្សាសិទ្ធិដោយ thmeythmey.com