ឃាតកម្មលើអ្នកកាសែត Jamal Khashoggi បានក្លាយជាវិញ្ញាសាដ៏គ្រោះថ្នាក់មួយក្នុងការវាស់ស្ទង់ទំនាក់ទំនងរវាអាមេរិក និងអារ៉ាប៊ីសាអូឌីត។ ប្រធានាធិបតី ដូណាល់ ត្រាំ វិញ កំពុងដើរផ្លូវបំបែក បន្ទាប់ពីទីភ្នាក់ងារចារកម្មកណ្ដាល (CIA) រកឃើញថា រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ដែលគេស្គាល់ជាទូទៅថា MBS ជាអ្នកនៅពីក្រោយខ្នងឃាតកម្មនេះ។ តើលោក ត្រាំ ដែលព្យាយាមមិននិយាយអ្វីលើបញ្ហានេះ គួរស្ដាប់តាមរបាយការណ៍ CIA ឬបន្តការពារក្រុងរីយ៉ាដដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ និងជាម៉ូយអាវុធដ៏ធំផង?
តាំងពីករណីឃាតកម្មលើអ្នកសារព័ត៌មាន Washington Post ថ្ងៃទី២ ខែតុលាមក ប្រធានាធិបតី ដូណាល់ ត្រាំ បានរក្សាភាពមិនមាត់មិនកអ្វីឡើយ។ លោក Kashoggi ដែលជាអ្នកកាសែតអារ៉ាប៊ីសាអូឌីតជើងចាស់ ត្រូវបានសម្លាប់ក្នុងកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងអ៊ីស្តង់ប៊ុល ហើយសាកសពក៏កាត់ជាចំណែក ដែលរហូតមកដល់ពេលនេះមិនទាន់រកឃើញសាកសពនៅឡើយ។ ក្រោមសម្ពាធអន្តរជាតិ ក្រុងរីយ៉ាដចាប់ខ្លួនមនុស្សមួយចំនួនផងដែរ។
ទោះចាប់បានជនជាតិសង្ស័យក្ដី ហើយអាមេរិកក៏ដាក់ទណ្ឌកម្មលើបុគ្គលពាក់ព័ន្ធចំនួន១៧នាក់ក៏ដោយ ទាំងអាមេរិក ទាំងអារ៉ាប៊ីសាអូឌីតមិនបានបង្ហាញឈ្មោះមេខ្លោងនៅពីក្រោយឡើយ។ ប៉ុន្តែរជ្ជទាយាទ Mohammed bin Salman (MBS) បានក្លាយជាមុខសញ្ញាធំជាងគេ។ សូម្បីតែទីភ្នាក់ងារចារកម្មអាមេរិក CIA ក៏ជឿជាក់ថា ទ្រង់ MBS ពិតជាមានជាប់ទាក់ទងក្នុងសំណុំរឿងដ៏កក្រើកមួយនេះដែរ។
របាយការណ៍របស់ CIA ធ្វើឲ្យលោក ត្រាំ ជួបបញ្ហាខ្លាំង ហើយត្រូវមានការសម្រេចចិត្តដ៏គ្រោះថ្នាក់ផង។ នេះក៏ព្រោះតែលោកប្រធានាធិបតីអាមេរិកមានទំនាក់ទំនងស្អិតល្មួតជាមួយអារ៉ាប៊ីសាអូឌីត និងមានជំហរស្របគ្នាលើប្រធានបទសំខាន់ៗដូចជាសំណុំរឿងអ៊ីរ៉ង់ និងការរក្សតម្លៃប្រេងឆៅជាដើម។ កូនប្រសាររបស់លោក ត្រាំ គឺលោក Jared Kushner ត្រូវដឹងថា មានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយនឹងព្រះអង្គម្ចាស់ MBS ទៅទៀត។
បន្តនៅស្ងៀម ឬស្តាប់តាម CIA សុទ្ធតែបញ្ហា
តាមពិតទៅ លោក ត្រាំ មានផ្លូវដើរពីរ គឺបន្តរក្សាការស្ងៀមស្ងាត់ដើម្បីការពារសម្ព័ន្ធភាពជាមួយអារ៉ាប៊ីសាអូឌីត និងទទួលយករាល់ការលើកឡើងរបស់ក្រុងរីយ៉ាដលើករណីឃាតកម្មលោក Kashoggi ឬប្រថុយមួយពេលដោយទទួលយកលទ្ធផលរបស់ CIA ដែលថា រជ្ជទាយាទវ័យក្មេងរបស់អារ៉ាប៊ីសាអូឌីត ជាអ្នកបញ្ជាឲ្យសម្លាប់លោក Kashoggi ។ ទោះជាដើរលើផ្លូវបែបនេះ លោក ត្រាំ សុទ្ធតែរងបញ្ហាប្រឈមមុខទាំងអស់។
លោក ត្រាំ អាចទទួលការវាយតម្លៃរបស់ CIA ហើយធ្វើតាមការចង់បានរបស់សភាអាមេរិក ដែលចង់បានលើសពីអ្វីដែលអារ៉ាប៊ីសាអូឌីតបញ្ចេញរួចហើយ។ ជម្រើសនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងរីយ៉ាដល្អក់កករមិនខាន ហើយក៏មានន័យថា អាមេរិកលែងធ្វើការជាមួយរជ្ជទាយាទ MBS ដែរ។ ផ្ទុយពីនេះ លោកមានតែបន្តកាំទ្ររាជបុត្រតអារ៉ាប៊ីសាអូឌីតទៀត ដោយមិនខ្វល់ពាក្យរិះគន់ក្នុងស្រុកទេ។
លែងធ្វើការជាមួយទ្រង់ MBS ជាជម្រើសដ៏ពិបាក តែក៏មិនមែនន័យថា អាមេរិកឈប់ចាប់ដៃអារ៉ាប៊ីសាអូឌីត។ លោកស្រី Michele Dunne អ្នកជំនាញកិច្ចការមជ្ឈិមបូព៌ាបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា រជ្ជទាយាទ MBS មិនមែនជាអារ៉ាប៊ីសាអូឌីត ឯអារ៉ាប៊ីសាអូឌីតក៏មិនមែនជា MBS ដែរ។ បានន័យថា ទោះជាមានរឿងអ្វីកើតឡើង សម្ព័ន្ធភាពរឹងមាំនេះនៅតែមានដដែល តែព្រះអង្គម្ចាស់ MBS អាចជួបវិបត្តិក្នុងស្រុកដែលអាចឈានដល់ការអស់តំណែងផងក៏មិនដឹង។
បើបន្តធ្វើមិនដឹងមិឮ លោក ត្រាំ ខ្លួនឯងនឹងប្រឈមមុខជាមួយរដ្ឋសភាដែលកំពុងកាន់កាប់ដោយក្រុមប្រជាធិបតេយ្យ។ រដ្ឋសភាអាមេរិកមិនសសូវរីករាយប៉ុន្មានឡើយនឹងប្រតិកម្មរបស់លោក ត្រាំ លើករណីឃាតកម្មនេះ។ បើប្រធានាធិបតីមិនធ្វើអ្វី សភាអាចចាត់វិធានការផ្សេងដែលអាចប៉ះពាល់ទំនាក់ទំនងទ្វេភាគីដូចជាការហាមឃាត់ការលក់អាវុធទៅឲ្យមហាអំណាចមជ្ឈិមបូព៌ានេះជាដើម។ លោក ត្រាំ ទំនងមិនរីករាយបើវាកើតឡើងមែននោះ៕