អន្តរជាតិ
ប្រធានាធិបតី ស៊ី​៖ ចិន និង​ព្រុយ​ណេ គឺជា​មិត្តភក្តិ និង​ដៃគូ ដែល​តែង​ទុកចិត្ត​គ្នា​ទៅវិញទៅមក​
19, Nov 2018 , 11:59 pm        
រូបភាព
ដោយ:
​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​នៅ​រដ្ឋ​កោះ​ប៉ាស៊ីហ្វិក ប៉ា​ពូ​អាស៊ី ណូ​វែ​ល​ហ្គី​ណេ ដែលជា​សមរភូមិ​ផ្លែផ្កា​ពាក្យសម្តី​រវាង​អាមេរិក និង​ចិន​រួចមក លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​បន្តដំណើរ​ទស្សន​កិច្ច​ផ្លូវការ​ទៅកាន់​រដ្ឋ​សមាជិក​អាស៊ាន​ព្រុយ​ណេ​។ សម្រាប់​លោក​ប្រធានាធិបតី ព្រុយ​ណេ គឺជា​មិត្តភក្តិ និង​ដៃគូ​ដ៏​ល្អ​របស់​ចិន​អស់​រយៈពេល​ច្រើន​ទសវត្សរ៍​មកហើយ​។​


 
​លោក​ប្រធានាធិបតី ស៊ី ជិន​ភីង នៅ​ថ្ងៃ​១៨ វិច្ឆិកា បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ព្រុយ​ណេ ដែល​ទស្សនកិច្ច​នេះ ធ្វើ​ឲ្យ​លោក ក្លាយជា​ប្រមុខរដ្ឋ​របស់​ចិន​ទីមួយ​ហើយ​ដែល​បាន​មាន​វត្តមាន​នៅក្នុង​ទឹកដី​រដ្ឋ​អាស៊ីអាគ្នេយ៍​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ​រ៉ែ ក្នុង​រយៈពេល​១៣​ឆ្នាំ​មកនេះ​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua​។​
 
​នា​ជំនួប​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​របស់​ព្រុយ​ណេ លោក​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា ចិន និង​ព្រុយ​ណេ គឺជា​អ្នកជិតខាង​តាមរយៈ​ដែនសមុទ្រ​ដ៏​ជិតស្និទ្ធ ហើយក៏​ជា​មិត្តភក្តិ និង​ដៃគូ ដែល​តែងតែ​ជឿទុកចិត្ត​គ្នា​ទៅវិញទៅមក ដ្បិត​ប្រទេស​ទាំងពីរ មាន​ប្រវត្តិសាស្ត្រ​ផ្លាស់ប្តូរ​គ្នា​ជា​មិត្តភាព​យូរណាស់​មកហើយ​។ នេះ​បើតាម​ប្រភពព័ត៌មាន​ដដែល​នោះ​។ 
 
​តាម​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua នា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​នេះ លោក​ប្រធានាធិបតី ស៊ី ក៏បាន​មាន​ផែនការ​ក្នុងការ​លើកកម្ពស់​ទំនាក់​ទំនង​ទ្វេភាគី​រវាង​រដ្ឋ​ទាំងពីរ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ទាំង​លើ​ផ្នែក​ការបង្កើន​ទំនុកចិត្ត​នយោបាយ ដើម្បី​ផ្តល់​ប្រយោជន៍​ជាក់ស្តែង​ដល់​ប្រជាជន​ប្រទេស​ទាំងពីរ ក៏ដូចជា​ចូលរួមចំណែក​កសាង​សន្តិភាព និង​វិបុលភាព​នៅក្នុង​តំបន់​។​
 
​គួរ​ជម្រាប​ផងដែរ​ថា ព្រុយ​ណេ ក៏​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​អាស៊ាន ដែលមាន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយនឹង​ចិន​ផងដែរ​។ ក៏ប៉ុន្តែ ខុសពី​រដ្ឋ​ភាគី​ជម្លោះ​របស់​ប្រទេស​អាស៊ាន​ផ្សេងទៀត​ដែល​រួមមាន​ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ព្រុយ​ណេ ត្រូវបាន​គេ​ចាត់ទុកថា​ជា​រដ្ឋ​មួយ ដែល​រក្សា​ជំហរ​ស្ងប់ស្ងាត់​ក្នុងការ​តទល់​ជាមួយនឹង​ចិន​៕ 

Tag:
 ចិន​
  ព្រុយ​ណេ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com