ជាតិ
បទយកការណ៍ / បទសម្ភាសន៍
«​ផា​សិន​» ខ្មែរ និង​វៀតណាម កំពុង​ប្រជែង​គ្នា​នៅលើ​ទីផ្សារ​កម្ពុជា​
20, Nov 2018 , 4:01 pm        
រូបភាព
​មណ្ឌល​គី​រី​៖ បច្ចុប្បន្ន កម្ពុជា កំពុង​នាំចូល​ផ្លែ​«​ផា​សិន ឬ​ផ្លែក្រូច​វល្លិ​» ពី​ប្រទេស​វៀតណាម​៥​តោន​ក្នុង​មួយថ្ងៃ ដើម្បី​យកមក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ខណៈ​កម្ពុជា​អាច​ផ្គត់ផ្គង់​បានតែ​៥​តោន​។ ការនាំ​ចូល​ផ្លែ​«​ផា​សិន​» ពី​ប្រទេសជិតខាង​ច្រើន​នេះ វា​ជា​រឿង​មួយ​ដែល​ត្រូវ​យកចិត្តទុកដាក់​ផងដែរ​។​

 
​លោក យ៉ង សាំង​កុមារ ដែលជា​អ្នកជំនាញ​កសិកម្ម និង​ជា​ស្ថាបនិក​អង្គការ​សេ​ដាក បាន​និយាយថា កម្ពុ​ជាមាន​តម្រូវការ​ផ្លែ​«​ផា​សិន​» ចំនួន​១០​តោន​ក្នុង​មួយថ្ងៃ ខណៈ​កសិកម្ម​នៅ​កម្ពុជា អាច​ផ្គត់ផ្គង់​តម្រូវការ​នេះ បានតែ​៥​តោន​ប៉ុណ្ណោះ​។  នេះ​គឺជា​មូលហេតុ​ដែល​នាំ​ឲ្យ​កម្ពុជា ត្រូវការ​នាំចូល​ផ្លែ​ផា​សិន ពី​វៀតណាម​មក​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​បន្ថែម​។​

ស្តាប់សំឡេងលោក យ៉ង សាំងកុមារ


 
 
​ថ្លែង​ចំពោះមុខ​អ្នកកាសែត ក្នុង​ចម្ការ​ផ្លែ​ផា​សិន របស់​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ព្នង ក្នុង​ឃុំ​ដាក់​ដាំ ខេត្ត​មណ្ឌល​គី​រី អ្នកជំនាញ​កសិកម្ម​រូបនេះ បាន​និយាយថា​៖«​បើតាម​យើង​ដឹង យើង​យកតាម​តួលេខ​នាំចូល​ពី​ខាងក្រៅ ពី​វៀតណាម​ក្នុង​មួយថ្ងៃ គឺ​៥​តោន ។ ប៉ុន្តែ​បើ​យើង​និយាយ​តាម​តម្រូវការ ប្រហែលជា​១០​តោន​»​។​


 
​ដោយសារតែ​មើលឃើញ​ពី​បញ្ហា​នាំចូល ទើប​ស្ថាបនិក​អង្គការ​សេ​ដាក​រូបនេះ ជំរុញ​ឲ្យ​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ខេត្ត​មណ្ឌល បង្កើន​របរ​កសិកម្ម​ដាំ​ផ្លែ​ផា​សិន​សរីរាង្គ​ឲ្យ​បាន​ច្រើន ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក និង​អាច​នាំ​ចេញទៅ​ក្រៅប្រទេស នាពេល​អនាគត​។​
 
«​ទីមួយ នៅ​មណ្ឌល​គី​រី​នេះ ក្រៅពី​ការដាំ​(​ផ្លែ​ផា​សិន​)​របស់​ពលរដ្ឋ​ជនជាតិដើម ក៏មាន​កសិករ​យើង​មក​វិនិយោគ​ជា​ឯកជន​ផងដែរ ។ ណាមួយ​នៅ​តំបន់​ផ្សេងៗ​ទៀត ខ្ញុំ​ក៏បាន​ជំរុញ​ឲ្យ​មាន​ការដាំ​កាន់តែច្រើន ឧទាហរណ៍​នៅ​តំបន់​ថ្មបាំង ខេត្តកោះកុង ឲ្យ​ដាំ​នៅ​ខាង​កំពង់ស្ពឺ ខាង​បាត់ដំបង និង​កំពត ហើយ​យើង​បានរៀបចំ​ឲ្យ​មាន​ជា​សហគមន៍​ដាំ​ក្រូច​វ​ល្លិ៍ (​ផា​សិន​)​នេះ ឲ្យ​ទៅជា​បណ្ដាញ​ហើយ​។ ដូច្នេះ​ក្រៅពី​ជំរុញ​ជនជាតិដើម​ភាគតិច យើង​ក៏បាន​ពង្រីក​ឲ្យ​មាន​ការដាំ ជាមួយ​កសិករ​យើង​ផ្សេងទៀត​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក យ៉ង សាំង​កុមារ ដែល​បាន​បន្ថែមថា ការជំរុញ​ឲ្យ​កសិករ​ដាំ​ផ្លែ​ផា​សិន​នេះ ជាការ​ទប់ស្កាត់​ការនាំ​ចូល​ពី​ប្រទេសជិតខាង​មួយផ្នែក​ផងដែរ​។​


 
​បច្ចុប្បន្ននេះ មាន​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​២០​គ្រួសារ នៅ​ខេត្ត​មណ្ឌល កំពុង​ធ្វើ​កសិកម្ម​លើ​ផ្លែ​ផា​សិន​នេះ ដែល​អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក បាន​ចំនួន​តែ​១​តោន​ប៉ុណ្ណោះ​។ បើតាម​អ្នកជំនាញ​រូបនេះ កម្ពុជា​នឹង​អាចមាន​ទីផ្សារ​ផ្លែ​ផា​សិន សម្រាប់​ផ្គត់ផ្គង់​នៅក្នុង​ស្រុក​គ្រប់គ្រាន់​តាម​តម្រូវការ ហើយក៏​អាច​នាំ​ចេញទៅ​ក្រៅប្រទេស​បាន​ផងដែរ នៅក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ​។​

អត្ថបទទាក់ទង
 
​ដើម្បី​ទទួលបាន​ព័ត៌មាន​ផលិតផល​អត្តសញ្ញាណ​ប្រចាំខេត្ត និង​ផលិតផល​កសិកម្ម​ទូទាំង​២៥​រាជធានី​-​ខេត្ត សូមមេត្តា​ចុច Download for iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv
 

 

© រក្សាសិទ្ធិដោយ thmeythmey.com