កីឡាអន្តរជាតិ
អន្តរជាតិ
Zverev ផ្តួល Djokovic ក្លាយជា​ជើងឯក ATP ក្មេង​ជាងគេ​លើ​លោក​
19, Nov 2018 , 5:14 pm        
រូបភាព
​កីឡាករ​វាយ​កូន​បាល់​វ័យក្មេង Alexander Zverev បាន​យកឈ្នះ​កីឡាករ​លំដាប់​ទី ១ ពិភពលោក Novak Djokovic ដើម្បី​គ្រង​ជើងឯក​ពានរង្វាន់ Nitto ATP Finals ដែលជា​ជ័យជម្នះ​ដ៏​ធំ​បំផុត​ក្នុង​អាជីព​របស់គេ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ថ្ងៃទី​១៨ ខែវិច្ឆិកា នៅ​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស​។​


 
​កំពូល​អ្នក​វាយ​កូន​បាល់​សញ្ជាតិ​ស៊ែ​ប៊ី Djokovic វ័យ ៣១ ឆ្នាំ​ដែល​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក​រំពឹងថា​នឹង​អាច​ឈ្នះ​ពាន ATP នេះ​ក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី​៦​របស់ខ្លួន​នោះ បែ​ជា​ត្រូវ​បរាជ័យ​ក្រោម​ដៃ​កីឡាករ​វ័យក្មេង​របស់​អាល្លឺម៉ង់ ក្នុង​លទ្ធផល ៦-៤ និង ៦-៣​។​


 
 Zverev អាយុ​២១​ឆ្នាំ ដែលជា​កីឡាករ​លំដាប់ថ្នាក់​ទី ៥ ពិភពលោក បាន​ក្លាយជា​កីឡាករ​វាយ​កូន​បាល់​វ័យក្មេង​ជាងគេ​ដែល​អាច​ឈ្នះ​ពានរង្វាន់​ចុងក្រោយ​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៨​នេះ​។​
 
​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​កាត់​រុស្ស៊ី ដែល​បានទទួល​ទឹកប្រាក់ ២,៥៧ លាន​ដុល្លារ​អាមេរិក​ពី​ការ​ឈ្នះ​ជើងឯក​នេះ​និយាយថា​៖«​ពិតជា​មិនគួរ​ឲ្យ​ជឿ​ដែល​ខ្ញុំ​អាច​ក្លាយជា​ម្ចាស់​ពានរង្វាន់​ធំ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​បានឈ្នះ​ពីមុន​។ ការលេង​របស់ខ្ញុំ និង​ការទទួល​ជ័យជម្នះ​នៅថ្ងៃនេះ សម្រាប់​ខ្ញុំ​វា​ពិតជា​អស្ចារ្យ​ណាស់​»​។​
 
Zverev ធ្លាប់​ចាញ់ Djokovic នៅ​វគ្គ​សន្សំ​ពិន្ទុ​នៃ​ព្រឹត្តិការណ៍​នេះ ប៉ុន្តែ​បន្ទាប់ពី​ទម្លាក់ Roger Federer នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ​នោះ រូបគេ​រឹតតែ​មានការ​ជឿជាក់​ខ្លាំងក្លា​ដើម្បី​បញ្ចប់​កីឡាករ​សញ្ជាតិ​ស៊ែ​ប៊ី ដែល​វា​ស្មើនឹង​ការបញ្ចប់​រដូវ​កាល​របស់ Federer ដូចគ្នា​៕
 

Tag:
 វាយ​កូន​បាល់​
  ATP
  Novak Djokovic
  Alexander Zverev
© រក្សាសិទ្ធិដោយ thmeythmey.com