ONE Championship
កីឡាជាតិ
ជាតិ
​កីឡាការិនី​ខ្មែរ​-​អាមេរិក ឯម សុ​វណ្ណា ត្រៀម​ឡើង​សង្វៀន ONE: Destiny of Champions
20, Nov 2018 , 7:59 am        
រូបភាព
ដោយ៖ Matias Andres

ជីវិត​របស់​កីឡា​រិ​នី​ប្រដាល់សេរី ឯម សុ​វណ្ណា (Em Sovannah) កំពុង​មមាញឹក​យ៉ាងខ្លាំង​។ នាង​មិន​ត្រឹមតែ​ត្រៀម​ឡើង​សង្វៀន ONE: DESTINY OF CHAMPIONS នៅ​ថ្ងៃ​សុក្រ ទី​៧ ខែធ្នូ ប៉ុណ្ណោះ​ទេ កីឡាការិនី​ខ្មែរ​-​អាមេរិក​រូបនេះ ក៏​នឹងត្រូវ​មកកាន់​ទឹកដី​កម្ពុជា​ជា​លើកដំបូង​ផងដែរ​។

 
​សុ​វណ្ណា អ្នក​ប្រដា​ល់វ័យ​២៦​ឆ្នាំ និយាយ​ទាំង​រំភើប​ថា​៖ «​វា​ជា​ឱកាស​ធំ​ណាស់ និយាយ​តាម​ត្រង់​ទៅ ខ្ញុំ​មិនដឹងថា​ត្រៀមខ្លួន​យ៉ាងម៉េច​ទេ តែ​ខ្ញុំ​ទន្ទឹង​ចាំ​ខ្លាំង​មែនទែន​»​។ 
 
​ការ​មក​ភ្នំពេញ​លើក​នេះ គ្រាន់តែ​ជាការ​ចាប់ផ្តើម​លើកទីមួយ  ហើយនឹង​មាន​ជា​បន្តបន្ទាប់​ទៀត​សម្រាប់​ជើង​ខ្លាំង​ខ្មែរ​-​អាមេរិក ដែលមាន​មូលដ្ឋាន​នៅ រដ្ឋកា​លី​ហ្វ​នីញ៉ា រូបនេះ​។ 
 
«​ដំបូង​ឡើយ​ខ្ញុំ​ស្មានថា​ត្រូវ​ទៅ​ម៉ាឡេស៊ី​តែម្តង ខ្ញុំ​រំភើប​ស្រាប់​ហើយ ប៉ុន្តែ​ដឹងអី​បាន​ឈប់​នៅ​កម្ពុ​ជាមុនសិន ខ្ញុំ​រឹតតែ​រំភើប​ខ្លាំង​ទៀត​»​។ 
 
​សុ​វណ្ណា មានកំណើត​នៅ​ក្រុង​ឡុង​ប៊ិច សហរដ្ឋអាមេរិក ប៉ុន្តែ​ទៅ​រស់នៅ​ក្រុង​ប៉ូ​ម៉ូ​ណា ដែលមាន​សហគមន៍​ខ្មែរ​ច្រើន​។ «​ខ្ញុំ​ធំ​ដឹងក្តី​ឡើង​ក្នុង​វប្បធម៌​ខ្មែរ ប្រ​ណិ​បត​ន៍​សាសនាព្រះពុទ្ធ ទៅ​វត្ត ហើយនឹង​ប្រារព្ធ​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​ទីនោះ ហើយ​ខ្ញុំ​ចេះ​និយាយ​ខ្មែរ​តិចៗ​ទៀត​ពេល​នៅ​តូច ប៉ុន្តែ​ដល់​ធំ​បន្តិច​ទៅ​ខ្ញុំ​រៀង​ឆ្ងាយ​បន្តិច​ពី​ប្រពៃណី​ខ្មែរ​។​»
 
​ឱកាស​ដែល​បាន​ឡើង​ប្រកួត​ក្បាច់គុន​ដ៏​ធំ​នៅ​អាស៊ី មិន​ត្រឹមតែ​ជួយ​ដល់​អាជីព​ជា​អ្នក​ប្រដាល់​នោះទេ ថែមទាំង​ជួយ​ឲ្យ​នាង​បាន​ផ្សារភ្ជាប់​ជាមួយ​ប្រជា​ជាតិខ្មែរ​របស់ខ្លួន​។ «​ខ្ញុំ​គិតថា វា​ជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​ឲ្យ​ខ្ញុំ​អាច​ផ្សាភ្ជាប់​ជាមួយ​ខ្លួនឯង​ទៅនឹង​ដើមកំណើត​របស់ខ្ញុំ​។ សង្សា​របស់ខ្ញុំ​ជនជាតិ​អ៊ីតាលី អ៊ីចឹង​ខ្ញុំ​ក៏​ទទួល​ឥទ្ធិពល​វប្បធម៌​របស់​អ៊ីតាលី​បន្តិច​ផងដែរ​។ ពេលនេះ ខ្ញុំ​ក៏​ចាប់ផ្តើម​ចង់ដឹង​ចង់​រៀន​ពី​វប្បធម៌​ខ្មែរ​ម្តងទៀត​»​។ 
 
​ថ្វីបើ ONE Championship ជាស​ង្វៀន​ប្រដាល់​លើក​ទី​៣ របស់​នាង​ក៏ដោយ ប៉ុន្តែ​ពេល​ប៉ះ​គូប្រកួត​ស្រី​ជើង​ខ្លាំង​របស់​អ៊ុយ​ក្រែ​ន​ម្តងនេះ​មិន​ស្រួល​ប៉ុន្មាន​ទេ ដោយសារ​គេ​មានបទពិសោធន៍​ក្នុង​ទ្រុង​ច្រើនជាង សុ​វណ្ណា ៦​ដង​ឯណោះ​។ 
 
​សព្វថ្ងៃ​កីឡាការិនី សុ​វណ្ណា កំពុង​ហ្វឹកហាត់​នៅ​ក្លិប​ប្រដាល់ Fight Science រដ្ឋ​ឡូ​អែន​ជែ​លែស នាង​ត្រៀម​រួចរាល់​ដើម្បី​បង្ហាញ​ពិភពលោក​នូវ​ស្នៀត​ថ្មីៗ​របស់​នាង បន្ទាប់​ការប្រកួត​កាលពី​ខែ​កុ​ម្ភះ ឆ្នាំ​២០១៧ មក ដែល​កាលនោះ​នាង​ផ្តួល​គូប្រកួត​ត្រឹមតែ ៧៩ វិនាទី​នៃ​ការប្រកួត​ប៉ុណ្ណោះ បើ​និយាយ​ពី​លើក​ទី​១​វិញ​គឺ បញ្ចប់​ឆាប់​ជា​នេះ​ទៀត​គឺ​ត្រឹម ១៨ វិនាទី​ទេ​។ 
 
​ការប្រកួត​លើស​ង្វៀន ONE ឆាប់ៗ​នេះ មិន​ត្រឹមតែ​នឹង​លើក​កេរ្តិ៍ឈ្មោះ​នាង​ឲ្យ​ខ្ពស់ត្រដែត​ថែមទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ សុ​វណ្ណា សង្ឃឹមថា​ខ្លួន​នឹងមាន​ឱកាស​បាន​ឡើង​ប្រកួត​សង្វៀន​នៅ​កម្ពុជា​នៅ​ថ្ងៃ​ណាមួយ​ផងដែរ​៕ 
 
 
 
 

Tag:
 One Championship
© រក្សាសិទ្ធិដោយ thmeythmey.com