កីឡាជាតិ
ជាតិ
AFF Suzuki Cup៖ កម្ពុជា​ត្រូវការ​ឈ្នះ​ឡាវ​នៅ​ល្ងាច​នេះ ដើម្បី​បន្ត​ក្តីសង្ឃឹម​
20, Nov 2018 , 11:26 am        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​ភ្ញៀវ​ឡាវ សម្រាប់​ជំនួប​វគ្គ​ជម្រុះ​ពូ​ល A នៃ​ពានរង្វាន់ AFF Suzuki Cup នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ កម្ពុជា​ត្រូវការ​ឈ្នះ​ឡាវ​ជា​ចាំបាច់​នៅថ្ងៃនេះ បើ​ពុំ​នោះទេ​នឹង​អស់​ឱកាស​ឡើងទៅ​បន្ត ទោះបី​នៅសល់​មួយ​ប្រកួត​ទៀត​ក៏ដោយ​។​

 
​ទោះបី​វា​ជំនួប​បង្គ្រប់កិច្ច​សម្រាប់​ក្រុម​ឡាវ តែ​វា​ជាការ​ប្រកួត​មួយ​ដ៏​សំខាន់​សម្រាប់​កម្ពុជា ពោលគឺ​កម្ពុជា​ត្រូវ​ឈ្នះ​ជា​ចាំបាច់​នៅថ្ងៃនេះ ដើម្បី​ទទួលបាន​៣​ពិន្ទុ​សម្រាប់​បន្ត​ក្តីសង្ឃឹម​ក្នុងការ​ឈានទៅ​វគ្គ​បន្ត​។ ក្នុងករណី​ចាញ់​ឬ​ស្មើ​ឡាវ នោះ​កម្ពុជា​នឹង​ក្លាយជា​ក្រុមទី​២ ដែល​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ AFF Suzuki Cup បន្ទាប់ពី​ឡាវ​។​
 
​សម្រាប់​ការប្រកួត​កន្លងមក​ក្រុម​ទាំងពីរ​សុទ្ធតែ​មិនទាន់​ស្គាល់​ជ័យជម្នះ​ដូចគ្នា ដោយ​កម្ពុជា​បាន​ចាញ់​ម៉ាឡេស៊ី ១-០ ក្នុងជំនួប​ទី​១​និង​បន្ត​ចាញ់​មី​យ៉ាន់​ម៉ា ៤-១ ក្នុងជំនួប​ទី​២ ខណៈ​ឡាវ​ចាញ់​វៀតណាម ៣-០ មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ៣-១ ដូចគ្នា​។ បច្ចុប្បន្ន​កម្ពុជា​ស្ថិតនៅ​លេខ​៤​ក្នុង​តារាង រីឯ​ឡាវ​ស្ថិតនៅ​បាត​តារាង​មាន​០​ពិន្ទុ​ដូចគ្នា​។​
 
​បើតាម​ប្រវត្តិ នេះ​ជាការ​ជួបគ្នា​លើក​ទី​១៤​រវាង​ក្រុម​ទាំងពីរ បើ​គិត​តាំងពី​ឆ្នាំ​១៩៧១​។ សម្រាប់​ការជួបគ្នា​កន្លងមក​កម្ពុជា​ធ្លាប់​យកឈ្នះ​ឡាវ​៥ ចាញ់​៥ និង​ស្មើ​៣​។ ការជួបគ្នា​ពីរលើក​ចុងក្រោយ​កម្ពុជា​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ខែមិថុនា ឆ្នាំ​២០១៥ និង​យកឈ្នះ ២-១ ក្នុង​វគ្គ​ជម្រុះ AFF Championship ក្នុងអំឡុង​ខែតុលា ឆ្នាំ​២០១៦​។​
 
​នៅ​ពូ​ល A នេះដែរ ក្រុម​មី​យ៉ាន់​ម៉ា​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន Thuwanna Youth Training Centre Stadium ស្វាគមន៍​វៀតណាម​នៅ​ម៉ោង​៥:៣០​នាទី​ល្ងាច​(​ម៉ោង​នៅ​កម្ពុជា​)​។ នេះ​ជា​ជំនួប​ប្រជែង​ដណ្តើម​កំពូល​តារាង ខណៈ​បច្ចុប្បន្ន​មី​យ៉ាន់​ម៉ា​កំពុង​គ្រង​តំណែង​នេះ និង​វៀតណាម​ឈរ​លេខ​២​ដោយមាន​៦​ពិន្ទុ​ស្មើគ្នា​។ បើសិន​ក្រុម​ទាំងពីរ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើគ្នា នោះ​កម្ពុជា​នឹង​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​នេះ ទោះបី​កម្ពុជា​យកឈ្នះ​ឡាវ​ក៏ដោយ​៕  
 

Tag:
 បាល់ទាត់​
  AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com