កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao តទល់ជាមួយ Broner ដើម្បីការពារខ្សែក្រវាត់ WBA ថ្ងៃទី១៩ ខែមករា
× ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao បានប្រកាសនៅថ្ងៃទី១៩ ខែវិច្ឆិកាថានឹងឡើងវាយជាមួយកីឡាករអាមេរិក Adrien Broner ដើម្បីការពារខ្សែក្រវាត់ទម្ងន់មធ្យម WBA របស់ខ្លួន នៅសង្វៀន MGM Grand Garden Arena បន្ទាប់ពីអវត្តមានរយៈពេលពីរឆ្នាំក្នុងការបង្ហាញខ្លួននៅទឹកដីអាមេរិក។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅឯសន្និសីទកាសែតមួយនៅទីក្រុងញូវយ៉កក្រុមមន្ត្រីចាត់ចែងការប្រកួតកីឡាប្រដាល់សកលបញ្ជាក់ថា Pacquaio ដែលបច្ចុប្បន្នអាយុ ៣៩ ឆ្នាំនឹងតទល់ជាមួយ Broner នៅក្រុង Las Vegas សហរដ្ឋអាមេរិក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩។
Pacquiao ជាជើងឯកទម្ងន់មធ្យមរបស់សមាគមកីឡាប្រដាល់ពិភពលោក WBA ក្រោយផ្តួលកីឡាករ Lucas Matthysse របស់អាហ្សង់ទីនកាលពីខែកក្កដាកន្លងទៅ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
សមាជិកព្រឹទ្ធសភាហ្វីលីពីនរូបនេះថា៖«ខ្ញុំបានខកខានប្រយុទ្ធនៅ Las Vegas មួយរយៈពេលមកហើយ វាជាផ្ទះទីពីររបស់ខ្ញុំ។ ការវិលត្រឡប់ទៅកាន់សង្វៀន MGM Grand Garden Arena ដើម្បីការពារខ្សែក្រវាត់ពិភពលោករបស់ខ្ញុំទល់នឹង Adrien Broner គឺជាវិធីដ៏គួរឲ្យរំភើបមួយដើម្បីរៀបចំការវិលត្រឡប់នេះ»។
Pacquiao មានប្រវត្តិប្រកួតឈ្នះ ៦០ដង ចាញ់៧ និងផ្តួលដៃគូឲ្យសន្លប់ ៣៩ លើកក្នុងអាជីពជាកីឡាប្រដាល់ចាប់តាំងពីឆ្នាំ ១៩៩៥។ ចំណែកកីឡាករអាមេរិក Broner វ័យ២៩ឆ្នាំ ធ្លាប់ប្រកួត៣៨ដង ឈ្នះ៣៣ ចាញ់៣ និងស្មើម្តង និងផ្តួលដៃគូមិនឲ្រតដៃរួច២៤លើក។៕
Tag:
ប្រដាល់
WBA
Adrien Broner
Manny Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com