អន្តរជាតិ
ចិន ពង្រីក​បញ្ជី​កាកសំណល់​ដែល​ត្រូវ​ហាមឃាត់​នាំចូល​
19, Nov 2018 , 11:19 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​ចិន នឹង​ពង្រីក​ការហាមឃាត់​ការនាំ​ចូល​សំណល់​រឹង​បន្ថែមទៀត​។ នេះ​បើតាម​ការប្រកាស​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា​។ ការពង្រីក​បញ្ជី​កាកសំណល់​ដែល​ហាមឃាត់​នេះ ធ្វើឡើង​ជិត​មួយឆ្នាំ​ក្រោយ​ក្រុង​ប៉េកាំង​ប្រកា​សលែង​នាំចូល​សំណល់​មកកាន់​ទឹកដី​ខ្លួន​ក្នុង​គោលដៅ​ការពារ​បរិស្ថាន​។ ចំណាត់ការ​របស់​ចិន បង្ក​ការ​ជ្រួលច្របល់​ខ្លាំង ជាពិសេស​ក្នុងចំណោម​ប្រទេស​ដែល​ធ្លាប់​ដឹកជញ្ជូន​សំណល់​រឹង​ទៅកាន់​ចិន​។​

 
​ចាប់ពី​ថ្ងៃទី​៣១ ខែធ្នូ កាកសំណល់​ចំនួន​៣២ នឹងត្រូវ​លែង​អនុញ្ញាត​ឲ្យ​នាំចូល​ទឹកដី​ចិន​ទៀតហើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ដែល​ស្រង់​ព័ត៌មាន​ពី​ស្ថាប័នរដ្ឋ​ចិន​ចំនួន​៤ ។ ក្រោម​ចំណាត់​ថ្មី​នេះ បាន​បន្ថែម​កាកសំណល់​ចំនួន​៨​ប្រភេទ​ពីលើ​បញ្ជី​ហាមឃាត់​ចាស់​ដែលមាន​ត្រឹម​២៤​មុខ​ប៉ុណ្ណោះ​។ កាកសំណល់​ដែល​បាន​បន្ថែម​មាន គ្រឿងបន្លាស់​កុំព្យូទ័រ គ្រឿងបន្លាស់​កប៉ាល់ កាកសំណល់​ដែកថែប ទី​តា​ញ៉ូ​ម និង​ឈើ​ជាដើម​។​
 
​សូមបញ្ជាក់ថា បើតាម Science Advances នៅ​ទូទាំង​ពិភពលោក​ចាប់ពី​ឆ្នាំ​១៩៩២ មក ៧២​ភាគរយ​នៃ​សំរាម​ប្លា​ស្ទិ​ក​ត្រូវបាន​នាំចូល​ទៅកាន់​ចិន និង​ហុងកុង​។ កាលពី​ឆ្នាំមុន ចិន​នាំចូល​ច្រើនជាង​ពាក់កណ្ដាល​នៃ​កាកសំណល់​ពី​អាមេរិក​។ យ៉ាងណាមិញ បរិមាណ​ដ៏​ច្រើន​នេះ បាន​ថយចុះ​វិញ​បន្ទាប់ពី​ក្រុង​ប៉េកាំង​បានចេញ​បញ្ញត្តិ​ថ្មី​ដែល​កំណត់​ប្រភេទ​កាកសំណល់​ជាក់លាក់​ដែល​ក្រុមហ៊ុន​ចិន​មាន​សិទ្ធិ​នាំចូល​បាន​។ 
 
​ក្រុង​ប៉េកាំង​អះអាងថា ការផ្លាស់ប្ដូរ​វិធានកា​រ​របស់ខ្លួន គឺ​ស្របទៅនឹង​ការជំរុញ​ថ្មី​ក្នុងការ​ការពារ​បរិស្ថាន​។ ចំណាត់​ថ្មី​នេះ​ក៏មាន​គោលដៅ​បញ្ចប់​ពាក្យ​ដែលថា ចិន​ជា​កំប៉ុង​ដាក់​កាកសំណល់​ពិភពលោក ឬ​ជា​ធុងសំរាម​ពិភពលោក​ទៀត​។ កាន់តែ​យ៉ាប់យ៉ឺន​សម្រាប់​ប្រទេស​ខ្លះ​នោះ ចិន​ក៏​រឹតបន្តឹង​គុណភាព​កាកសំណល់​ដែល​ខ្លួន​នឹង​នាំចូល​ដែរ​។​
 
​សម្រាប់​ផលិតផល​ខ្លះ​ដូចជា ក្រដាស​រឹង និង​លោហៈ​ជាដើម​នោះ ចិន​បានកំណត់​កម្រិត​ឆ្លង​មេរោគ​ត្រឹម​០.៥​ភាគរយ​កាលពី​ឆ្នាំមុន​។ ការកំណត់​ទាប​បែបនេះ បង្ខំ​ឲ្យ​អាមេរិក និង​ប្រទេស​នាំចេញ​កាកសំណល់​ផ្សេងទៀត ផ្លាស់ប្ដូរ​បច្ចេកវិទ្យា និង​បច្ចេកទេស​ខ្លះ​ដើម្បី​ឲ្យ​ត្រូវ​តាម​ស្ដង់ដា​ថ្មី​។ 
 
​ជាការ​ពិត​វិធានការ​របស់​ចិន​ក្នុង​ការឈប់​នាំចូល​កាកសំណល់​នេះ ធ្វើ​ឲ្យ​ប្រទេស​នាំចេញ​សំរាម​មាន​អាមេរិក អូស្ត្រាលី និង​ជប៉ុន​ជាដើម ជួប​បញ្ហា​ខ្លាំង​ព្រោះ​អត់​កន្លែង​ចោល​សំរាម​។ នៅ​អាមេរិក គេ​ឃើញ​ព្រមាន​ពី​ការបាត់បង់​ការងារ និង​ការដួលរលំ​មុខ​ជំនួញ​កាកសំណល់​នេះ ដោយសារ​ចំណាត់​តឹងរ៉ឹង​របស់​ចិន​។ អ្វី​ជា​ដំណោះស្រាយ​នោះ គឺ​ប្រទេស​ទាំងនោះ​គួរ​មាន​នយោបាយ​ក្នុងស្រុក​ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម ជាជាង​ពឹង​ផ្អែកលើ​ការនាំចេញ​សំរាម​ទៅ​បរទេស​៕ 
 

Tag:
 ចិន​
  សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com