អន្តរជាតិ
សេត​វិមាន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន CNN ចូល​យក​ព័ត៌មាន​បាន​វិញ ឯ CNN ដក​បណ្តឹង​ដែរ
20, Nov 2018 , 10:42 am        
រូបភាព
​សេត​វិមាន នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា បានប្រកាសថា ខ្លួន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​របស់​ទូរទស្សន៍ CNN ចូល​យក​ព័ត៌មាន​ក្នុង​សេត​វិមាន​វិញ​ហើយ​។ ការអនុញ្ញាត​នេះ ធ្វើឡើង​ក្រោយ​តុលាការ​អាមេរិក​បញ្ជា​ឲ្យ​សេត​វិមាន​ទទួល​លោក Jim Acosta ឡើងវិញ បន្ទាប់ពី​ត្រូវបាន​ដក​បណ្ណ​សម្គាល់​ខ្លួន​ព្រោះ​ទាស់សម្ដី​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ រហូតដល់​។ ឯ​ស្ថានីយ៍ទូរទស្សន៍ CNN វិញ ក៏បាន​ដក​ពាក្យបណ្ដឹង​របស់ខ្លួន​ដែរ​។​

 
​សំណុំរឿង​រវាង​ទូរទស្សន៍ CNN និង​សេត​វិមាន បានបញ្ចប់​ហើយដោយ CNN បាន​ដក​ពាក្យបណ្ដឹង​របស់ខ្លួន​វិញ ក្រោយ​ទទួលដំណឹង​ថា សេត​វិមាន​បានផ្ដល់​បណ្ណ​អនុញ្ញាត​ចូល​យក​ព័ត៌មាន​ឲ្យ​អ្នករាយការណ៍​របស់ខ្លួន គឺ​លោក Jim Acosta ។ យ៉ាងណាមិញ អ្នករាយការណ៍​រូបនេះ​ក៏​ទទួល​ការព្រមាន​ទុក​មុន អាច​ត្រូវ​បណ្ដេញចេញ​ម្ដងទៀត ហើយ​ហ៊ាន​ជំទាស់​វិធានការ​ថ្មី​របស់​សេត​វិមាន​សម្រាប់​អ្នកសារព័ត៌មាន​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សេត​វិមាន​ប្រកាស​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអស់​សួរ​តែមួយ​សំណួរ​ប៉ុណ្ណោះ រួច​ឲ្យ​អ្នកផ្សេង​សួរ​ម្ដង ហើយ​បើ​មាន​សំណួរ​បន្ថែមទៀត ត្រូវមាន​ការអនុញ្ញាត​ពី​ប្រធានាធិបតី ឬ​មន្ត្រី​ដែល​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​។ អ្នកនាំពាក្យ​សេត​វិមាន Sarah Sanders និយាយថា ការបង្កើត​ចំណាត់​ថ្មី​នេះ គឺ​ធ្វើ​ដោយ​ការសោកស្ដាយ ហើយ​ដោយសារ​អាកប្បកិរិយា​របស់លោក Acosta ទើប​សេត​វិមាន​សម្រេច​ឲ្យ​មាន​បញ្ញត្តិ​ថ្មី​នេះ​ឡើង​។​
 
​មុននឹង​ត្រូវ​ហាមឃាត់ លោក Acosta បាន​តតាំង​ជាមួយ​លោក ត្រាំ ក្នុង​សន្និសីទ​នា​ថ្ងៃទី ៦​ខែវិច្ឆិកា​ជុំវិញ​គោលនយោបាយ​រើសអើង​ប្រឆាំង​អន្តោប្រវេសន៍​ត្រូវបាន​ដាក់ចេញ​មុន​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ ។ លោក ត្រាំ បញ្ជា​ឲ្យ​លោក Acosta អង្គុយ​ចុះ ប៉ុន្តែ​លោក​បដិសេធ និង​មិនបាន​ឲ្យ​ក្បាល​មេក្រូ​ទៅ​ឲ្យ​បុគ្គលិក​ហាត់​ការ​នៅ​សេត​វិមាន​វិញ​ឡើយ និង​ព្យាយាម​សួរ​ប្រធានាធិបតី​បន្ថែមទៀត​។ ពេលនោះ បុគ្គលិក​ហាត់​ការ​នោះ​ព្យាយាម​ដណ្តើមយក​ក្បាល​មេក្រូ​ពី​លោក Acosta មកវិញ​។​
 
​ក្រោយ​ហេតុការណ៍​នេះ CNN បានសម្រេច​ដាក់ពាក្យ​ប្តឹង​ជា​ផ្លូវការ​ដោយ​ចោទថា រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បំពាន​សេរីភាព​សារព័ត៌មាន​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ជាច្រើន​ឈរ​នៅ​ខាង CNN រាប់ទាំង​ទូរទស្សន៍ Fox News ដែលជា​សំណព្វចិត្ត​របស់លោក ត្រាំ ផង​។ 
 
​ជុំវិញ​វិធានការ​ថ្មី លោក​ប្រធានាធិបតី ត្រាំ បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ហើយ​ថា បញ្ញត្តិ​ថ្មី​ត្រូវបាន​សរសេរ​ដើម្បី​គ្រប់គ្រង​ការធ្វើ​សន្និសីទ​សារព័ត៌មាន​របស់​សេត​វិមាន​។ ជារឿយៗ ក្រុមមន្ត្រី​សេត​វិមាន​បាន​អះអាងថា ប្រធានាធិបតី ឬ​មន្ត្រី​ដែល​ធ្វើ​សន្និសីទ​សារព័ត៌មាន តែង​ទទួលបាន​សំណួរ​ដែល​ពិបាក ហើយ​អ្នកសារព័ត៌មាន​ខ្លះ​ដូចជា​លោក Acosta ជាដើម​នោះ ក៏មាន​អាកប្បកិរិយា​លើសលោះ​ខ្លាំង​ទៅទៀត​៕ 
 

Tag:
 អាមេរិក​
  CNN
  Jim Acosta
© រក្សាសិទ្ធិដោយ thmeythmey.com