អន្តរជាតិ
ប្រមុខ​ការទូត​ចិន​៖ APEC គ្មាន​សេចក្ដីថ្លែងការណ៍ ព្រោះ​ប្រទេស​ខ្លះ​ចង់​បញ្ចូល​គំនិត​គាំពារ​និយម​
20, Nov 2018 , 8:59 pm        
រូបភាព
​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) បញ្ចប់​ទៅដោយ​គ្មាន​សេចក្តីថ្លែងការណ៍​អ្វី​ឡើយ​។ ការខ្វែងគំនិត​គ្នា​រវាង​អាមេរិក និង​ចិន​លើ​ការធ្វើ​ពាណិជ្ជកម្ម ជា​មូលហេតុ​ធំ​រហូតដល់​ថ្នាក់​ម្ចាស់ផ្ទះ​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ ចាត់ទុកជា​ជម្លោះ​រវាង​យក្ស​ពីរ​ទៅទៀត​។ យ៉ាងណាមិញ ប្រមុខ​ការទូត​ចិន វ៉ាង យី អះអាងថា ការណ៍​ដែល​គ្មាន​សេចក្ដីថ្លែងការណ៍​នេះ ក៏​ព្រោះតែ​ប្រទេស​ខ្លះ​ចង់​បញ្ចូល​គំនិត​គាំពារ​និយម និង​ឯកតោភាគី​និយម​។​

 
​ជំនួប APEC ដែល​ធ្វើឡើង​នៅ​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ ក្លាយជា​វេទិកា​រិះគន់​គ្នា​រវាង​មេដឹកនាំ​នៃ​មហាអំណាច​សេដ្ឋកិច្ច​អាមេរិក​ដែលមាន​អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន ជា​តំណាង និង​ចិន​ដែលមាន​ប្រធានាធិបតី ស៊ី ជិន​ភីង ចូលរួម​ដោយផ្ទាល់​។ ជម្លោះ​រវាង​មហាអំណាច​ទាំងពីរ ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការចេញ​សេចក្ដីថ្លែងការណ៍​លើកទីមួយ ចាប់តាំងពី​ការកកើត APEC ក្នុង​ឆ្នាំ​១៩៨៩ មក​។ នាយករដ្ឋមន្ត្រី​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ លោក Peter O'Neill បាន​ត្រឹម​ចេញ​សេចក្ដីថ្លែងការណ៍​ប្រធាន​កិច្ចប្រជុំ​។​
 
​ខណៈ​គេ​នាំគ្នា​ចង្អុល​ចិន និង​អាមេរិក​ជា​មេ​នាំ​ហេតុ​មិន​ឲ្យ​មាន​សេចក្ដីថ្លែងការណ៍​ចេញរួច​នោះ រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី មិនបាន​បដិសេធ​ឡើយ តែ​បាន​និយាយថា សេចក្ដីថ្លែងការណ៍​ចេញ​មិន​រួច​ព្រោះ​ប្រទេស​ខ្លះ​មិន​ទទួលយក​សំណើ​ចិន​។ ក្នុង​សេចក្ដីប្រកាស​ដែល​ផ្សាយ​ដោយ​កាសែត​ហុងកុង South China Morning Post នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា លោក វ៉ាង លើកឡើងថា សំណើ​របស់​ចិន និង​សមាជិក​ផ្សេងទៀត​ទៅក្នុង​សេចក្ដីព្រាង​សេចក្ដីថ្លែងការណ៍ ត្រូវបាន​ប្រទេស​ខ្លះ​បដិសេធ​។​
 
​បើតាម​ប្រមុខ​ការទូត​ចិន ប្រទេស​ទាំងនោះ​ចង់​បញ្ចូល​សំណើ​របស់ខ្លួន​ទៅក្នុង​សេចក្ដីថ្លែងការណ៍ ដោយបាន​ជំរុញ​ចរន្ត​គាំពារ​និយម និង​ឯកតោភាគី​និយម​។ លោក វ៉ាង អះអាងថា សកម្មភាព​ទាំងនោះ បង្កើតជា​ការមិន​ពេញចិត្ត​ក្នុងចំណោម​សមាជិក APEC ផ្សេងទៀត​រាប់ទាំង​ចិន​ផង ហើយក៏​មិន​ស្របតាម​គោលការណ៍​កុងសង់ស៊ីស​របស់ APEC ទៅទៀត ខណៈ​គោលការណ៍​នេះ ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​អនុវត្ត​ការងារ​។​
 
​ខណៈ​សំណើ​ចិន​ត្រូវបាន​បដិសេធ​នោះ ចិន​ខ្លួនឯង​ក៏​ទាត់ចោល​សំណើ​របស់​ប្រទេស​ផ្សេង ដែល​ទំនងជា​អាមេរិក​។ ក្រុង​ប៉េកាំង​ប្រឆាំង​ដាក់បញ្ចូល «​ការអនុវត្ត​ពាណិជ្ជកម្ម​ដោយ​មិន​យុត្តិធម៌​» ទៅក្នុង​សេចក្ដីថ្លែងការណ៍​បញ្ចប់​កិច្ចប្រជុំ​។ ពាក្យ​នេះ​អាមេរិក​ជា​អ្នក​ប្រើ​ដើម្បី​រិះគន់​ចិន​ជុំវិញ​ការ​រឹតត្បិត​ទីផ្សារ ការបង្ខំ​ឲ្យ​ផ្ទេរ​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន​បរទេស​ទៅ​ឲ្យ​ក្រុម​ហ៊ុ​ចិន ការឧបត្ថម្ភ​ធន​របស់​រដ្ឋាភិបាល និង​ការ​លួច​កម្មសិទ្ធិបញ្ញា​ជាដើម​។​
 
​តាមពិតទៅ ចិន​និង​អាមេរិក​កំពុង​ស្ថិតក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ដ៏​ក្តៅគគុក ហើយ​មហាអំណាច​ទាំងពីរ​នេះ​ក៏​កំពុង​ព្យាយាម​ប្រជែង​អំណាច​គ្នា​ខ្លាំង​ផង​នៅក្នុង​តំបន់​ទាំងមូល​។ ប៉ុន្តែ​គេ​រំពឹងថា ភាគី​ទាំងពីរ​នឹង​អាច​រក​ច្រកចេញ​ឃើញ​ដើម្បី​ធានាថា ជម្លោះ​នេះ​មិន​បន្ត​អូសបន្លាយ​ទៅមុខ​យូរអង្វែង​ទេនោះ​។ លោក ស៊ី និង​លោក ត្រាំ នឹង​ជួប​ពិភាក្សាគ្នា​ទ្វេភាគី​ដើម្បី​ដោះស្រាយ​ជម្លោះ​នេះ​នៅក្នុង​ប្រជុំ​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​ម្ភៃ (G20)​ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​អា​ហ្ស​ង់​ទីន​ចុងខែ​នោះ​៕

Tag:
 APEC
  អាមេរិក​
  ចិន​
  វ៉ាង យី​
© រក្សាសិទ្ធិដោយ thmeythmey.com